ភ្នំពេញ៖តារាចម្រៀងថោនកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានធ្វើខួបកំណើតគម្រប់អាយុ២៥ឆ្នាំ នៅផ្ទះរបស់នាងផ្ទាល់តែម្ដងនៅបូរីជីពម៉ុង៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ កាលពីរាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដោយមានភ្ញៀវប្រមាណជិត៩០នាក់ចូលរួម ក្នុងនោះមានភាគច្រើនជាតារាដូចជាអ្នកនាងប៉ាច គីមមួយ,ទេព បូព្រឹក្ស,ជីជី ,ម៉ា ដូណា និងV.J ដាដា ជាដើម។



ស្រីស្អាតបេប៊ី បានប្រាប់”នគរធំ”ថាចំពោះមូលហេតុដែលនាងមិនធ្វើខួបឆ្នាំនេះនៅហាងកាហ្វេរបស់នាងដូចឆ្នាំមុនៗនោះគឺព្រោះតែតាំងពីនាងបានមករស់នៅផ្ទះថ្មីនៅទីនេះអត់ដែលមានកម្មវិធីនៅផ្ទះ ហេតុនេះចង់ឲ្យមិត្តភក្ដិស្គាល់ផ្ទះផង និងចង់បានរាសីល្អ ឆ្នាំថ្មីផងទើបនាងសម្រេចចិត្តរៀបចំទទួលអាហារជាបូហ្វេញាំជុំគ្នាជាមួយភ្ញៀវជិតស្និតទាំងអស់គ្នានៅទីធ្លាមុខផ្ទះតែម្ដង។កញ្ញារចនាពេជ្រ បន្ថែមថាដោយសារតែកម្មវិធីខួបកំណើតឆ្នាំនេះរបស់នាងរៀបចំឡើងដោយឥតព្រាងទុក ហេតុនេះភ្ញៀវដែលនាងអញ្ជើញគឺចោះៗប៉ុណ្ណោះដែលដំបូងថាហៅតែខ្ទង់៧០នាក់ប៉ុណ្ណោះ តែភ្ញៀវមកលើសរហូតដល់សរុបជិត៩០នាក់ឯណ្ណោះ។តារាចម្រៀងរូបស្រស់របស់ថោន រូបនេះអះអាងថាខួបឆ្នាំនេះនាងប៉ងប្រាថ្នាឲ្យអ្នកម្ដាយរបស់នាងមានសុខភាពល្អ អាយុយឺនយូ និងបំណងប្រាថ្នាខ្លះនាងមិនទាន់បានសម្រេចសូមឲ្យឆាប់បានដូចបំណងផងដែរ។



ទាក់ទងការវិលរកឆាកតន្រ្ដីវិញបេប៊ី នៅតែអះអាងថានាងស្រលាញ់សិល្បៈ ហេតុនេះមិនបោះបង់កណ្ដាលទីនោះទេ គ្រាន់តែត្រូវការពេលវេលាបន្ដិចទៀតប៉ុណ្ណោះដែលក្នុងនោះអាជីពចម្រៀងនៅតែជាគោលដៅចម្បងរបស់នាងដដែល បើទោះជាVJ ដាដា ថាអតីតដៃគូរMC របស់លោកម្នាក់នេះអាចនឹងវិលមកចាប់ដៃលោកជាថ្មីក៍ដោយ។ស្រីស្រស់រចនាពេជ្រ បន្ថែមថាដោយសារតែនាងផ្អាកពីអាជីពចម្រៀងយូដែរ ហេតុនេះហើយការវិលត្រឡប់មកវិញនាពេលខាងមុខនេះគឺដាច់ខាតត្រូវតែបង្ហាញអ្វីដែលថ្មីសឹងតែ១០០% តែម្ដងទើបអាចទៅរួច។តែនាងថានៅឆ្នាំ២០២៣ នេះមិនទាន់អាចវិលវិញទាំងស្រុងបានទេ ព្រោះការកអ្វីដែលថ្មី ដើម្បីឲ្យទស្សនិកជនបានមើលទៅឃើញប្លែកនោះអាចប្រើពេលយូបន្ដិចហេតុនេះនាងថាអាចឈានដល់ឆ្នាំ២០២៤ ឯណ្ណោះទើបFan របស់នាងបានទស្សនាការច្រៀងសម្ដែងរបស់នាងនៅលើឆាកតន្រ្ដីទាំងឡាយឡើងវិញ។



បេប៊ី ក៍បានឲ្យដឹងថាអំឡុងពេលដែលនាងមិនទាន់ឡើងឆាកវិញនោះអ្វីដែលនាងត្រូវធ្វើនាពេលនេះគឺការសម្រកទម្ងន់ពី៥៤ គ.ក្រ មកត្រឹម៥០ គ.ក្រ ឬចុះជាងនេះបន្ដិចវិញ ហើយនាពេលដ៍ខ្លីខាងមុខនេះនាងក៍ត្រៀមបើកហាងកាហ្វេនូវសាខាថ្មីមួយទៀតនៅម្ដុំគូរស្រូវ(ផ្លូវជាតិលេខ២) ខណៈដែលហាងកាហ្វេនាងចាស់ត្រូវបានគេដឹងថាកំពុងតំណើរការដល់ទៅ៤ហាងផ្សេងគ្នាទៅហើយ។



ឆ្លើយតបសំណួរថាតើបេប៊ី គ្រោងបញ្ចប់ជីវិតនៅលីវនៅឆ្នាំណានោះកញ្ញារចនាពេជ្រ ថារឿងដូងនេះមិនអាចកំណត់បានទេព្រោះថាអាចនៅយូឆ្នាំទៀត តែបើចៃដន្យដល់គូព្រេងហើយ អាចរៀបការមុនកំណត់ក៍ថាបាន ប៉ុន្ដែនាងថាចិត្តនាងចង់ពន្យាពេលចូលរោងការច្រើនឆ្នាំទៀត ព្រោះចង់ឲ្យខ្លួនឯងរឹងមាំជាមុនសិន ទាំងអាជីពសិល្បៈ និងការរកស៊ី។បេប៊ី ថាដោយសារតែខានកាន់ក្បាលមីក្រូយូខែបន្ដិច ហេតុនេះនាងមានអារម្មណ៍រាងភ័យតិចៗដែរ ពេលកាន់និយាយទៅមិត្តភក្ដិនៅថ្ងៃខួបកំណើតរបស់ខ្លួននោះ ។តែនាងថាបន្ដិចទៀតFan របស់នាងនឹងបានឃើញអ្វីដែលប្លែកពីរូបនាងជាមិនខាន ព្រោះថាទោះជាបាត់មុខយូបន្ដិចមែន តែមិនមែននាងបោះបង់បំណងប្រាថ្នារបស់ខ្លួនដែលចង់ធ្វើជាតារាចម្រៀងម្នាក់ មានបទច្រៀងផ្ទាល់ខ្លួននោះឡើយ។


តារារួមអាជីពដែលទៅចូលរួមខួបកំណើតបេប៊ី បានសរសើរអតីតពិធីការិនីCTN រូបនេះថានាងនៅតែរក្សាររូបសម្រស់បានផូផង់ដដែល ទោះជារាងមានព្រលឹងជាងមុនបន្ដិច ក្រោយបាត់មុខមួយអន្លើ ព្រោះជាប់ដៃរកស៊ីនេះក្ដី ហេតុនេះគេជឿរថានៅពេលដែលកញ្ញារចនាពេជ្រ មានបទថ្មី ក្បាច់រាំប្លែកៗ រួមទាំងការតុបតែងខ្លួនគូរឲ្យទាក់ទាញថែមទៀតនោះ ពេលឡើងឆាកតន្រ្ដីនាងនៅតែជាស្រីស្អាតគូរឲ្យទស្សនិកជនចង់គយគន់ដូចមុនជាមិនខាន៕


