សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួនមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហឹង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះទៅលើក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋ Shan របស់មីយ៉ាន់ម៉ា។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ ទី ១០ ខែឧសភា ឆ្នាំ ២០២៣។ជម្លោះនៅមីយ៉ាន់ម៉ាបានគ្របដណ្ដប់លើកិច្ចពិភាក្សារបស់មេដឹកនាំអាស៊ានដែលកំពុងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូណេស៊ី។

អាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី១០ខែឧសភាថាយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង។
សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យមាន បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិ។ប្រទេសឥណ្ឌូណេស៊ីនិងសិង្ហបុរីកាលពីថ្ងៃចន្ទបានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តជំនួយដែលដឹកអ្នកការទូតក្នុងតំបន់រួមទាំងបុគ្គលិកពីរនាក់មកពីស្ថានទូតសិង្ហបុរីនៅទីក្រុងយ៉ាំងហ្គោន។
មេដឹកនាំអាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃពុធថាយើងសូមថ្កោលទោសការវាយប្រហារនេះ ហើយបានគូសបញ្ជាក់ថា ជនល្មើសត្រូវតែទទួលខុសត្រូវ។
យើងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន រួមទាំងការបន្តការចូលរួមរបស់ខ្លួនជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីលើកទឹកចិត្តឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តការឯកភាពប្រាំចំណុច។

ការឯកភាពគ្នា៥ចំណុចនោះសំដៅទៅលើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នារវាងអាស៊ាន និងរបបយោធានៅឆ្នាំ ២០២១ប៉ុន្មានខែបន្ទាប់ពីវាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជីប៉ុន្តែវាមិនទាន់ត្រូវបានអនុវត្តនៅឡើយ។
យោងតាមប្រភពការទូតបានឱ្យដឹងថាប្រធានបទផ្សេងទៀតដែលនឹងត្រូវពិភាក្សាដោយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុង Labuan Bajo នឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតួនាទីកណ្តាលរបស់ខ្លួននៅក្នុងតំបន់ចំពេលមានការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូJoko ដែលជាប្រធានអាស៊ាននៅឆ្នាំនេះបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថាគូប្រជែងកំពុងមានភាពមុតស្រួច ហើយសក្ដានុពលពិភពលោកកាន់តែមិនអាចទាយទុកជាមុនបាន។
លោកបានសួរមេដឹកនាំផ្សេងទៀតនៃក្រុមនេះថាតើអាស៊ាននឹងក្លាយជាអ្នកទស្សនាក្នុងស្ថានភាពពិភពលោកបច្ចុប្បន្នឬជា«ម៉ូទ័រជុំរុញនសន្តិភាពនិងការរីកចម្រើន?។
លោកបានបន្តថា៖ «ខ្ញុំជឿថា យើងទាំងអស់គ្នាជឿថាអាស៊ានអាចធ្វើបាន ប៉ុន្តែគន្លឹះសំខាន់គឺការរួបរួម។ តាមរយៈការរួបរួម អាស៊ាននឹងអាចក្លាយជាតួអង្គកណ្តាលក្នុងការនាំមកនូវសន្តិភាព និងការរីកចម្រើន៕