ភ្នំពេញ៖អ៊ីវ៉ា វាចាថារឿងដែលគេសង្ស័យថានាងមានមានស្នេហាជាមួយប្អូនប្រុសលោកមាស សាលី គឺលោកវេហាស៍ នោះមិនអាចទៅរួចឡើយ ពោលគឺ0% តែម្ដងដែលធ្វើឲ្យអ្នកសង្ស័យថានាងអាចក្លាយទៅជាប្អូនថ្លៃលោកសាលី នោះខ្លះមិនសូវជឿរជាក់លើនាងឡើយ ព្រោះថាមាត់និយាយផ្សេង តែសកម្មភាពរបស់នាងជាមួយបុរសនោះផ្សឹង។ដោយសារតែចង់ឲ្យគ្រប់គ្នាជឿរជាក់លើនាងទើបស្រីនាថ បានប្រកាសកាលពីដើមឆ្នាំ២០២០ ថានាងមានម្ចាស់ហើយដែលបុរសនោះមិនមែនជាអ្នកសិល្បៈនោះទេ ប៉ុន្ដែជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារម្នាក់។តែស្រីស្រស់អ៊ីវ៉ា អត់បង្ហាញអត្ដសញ្ញាណថាប្រុសនោះមានមុខមាត់និងរូបរាងសង្ហារប៉ុណ្ណាឡើយ គឺទុកឲ្យឆ្ងល់ រហូតFan នាងបានដាក់សំណួរច្រាសទៅនាងថាតើស្រីនាថ ទុកលោកវេហាស៍ ជាអ្វីឲ្យពិតប្រាកដទៅ?
យ៉ាងណាឃីន ស្រីនាថ អត់ក្វល់រឿងគេលើកឡើងថានាងមានទំនាក់ទំនងពិសេសជាមួយប្អូនមាស សាលី នោះទេ ព្រោះថ្មីៗនេះពួកគេនៅតែបណ្ដើរគ្នាទៅកម្មវិធីមួយចំនួនដូចមុនដដែល ហើយក្រៅពីវេហាស៍ នេះឪពុករបស់ស្រីនាថ មិនដែលបណ្ដោយឲ្យនាងស្និតស្នាលជាមួយប្រុសណាដោយទៅណាតែពីរនាក់បែបនេះឡើយ ទើបអ្នកខ្លះនៅតែថាស្រីនាថ អាចនឹងទុកប្អូនលោកសាលី ជាកង់សាគូររបស់នាងក៍ថាបាន ព្រោះតែនៅដើមឆ្នាំ២០២៣ នេះអ៊ីវ៉ា ធ្លាប់បានបង្ហាញភាពក្លាហានបណ្ដើរប្រុសម្នាក់ទៅជួបអ្នករួមអាជីព ធ្វើឲ្យមានការខ្សឹបខ្សៀវពីសំណាក់អ្នកនៅក្នុងសិល្បៈជាច្រើនថាបុរសម្នាក់នោះហើយជាអនាគតស្វាមីរបស់ម្ចាសបទ”ទឹកអប់មានពិស”រូបនេះ។ប៉ុន្ដែស្រីនាថ ប្រាប់អ្នកយកព័តមានយើងថាបើប្រុសនោះជាគូស្នេហ៍របស់នាងដូចគេម៉ៃមែន ម្លេះនាងមិនបណ្ដើរឲ្យនណាស្គាល់មុខទេ។ស្រីនាថ ក៍ប្ដូរយុទ្ធសាស្រ្ដភ្លាមៗតាមរយៈការផ្អាកបណ្ដើរប្រុសចម្លែកនោះតទៅទៀត ហើយនាងបែជាងាកទៅល្អូកល្អិនជាមួយលោកវេហាស៍ សារជាថ្មីឡើងវិញទៅហើយនាពេលនេះ។អ្នកខ្លះយល់ថាការដែលស្រីនាថ ធ្វើបែបនេះដើម្បីកុំឲ្យគេចាប់អារម្មណ៍និងប្រុសម្នាក់ដែលគេជឿរថាជាគូស្នេហ៍របស់នាងដែលស្រីនាថ បង្ហាញមុខ១ប្រាវមុននេះ តែមនុស្សមួយចំនួនថាអ៊ីវ៉ា គិតតែពីប្រកែកស្នេហ៍ប្អូនលោកសាលី តែប្រយ័ត្ន”ស្នេហ៍ មិនឈ្នះស្និត” ព្រោះលោកវេហាស៍ មិនត្រឹមតែទទួលបានការទុកចិត្តពីលោកអ៊ូ វ៉ាវ យ៉ាងពេញទំហ៊ឹងនោះទេ តែលោកក៍ពូកែថ្នាក់ថ្នមចិត្តអ៊ីវ៉ា មិនធម្មតាឡើយទើបធ្វើឲ្យតារាសាច់សខ្ចីទុកចិត្តទាំងស្រុងតែម្ដង ដែលខុសពីតារាប្រុសផ្សេងៗទៀតស្រីនាថ មិនដែលហ៊ានរួមដំណើរទៅណាមកណាតែ២នាក់បែបនេះទេ។
អ៊ីវ៉ា បានប្ដូរចិត្តអត់រៀបការប្ដីនៅឆ្នាំ២០២៣ ដែលការសម្រេចចិត្តបែបនេះ នាំឲ្យលោកវ៉ាវ ដែលចង់បានកូនប្រសារមកជំនួសដៃជើងលោកនោះសែនខកចិត្តខ្លាំង ព្រោះលោកតែងតែជម្រុញឲ្យកូនស្រីយកប្ដីទាន់ខ្លួននៅក្មេង ដោយសារតែការប្រើជីវិតនៅលីវយូពេកលោកថាអត់ប្រយោជន៍ក្ដី តែស្រីនាថ ដែលរូបនាងផ្ទាល់ធ្លាប់លើកឡើងថាពេលនាងមានវ័យ៣០ឆ្នាំ ដល់វេលាត្រូវគិតគូររឿងយកប្ដីនោះបែជាមិនយល់ស្របទៅវិញ។ជុំវិញការលើក ពេលបញ្ចប់ភាពនៅលីវរបស់ស្រីនាថ នាពេលនេះគេអាចសន្និដ្ឋានបានថាមកពីអ៊ីវ៉ា ខ្លាចរៀបការមានប្ដីទៅអាជីពសិល្បៈរបស់នាងនឹងប្រឈមហៅលែងឭដូចតារាមួយចំនួនដែលមានគ្រួសារហើយដាំក្បាលចុះសឹងគ្រប់គ្នា នោះ តែលោកវ៉ាវ មិនយល់ស្របរឿងនេះទេដោយលោកធ្លាប់អះអាងថាមហាជនគាំទ្រតារានៅលើសម្ថភាពមិនមែនរឿងមានប្ដីឬកូនទៅគេលែងស្ដាប់ចម្រៀងនោះឡើយ។
អ៊ីវ៉ា ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានឪពុកតាមតាំងពីនាងចូលសិល្បៈដំបូងក្នុងនោះមានដូជាសុខ ពិសី ,លីន ដា ,អ៊ុង នីនិច្ច ,រ៉េត ស៊ូហ្សាណា និងស៊ូ ស៊ីរីកា ជាដើម។តារាដែលអះអាងថានៅរក្សារសម្រស់ពីធម្មជាតិ១០០% រូបនេះហាក់មិនចាប់អារម្មណ៍ផ្លាស់ប្ដូរផលិតកម្មច្រៀងនៅឆ្នាំ២០២៣ នេះទេ បើទោះជាមានហង្សមាស ,Galaxy និងថោន ពេញចិត្តនាងក្ដី តែស្រីនាថ នៅតែច្រៀងឲ្យសាន់ដេ ដោយគ្មានកុងត្រា និងចាត់ទុកថៅកែផលិតកម្មនេះថាជាឪពុកម្ដាយទី២របស់ខ្លួនទៀតផង។ប្រភពបានឲ្យដឹងថាស្រីនាថ ត្រូវបានGalaxy ចាប់អារម្មណ៍លើនាងខ្ពស់ ព្រោះតែផលិតកម្មនេះមានតារាចម្រៀងប្រុសលំដាប់ជូរមុខទាំងអស់នៅក្នុងកណ្ដាប់ដៃ តែអ្នកចម្រៀងស្រីមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ ហេតុនេះហើយបើនាងទៅអាចនឹងមានទីផ្សារសិល្បៈប្រែប្រួលជាមិនខាន ។ប៉ុន្ដែស្រីនាថ ជ្រើសផ្លូវ”ឆ្នាំងចាស់ បាយឆ្ងាញ់” ទើបធ្វើឲ្យថៅកែសាន់ដេផ្ដល់សិទ្ធិពិសេសឲ្យនាងពោលគឺច្រៀងតែបទណានាងពេញចិត្ត ចំពោះបទណាមិនចូលចិត្តនាងអាចបដិសេធថតសម្លេងនិងសម្ដែងបាន។តែរឿងដែលមហាជនចង់ដឹងថាតើស្រីនាថ នឹងអាចគេចរឿងចូលរោងការបានប៉ុន្មានឆ្នាំទៀតទៅ ក្រោយរួចខ្លួននៅឆ្នាំ២០២៣ នេះដែលធ្វើឲ្យលោកវ៉ាវ និយាយលែងចង់ចេញ៕