ភ្នំពេញ៖ស្រីស្រស់វណ្ណៈ បូរមី ជាតួអង្គសំខាន់ក្នុងរឿង”ពពិលខ្មៅ” បានឲ្យដឹងថានាងសម្ដែងជាកើតជំងឺ Depression ដោយប្លង់នាងលេងភាគច្រើនគឺថតនៅពេលយប់ចឹងរាងហត់ច្រើនពិសេសនាងលេងជាតួពិការជើងផងរឹតតែពិបាកសម្រាប់រូបនាងដែលមិនធ្លាប់ជួប។នាងថាលេងរឿងនេះព្រឺខ្លួនច្រើន តែនាងមានការរំពឹងខ្ពស់ ព្រោះសង្ឃឹមថាទស្សនិកជននឹងមកទស្សនារឿងនេះច្រើន ហើយឈុតដែលនាងត្រូវសម្ដែងប្រើពេលដល់ទៅជាង១ខែ ខណៈក្រុមការងារផលិតកម្មសម្រិតសម្រាំងបំផុតគឺស៊ីពេល១ឆ្នាំកន្លះទើបដាក់បញ្ចាំង។បរមី បន្ថែមថាទោះជានាងហាក់មានការពិបាកខ្លះក្នុងការលេងរឿងខ្មោចក្ដី ប៉ុន្ដែនាងនឹងទទួលថតរឿងប្រភេទនេះបន្ដទៀត ខណៈដែលរឿង”ពពិលខ្មៅ”នេះជាភាពយន្ដទី១ដែលនាងលេងជាតួអង្គធំសំខាន់តែម្ដង។
លោកសែម វិសាល ជាអ្នកដឹកនាំសម្ដែងរឿង”ពពិលខ្មៅ”ដែលជ្រើសតួអង្គស្រីស្អាតវណ្ណៈ បូរមី ជាតួធំបានថ្លែងថារឿងនេះជាប្រភេទរឿងបែបរន្ធត់ តែចំណុចសំខាន់គឺនិយាយពីគ្រួសារ និងអ្វីកាន់តែពិសេសថែមទៀតសាច់រឿងក៍មានការបញ្ចូលជាពពិលខ្មែរយកជាគោល ដើម្បីបញ្ចូលអត្តសញ្ញាណខ្មែរឲ្យបានច្រើនចូលទៅក្នុងភាពយន្ដ។លោកវិសាល បន្ថែមថាភាពយន្ដនេះជារឿងធ្វើឲ្យមានភាពជក់ចិត្តដល់ទស្សនិកជន ដែលការវិនិយោគជាចំនួនខ្ពស់មួយ និងប្រើបច្ចេកទេសថ្នាក់អន្ដរជាតិ ហើយរឿង”ពពិលខ្មៅ”នេះមានវប្បធ័មមួយបែបអាស៊ី បែបផែនខ្មែរ ដោយមានចំណុចពិតជាក់ស្ដែងក្នុងជំនឿររបស់ខ្មែរ និងនិពន្ធបន្ថែមទៅតាមផ្ទៃរឿងដើម្បីឲ្យកាន់តែទាក់ទាញ។អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះរូបនេះបន្ថែមទៀតថាសូមឲ្យទស្សនិកជនវាយតម្លៃកុនខ្មែររឿងមួយនេះទៅតាមគុណភាពហើយសម្រាប់រូបលោកទទួលយកមតិរិះគន់ដើម្បីស្ថាបនាគ្រប់ពេល ព្រមតាំងត្រូវការយោបល់ល្អៗពីអ្នកទស្សនាឲ្យបានច្រើន ដោយនឹងអភិវឌ្ឍន៍ កែប្រែថែមទៀតដើម្បីឲ្យភាពយន្ដខ្មែរមានទំនើបកម្មជាងមុន។
គូរបញ្ជាក់ថានាងវណ្ណៈ បូរមី ជាអតីតFreshie ហើយមុនសម្ដែងរឿង”ពពិលខ្មៅ”នេះនាងក៍ធ្លាប់ថតភាពយន្ដបានមួយចំនួនផងដែរ ហើយការថតភាពយន្ដបែបរន្ធត់(ខ្មោច)នោះនេះជាលើកទី៣សម្រាប់នាង។បរមី សារភាពថារូបនាងជាមនុស្សម្នាក់ដែលជឿរលើអបិយជំនឿររបស់ខ្មែរ និងពិតជាខ្លាចពេលនឹកដល់ខ្មោចលងមែន ។នាងថាក្រោយថតឈុតមានខ្មោចនាវេលាពេលយប់ដែលប្លង់ភាគច្រើននៅជាយក្រុងនោះចប់ គឺនាងសួរអ្នករួមការងារនិងតួសម្ដែងដ៍ទៃថាអ្នកណាខ្លះទៅផ្លូវផ្ទះជាមួយនាងគឺទៅជាមួយគ្នាតែម្ដង ព្រោះនាងហាក់ព្រឺសំបុរ ។ប៉ុន្ដែនាងថាពេលទៅដល់ផ្ទះការភ័យខ្លាចក្នុងអារម្មណ៍ទាំងនោះក៍បាត់ទៅវិញអស់ ហើយពេលងូតទឹកនាងមិនបិតភ្នែក ព្រោះតែខ្លាចថតរឿងខ្មោចនោះទេ ពោលគឺបើកភ្នែកធម្មតា ។តារាវ័យក្មេងរូបនេះថានោះគ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះ ដែលពេលថតរឿងខ្មោចមចេះតែភ័យខ្លាចខ្លះៗ តែនាងមិនដែលឃើញខ្មោចមកលងនាងផ្ទាល់ឡើយ។យ៉ាងណានាងថាដោយសារតែជានារីខ្មែរដែលដក់អារម្មណ៍ទៅដោយអបិយជំនឿរនោះទើបពេលថតម្ដងៗនាងតែងតែអុជធូប ដើម្បីសុំកុំឲ្យមានហេតុការណ៍អាក្រក់ណាកើតឡើងពេលថត ហើយជាការសង្កេតរបស់នាងគឺពេលអុជធូបហើយពិតជាគ្មានភាពរអាក់រអួលក្នុងការថតសម្ដែងមែន តែបើមិនបានអុជធូប វិញក្រុមការងារដឹងតែពីជួបរឿងរដាក់រដុបជាមិនខាន ដែលចំណុចនេះហើយធ្វើឲ្យនាងមានជំនឿរជាប់ក្នុងខ្លួន។
ថ្វីត្បិតតែស្រីស្រស់វណ្ណៈ បូរមី ថាខ្លួនខ្លាចខ្មោចមែន តែនាងមិនញ៉ាចនោះទេ ពោលគឺសម្រាប់ការថតភាពយន្ដក្រោយៗទៀតនាងនៅតែហ៊ានសម្ដែងរឿងប្រភេទនេះតទៅទៀតដែលនោះព្រោះតែការស្រលាញ់សិល្បៈ ត្រូវតែហ៊ានលះបង់និងបង្ហាញពីសម្ថភាពខ្លួនឲ្យដល់គោលដៅដែលចង់បាន។ប៉ុន្ដែក្រៅពីនាងបរមី មានតារាសម្ដែងជាច្រើនបានប្រកាន់គោលការណ៍ខុសពីនាងគឺបើពួកគេខ្លាចខ្មោច មិនទទួលថតរឿងខ្មោចតែម្ដង ព្រោះតែមានតារាខ្លះពេលភ័យបុកពោះដល់ឈុតលេងខ្មោចនោះស្រាប់តែត្រូវខ្មោចចូលខ្លួនមែនទែន ឬលងនៅនឹងមុខស្រស់ៗធ្វើឲ្យពួកគេប៊ះសក់ក៍មាន។តែសម្រាប់តារាទឹកភ្នែកនាងនី មុនីនាថ វិញក្នុងនាមជាតារាសម្ដែងអាជីពម្នាក់នាងមិនដែលបដិសេធក្នុងការសម្ដែងដែលផលិកតករចង់បានឡើយ ហើយមុនីនាថ ថែមទាំងហ៊ានលេងឈុតជាខ្មោចស្រីចូលទៅដេកក្នុងក្ដាមមឈូសដែលកប់កណ្ដាលព្រៃក្នុងរឿង”នាងនាថ”ផលិតដោយប៉ុស្ដិ៍លេខ៥ ទៀតផងទើបធ្វើឲ្យទស្សនិកជនស្គាល់ពីសម្ថភាពរបស់នាងថាអាចលេងបានគ្រប់ទម្រង់ដែលផលិតករត្រូវការ។ចំពោះស្រីក្មេងវណ្ណៈ បូរមី វិញគេចាំមើលថាការប្រកាសថាខ្លួនហ៊ានទទួលថតរឿងខ្មោចតទៅទៀតនោះ តើនាងអាចសម្ដែងឈុតពិសេសដូចនី មុនីនាថ ដែរ ឬទេ បើផលិតករតម្រូវ?