ភ្នំពេញ៖តារាចម្រៀងសំនៀងស្រទន់មាស សុខសោភា ដែលត្រូវបានមិត្តរួមអាជីពហៅនាងថាជារាជនីយសម្លេងផ្អែមនោះមិនទាន់អាចធ្វើឲ្យFan របស់ខ្លួនមានការភ្ញាក់ផ្អើលឡើងវិញទេ រយៈពេលជិត៦ខែហើយក្រោយនាងដើរចេញពីរាម មកផលិតបទចម្រៀងផ្ទាល់ ខ្លួននៅ Camtrax បើទោះជាផលិតកម្មមួយនេះមានស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកដឹកនាំនិងគ្រប់គ្រងក្ដី។តែយ៉ាងណាសុខសោភា ធ្លាប់ប្រាប់អ្នកកាសែតថានៅឆ្នាំ២០២៣ នេះនាងមិនទៅផលិតកម្មណាទាំងអស់ក្រៅពីច្រៀងនៅផលិតកម្មខ្លួនឯង ហើយសុខចិត្តចេញចម្រៀងដោយតក់ៗអត់បង្ខំ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាការប្រកាសរបស់សុខសោភា បែបនោះគឺគ្រាន់តែនាងមានចេតនាចង់ឲ្យផលិតកម្មទាំងឡាយដែលចង់បាននាងមកចរចារប៉ុណ្ណោះ ព្រោះមានព័តមានថាហង្សមាស,Galaxy និងថោន បើកទ្វារងចាំស្វាគមន៍នាងជានិច្ច បើទោះជាសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្នុងចំណោមផលិតកម្មទាំង៣ ខាងលើនេះគឺមានតែហង្សមាសមួយគត់ដែលបានទាក់ទងនាងជាផ្លូវការក្ដី តែគេជឿរថាក្រោយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានដើរចេញព្រមគ្នាពីទ្រនុំធំនេះឱកាសនាងទៅGalaxy ច្រើនជាងផលិតកម្ម២ផ្សេងទៀត។
អ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថាបើសិនជានាងចង់ប្រជែងទីផ្សារចម្រៀងឲ្យខ្លាំងក្លាឡើងវិញដាច់ខាតនោះនាងត្រូវតែទៅច្រៀងនៅផលិតកម្មណាមួយផ្សេងទៀត មិនមែនផលិតកម្មខ្លួនឯងនោះទេ ព្រោះការបើកផលិតកម្មទាមទារឲ្យមានរចនាសម្ព័ន្ធ និងធនធានច្បាស់លាស់ទើបអាចទៅរួច។ប៉ុន្ដែសុខសោភា ធ្លាប់ប្រឆាំងនិងការយល់ឃើញបែបនេះដោយនាងធ្លាប់វាចាថាសម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែអាចល្បីបានដែរ។ដោយឡែកនៅក្នុងវីដេអូមួយរបស់សុខសោភា ដែលត្រូវបានFan របស់នាងចែកចាយនៅលើបណ្ដាញសង្គមនោះនាងនិយាយដោយត្រៀមចិត្តកាយថានៅលើលោកនេះគ្មានអ្វីថិតថេរនិងជាអមតៈនោះទេ ហើយនៅពេលខាងមុខរូបនាងនឹងចាស់បាត់បង់ទាំងសម្លេងនិងសម្រស់ ហេតុនេះសូមកុំប្រមកាន់ចឬកតួឯក ដោយសារតែពេលបានអ្វីមកជោគជ័យហើយ សូមកុំមើលងាយគេថ្ងៃនេះគេអត់ល្បី តែថ្ងៃក្រោយគេល្បី ថ្ងៃនេះគេក្រ ថ្ងៃក្រោយគេមាន…។ការតាំងចិត្តរបស់សុខសោភា បែបនេះច្បាស់ណាស់ថានាងបានដឹងខ្លួនរួចជាស្រេចទៅហើយថាមិនអាចរក្សារតំណែងជាតាស្រីលំដាប់ជូរមុខគេបានរហូតនោះទេ ដែលការលើកឡើងរបស់នាងបែបនេះស្រដៀងគ្នានិងលោកឡាយ សុខហុក ថៅកែផលិតកម្មសាន់ដេធ្លាប់មានប្រសាសន៍ថាថ្ងៃណាមួយតារាផ្សេងម្នាក់ទៀតដែលគេមិនធ្លាប់ស្គាល់ពីមុនទាល់តែសោះនឹងបង្ហាញខ្លួនឡើង ដែលលោកសដំដៅថា”រលកក្រោយ ច្រានរលកមុន”…។
មាស សុខសោភា បានដើរចេញពីថោន ក្រោយរួមរស់នៅទ្រនុំនេះអស់៩ឆ្នាំ ហើយទៅជ្រកនៅរាម បានតែ២ឆ្នាំ ក៍បាយបាយ បន្ទាប់ពីទីផ្សារចម្រៀងរបស់នាងលែងសូវស្ទុះទៅមុខ។តែសោភា នៅតែមិនព្រមទៅចូលហង្សមាសដដែល ទោះជាផលិតកម្មដែលគ្រប់គ្រងដោយលោកឧកញ៉ាអ៊ឹង ឆៃងួន មួយនេះបានចាប់អារម្មណ៍ និងចង់បាននាងរយៈពេលជាង១០ឆ្នាំហើយក្ដី។អ្វីដែលសោភា ដកឃ្លាសម្ងំស្ងាត់មួយរយៈមកនេះស្របពេលដែលតារាស្រីល្បីៗផ្សេងទៀតមានដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,ពេជ្រ សោភា និងសួស វីសា ជាដើម ហាក់នៅទ្រឹងព្រមគ្នាតែម្ដង។ចំពោះសោភា វិញថ្មីៗនេះបទចម្រៀងរបស់នាង”មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧”របស់នាងក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើឲ្យមានការលុបចេញជាបន្ទាន់ផងដែរ ក្រោយមានភាពចម្រូងចម្រាសលើចម្រៀងមួយនេះពីមហាជន ហេតុនេះគេជឿរថាការចេញបទចម្រៀងបែបប្រវត្តិសាស្រ្ដបែបនេះទៀតនាពេលក្រោយរូបនាងនឹងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះជាមិនខាន។
ក្រៅពីមាស សុខសោភា តារាចម្រៀងដែលធ្លាប់ចេញសារទទួលស្គាល់ថាអាជីពរបស់ពួកគេគ្មានអ្វីថិតថេរ នោះក៍មាននាងតន់ ច័ន្ទសីម៉ា ម្នាក់ទៀតដែរដែលនាងថា១០ឆ្នាំក្រោយអ្វីៗនឹងប្រែប្រួល មិនទៀងទាត់នោះទេ។ប៉ុន្ដែក៍មានតារាខ្លះនៅប្រកាន់ចឬកតួឯកនិងពេលខ្លះហ៊ានប្រឆាំងដល់អ្នកគាំទ្រខ្លួនទៀតផង ហេតុនេះហើយទើបសោភា ចេញសារដាស់តឿនថាគ្រប់គ្នាកុំឲ្យប្រកាន់ចឬកជាតួឯកអី តំណែងមួយនេះមិននៅជាមួយយើងរហូតនោះទេ។
សូមបញ្ជាក់ថាមិនត្រឹមតែមិនទាន់មានបទចម្រៀងផ្ទុះឡើងវិញនោះទេ តែដំណឹងមាស សុខសោភា គ្រោងរៀបការជាមួយលោកអ៊ឹត រ៉ាដា ជាលើកទី៣ នោះកាន់តែស្ងាត់ដូចចោរលួចសេះតែម្ដង បន្ទាប់ពីនាងបានរៀបការ២លើកកន្លងមកសុទ្ធតែធ្វើបែបលាក់លៀមទាំងអស់៕