សេចក្តីថ្លែងការណ៍របស់តុលាការចិនបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ឧសភា ថាប្រទេសចិនបានកាត់ទោសពលរដ្ឋអាមេរិកអាយុ៧៨ឆ្នាំឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម។សេចក្តីថ្លែងការណ៍របស់តុលាការមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការចោទប្រកាន់នេះទេហើយការកាត់ក្តីបិទទ្វារគឺជាទម្លាប់នៅក្នុងប្រទេសចិនសម្រាប់ករណីរសើប។

ការសម្រេចដាក់ទោសមួយជីវិតទៅលើលោកJohn Shing-wan Leung កាន់លិខិតឆ្លងដែនអាមេរិកកាន់តែធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបន្ថែមទៀត។សេចក្តីថ្លែងការណ៍របស់តុលាការប្រជាជនកម្រិតមធ្យមនៅទីក្រុង Suzhou ភាគខាងកើតប្រទេសចិន បាននិយាយថា លោកLeungដែលជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីហុងកុងត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចារកម្មកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកហូតសិទ្ធិនយោបាយអស់មួយជីវិត។
អាជ្ញាធរSuzhouបានចាត់វិធានការជាកំហិតយោងទៅតាមច្បាប់ប្រឆាំងនឹងលោក Leung អាយុ ៧៨ ឆ្នាំនៅក្នុងខែមេសាឆ្នាំ ២០២១ តែមិនបានបញ្ជាក់ពីពេលវេលាដែលគាត់ត្រូវបានគេចាប់ខ្លួននោះទេ។ គេក៏មិនដឹងច្បាស់ថា លោក Leung រស់នៅទីណានៅពេលចាប់ខ្លួននោះទេ។អ្នកនាំពាក្យស្ថានទូតអាមេរិកក្នុងទីក្រុងប៉េកាំងបាននិយាយថាពួកគេបានដឹងអំពីរបាយការណ៍ដែលថាពលរដ្ឋអាមេរិកម្នាក់ត្រូវបានកាត់ទោសនៅក្រុងស៊ូចូវនាពេលថ្មីៗនេះ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រសួងការបរទេសមិនមានអ្វីដែលជាអាទិភាពធំជាងសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅក្រៅប្រទេសនោះទេ។អ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំងបាននិយាយថាអ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃចន្ទនេះទេ៕