ភ្នំពេញ៖រយៈពេលជាង១ខែហើយ ដែលមាស សុខសោភា បានចាកចេញពីរាម ហើយការប្រកាសរបស់នាងដំបូងដោយតាំងចិត្តថានៅឆ្នាំ២០២៣ នេះមិនទៅចូលផលិតកម្មណាទេគឺធ្វើបទចម្រៀងដោយខ្លួនឯងជាថ្មីនៅផលិតកម្មCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាការសន្យារបស់សុខសោភា បែបនេះគឺគ្រាន់តែជាសារជូនដំណឹងឬដើម្បីបើកផ្លូវឲ្យផលិតកម្មផ្សេងទៀតដែលចង់បាននាងចូលមកចចារអំឡុងពេលនេះប៉ុណ្ណោះ ហើយបើត្រូវនឹងល័ក្ខខណ្ឌដែលនាងចង់បានគឺនាងនិងទៅចូលរួម។ប្រភពបានឲ្យដឹងថាក្នុងចំណោមផលិតកម្មទាំង៣នោះគឺហង្សមាស ,ថោន និងGalaxy នោះគឺមានតែGalaxy ១ទេ ដែលមានភាគរយខ្ពស់ក្នុងការដែលទទួលបានសុខសោភា ព្រោះហង្សមាសដែលធ្លាប់ចង់បាននាងមកធ្វើជាសមាជិករបស់ខ្លួនជាង១០ឆ្នាំមកហើយតែបរាជ័យនោះពេលនេះមិនមានភាគរយខ្ពស់ដែលនាងនឹងទៅចូលរួមឡើយ ក្រោយផលិតកម្មនេះភ្លាត់ស្នៀតឲ្យតារាប្រុសសំខាន់របស់ខ្លួនទាំងពីរគឺលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ចាកចេញ។

ដោយឡែកសម្រាប់ថោន ដែលសុខសោភា ធ្លាប់ជ្រកជិត១០ឆ្នាំនោះ អតីតអ្នកគ្រប់គ្រងផលិតកម្មនេះលោកករុណា ពេជ្រ ធ្លាប់អះអាងថាសោភា នៅតែអាចក្លាយទៅជាតារារបស់ផលិតកម្មនេះជាថ្មីនៅថ្ងៃណាមួយ ពោលគឺថោន បើកទ្វារស្វាគមន៍នាងជានិច្ចនោះត្រូវបានសោភា អះអាងថានាងគ្មានបំណងវិលវិញឡើយ ។តែសោភា មិនដែលនិយាយថាដាច់ខាតនាងមិនទៅGalaxy នោះទេ គ្រាន់តែនាងថាផលិតកម្មមួយនេះអស់ដែលទាក់ទងនាងម្ដងណាទេ។អ្នកធ្វើភ្លេង(Composer)របស់ហង្សមាសម្នាក់បាននិយាយដោសុំមិនឲ្យដាក់ឈ្មោះថាប្រសិនបើមាស សុខសោភា ទៅGalaxy មែនហើយនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះច្បាស់ណាស់ថា គ្មានតារាស្រីណាម្នាក់អាចប្រជែងជាមួយនាងបានឡើយ។ប៉ុន្ដែសុខសោភា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម័យនេះទៅហើយ ទោះជាច្រៀងដោយអត់ផលិតកម្មក៍នៅតែល្បីបានដែរ។

គូរបញ្ជាក់ថាក្នុងអាជីពចម្រៀងជាង១០ឆ្នាំមាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មច្រៀងជាច្រើនលើកច្រើនសារមកហើយក្នុងនោះមានដូចជារស្មីស្ទឹងសង្កែ,U2 ,សាន់ដេ,M ,ថោន និងរាម ហេតុនេះគេរងចាំមើលថាតើទ្រនុំទី៧របស់សោភា ជាផលិតកម្មGalaxy ឬហង្សមាស? មូលហេតុតារាវ័យជាង៤០ឆ្នាំរូបនេះចូលចិត្តប្ដូរផលិតកម្មច្រៀងដោយសារតែនាងចង់ស្វែងយល់នូវបទពិសោធន៍ថ្មីៗក្នុងសិល្បៈ ខណៈនាងផ្ទាល់និយាយថាFan ជឿរជាក់លើនាងថាទោះនាងទៅច្រៀងនៅផលិតកម្មណាក៍ល្បីដែរ ហេតុនេះហើយទាំងនេះជាកត្តា១ដែលនាងមិនខ្លាចផ្លាស់ប្ដូរក្រុមហ៊ុនច្រៀងនោះទេ ហើយក៍អត់បារម្ភថាចេញពីផលិតកម្មចាស់ទៅផលិតកម្មថ្មីច្រៀងលែងល្បីឬប្រឈមធ្លាក់ចុះនោះដែរ។

ប៉ុន្ដែគេអាចសន្និដ្ឋានបានថាមូលហេតុដែលសុខសោភា មិនបន្ដច្រៀងឆ្នាំទី៣ឲ្យរាម ព្រោះតែនាងមិនអាចសម្រេចផែនការណ៍ចង់បានរបស់ខ្លួនកាលពីឆ្នាំ២០២២ ដែលធ្លាប់ប្រកាសថានឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងប្លែកនិងប្រែប្រួលបំផុតនាឆ្នាំនោះ តែទីបំផុតនាងមិនអាចធ្វើទៅរួច បើទោះជាជុំវិញការចាកចេញរបស់សោភា ពីផលិតកម្មដែលនាងនិងថៅកែស្រីស្និតស្នាលគ្នាខ្លាំងនោះត្រូវបានអ្នកតំណាងរាម បដិសេធធ្វើការអត្ថាធិប្បាយក្ដី។សម្រាប់អ្នកជំនាញសិល្បៈបានព្យាករណ៍ថាសុខសោភា នឹងមិនអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនបានជារៀងរហូតដោយមិនចូលផលិតកម្មថ្មីនោះទេ ព្រោះថាការតំណើរការផលិតកម្ម១ទៅបានគឺទាមទារឲ្យមានធនធានមនុស្សល្អ និងរចនា សម្ព័ន្ធច្បាស់លាស់ផងដែរទើបអាចទៅរួច។ពួកគេលើកឡើងថាសុខសោភា ប្រាកដជានឹងទៅចូលរួមនៅផលិតកម្មថ្មីមុនឆ្នាំ២០២៤ ប្រសិនបើក្រុមហ៊ុននោះនាងមើលឃើញថាអាចនឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលើទីផ្សារមានការប្រែប្រួលនិងប្រកួតប្រជែងឡើងវិញបាន៕
