ភ្នំពេញ៖ភាពយន្ដខ្នាតធំរបស់ផលិតកម្ម Wonder Film Entertainment រឿង”ពពិលខ្មៅ”ត្រូវបានដាក់សម្ពោធជាផ្លូវការនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល កាលពីល្ងាចថ្ងៃទី១៣ មិថុនា ដោយមានអ្នកជំនាញភាពយន្ដ តារាសម្ដែង និងបណ្ដារសារព័តមានជាច្រើនស្ថាប័នបានចូលរួម។ភាពយន្ដនេះមានតារាសម្ដែងល្បីៗជាច្រើនបានចូលរួមចាប់ដៃគ្នាក្នុងនោះមានដូចជាលិញ លិញ,រ៉ៃម៉ុន ម៉ានីន ,ស្វែង សុជាតា ,វណ្ណៈ បូរមី ,មីន ឈើរី,សុង សោភា ,បេ គីមសិញ,ឃីម ហ្សានីត ,ណាត ស៊ីណេត និងឡាយ ស្រី ជាដើម ខណៈដែលចាងហ្វាងផលិតកម្មមានលោករ៉ក់ លី ផលិតករស្រ៊ុន គីមហួរ និងដឹកនាំសម្ដែង ជ្រើសរើសតួសម្ដែង និងគ្រប់គ្រងរូបភាពដោយលោកសែម វិសាល ។
ស្រីស្អាតវណ្ណៈ បូរមី ជាតួអង្គសំខាន់ក្នុងរឿង”ពពិលខ្មៅ” បានឲ្យដឹងថានាងសម្ដែងជាប្អូនស្រីតួប្រុសហើយកើតជំងឺ depression ដោយប្លង់នាងលេងភាគច្រើនគឺថតនៅពេលយប់ចឹងរាងហត់ច្រើនពិសេសនាងលេងជាតួពិការជើងផងរឹតតែពិបាកសម្រាប់រូបនាងដែលមិនធ្លាប់ជួប។នាងថាលេងរឿងនេះព្រឺខ្លួនច្រើន តែនាងមានការរំពឹងខ្ពស់ ព្រោះសង្ឃឹមថាទស្សនិកជននឹងមកទស្សនារឿងនេះទាំងអស់គ្នា ហើយឈុតដែលនាងត្រូវសម្ដែងប្រើពេលដល់ទៅជាង១ខែ ខណៈក្រុមការងារផលិតកម្មសម្រិតសម្រាំងបំផុតគឺស៊ីពេល១ឆ្នាំកន្លះទើបដាក់បញ្ចាំង។បរមី បន្ថែមថាទោះជានាងហាក់មានការពិបាកខ្លះក្នុងការលេងរឿងបែបខ្មោចក្ដី ប៉ុន្ដែនាងនឹងទទួលថតរឿងប្រភេទនេះបន្ដទៀត ខណៈដែលរឿង”ពពិលខ្មៅ”នេះជាភាពយន្ដទី១ដែលនាងលេងជាតួអង្គធំសំខាន់តែម្ដង។
រឿង”ពពិលខ្មៅ”នឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ នេះតទៅ ស្របពេលដែលការចំណាយត្រូវបានផលិតករបង្ហើបថាខ្ពស់ តែគុណភាពនៃភាពយន្ដនេះរំពឹងថានឹងធ្វើឲ្យភាពយន្ដខ្មែរទទួលបានការចាប់អារម្មណ៍លើរឿងខ្មែរថែមទៀតជាមិនខាន។
លោកសែម វិសាល ជាអ្នកដឹកនាំសម្ដែងរឿង”ពពិលខ្មៅ”បានថ្លែងថារឿងនេះជាប្រភេទរឿងបែបរន្ធត់ តែចំណុចសំខាន់គឺនិយាយពីគ្រួសារ និងអ្វីកាន់តែពិសេសថែមទៀតសាច់តរឿងក៍មានការបញ្ចូលជាពពិលខ្មែរយកជាគោល ដើម្បីបញ្ចូលអត្តសញ្ញាណខ្មែរឲ្យបានច្រើនចូលទៅក្នុងភាពយន្ដ។លោកវិសាល បន្ថែមថាភាពយន្ដនេះជារឿងធ្វើឲ្យមានភាពជក់ចិត្តដល់ទស្សនិកជន ដែលការវិនិយោគជាចំនួនខ្ពស់មួយ និងប្រើបច្ចេកទេសថ្នាក់អន្ដរជាតិ ហើយរឿង”ពពិលខ្មៅ”នេះមានវប្បធ័មមួយបែបអាស៊ី បែបផែនខ្មែរ ដោយមានចំណុចពិតជាក់ស្ដែងក្នុងជំនឿររបស់ខ្មែរ និងនិពន្ធបន្ថែមទៅតាមផ្ទៃរឿងដើម្បីឲ្យកាន់តែទាក់ទាញ។អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះរូបនេះបន្ថែមទៀតថាសូមឲ្យទស្សនិកជនវាយតម្លៃកុនខ្មែររឿងមួយនេះទៅតាមគុណភាពហើយសម្រាប់រូបលោកទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនាគ្រប់ពេល ព្រមទាំងត្រូវការយោបល់ល្អៗពីអ្នកទស្សនាឲ្យបានច្រើន ដោយនឹងអភិវឌ្ឍន៍ កែប្រែថែមទៀតដើម្បីឲ្យភាពយន្ដខ្មែរមានទំនើបកម្មជាងមុន៕