ភ្នំពេញ៖ទេព បូព្រឹក្ស ក្រោយសម្រាលកូនជាង៤ខែនាងបានសម្រកទម្ងន់ពីអំឡុងពពោះ៧០ គ.ក្រ មកត្រឹម៥០គ.ក្រ ពោលគឺស្របអស់២០ គ.ក្រ ។តែយ៉ាងណាគីឡូនេះនៅមិនទាន់ពេញចិត្តស្រីនិច្ច នោះទេព្រោះនាងស្រលាញ់គីឡូ៤០ ជាង ទើបព្យាយាមសម្រកថែមទៀត ខណៈដែលពេលនេះនាងក៍ត្រៀមចេញបទ”ទេវរាជ” ដែរក្រោយពីសម្រាលកូនជាច្រើនខែបានរឹងដៃរឹងជើងបន្ដិច បន្ទាប់ពីស្វាមីនាងលោកងួន ចាន់ដេវីត ចេញបទ”មហានគរ”ទាំងចម្រូងចម្រាសមុននេះ។បទថ្មីរបស់បូព្រឹក្ស នេះជាការរៀបចំរបស់គូស្នេហ៍នាងលោកដេវីត ដែលទោះជាចម្រៀងមួយនេះមិនទាន់ចេញក្ដី តែម្ចាស់ស្នេហ៍ស្រីនិច្ច ព្រមានជាប្រយោលថាចេះឯង ឲ្យក្រែងចេះគេ,និងបានសួរទៅFan លោកថាតើនៅពេលបទនេះចេញទៅគ្រាប់ល្ពៅអាចនឹងរលេះដែរឬទេ?យ៉ាងណាម្ចាស់បេះដូងរបស់បូព្រឹក្ស មិននិយាយឲ្យចំឈ្មោះថាមនុស្សដែលនាងនិយាយនោះសំដៅលើអ្នកណាឲ្យពិតនោះទេ គ្រាន់តែគេអាចយល់ថាគឺជាសារមួយព្រមានទៅដល់គូប្រជែង និងអ្នកមើលងាយលោកនិងភរិយានាពេលកន្លងមក។
តាមរយៈការត្រៀមវិលរកឆាកតន្រ្ដីសារជាថ្មីនាពេលនេះដែរគេមិនទាន់អាចសន្និដ្ឋានបានទេថាតើទេព បូព្រឹក្ស នឹងនៅតែរក្សារទីផ្សារចម្រៀងបានដូចកាលមុនមានកូនឬក៍ពិបាកទៅមុខរួចដូចជាតារាដែលមានប្ដីនិងកូនហើយទីផ្សារនៅទ្រឹងមានឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ដែរឬយ៉ាងណានោះទេ ប៉ុន្ដែជំហ៊ានដំបូងដែលនាងត្រូវធ្វើនាពេលនេះគឺការសម្រកទម្ងន់ជារឿងសំខាន់។ដោយឡែកអ្នកដែលអាចកំណត់ពីជោគវាសនាអាជីពចម្រៀងនាងបានមួយផ្នែកធំក៍នៅលើងួន ចាន់ដេវីត ដែរ ព្រោះស្រីនិច្ច គ្មានផែនការណ៍ទៅចូលផលិតកម្មណាឡើយ ក្រោយនាងដើរចេញពីហង្សមាសជាច្រើនឆ្នាំមកនេះ។
អ្នកជំនាញសិល្បៈបានលើកឡើងថាម្ចាស់ចិត្តទេព បូព្រឹក្ស គឺងួន ចាន់ដេវីត អាចរក្សារទីផ្សារចម្រៀងបានក្រោយលោកដើរចេញពីហង្សមាស ហេតុនេះអតីតដៃគូពេជ្រ សោភា រូបនេះក៍នឹងមិនបណ្ដោយឲ្យគូស្នេហ៍របស់លោកធ្លាក់ចុះរហូតបាត់បង់ទីផ្សារចម្រៀងហៅលែងឭដូចតារាខ្លះដែលមានប្ដីនិងកូនហើយនោះទេ ពោលគឺពួកគេចង់ល្បីទាំងពីរនាក់តែម្ដង។ប៉ុន្ដែរឿងនេះអាចទៅរួចបានគឺនៅលើមហាជនជាអ្នកកំណត់ ស្របពេលស្រីនិច្ច ដែលធ្លាប់ត្រូវបានគេចាប់អារម្មណ៍ទៅលើក្បាច់រាំនាងជាងសម្លេងនោះ គ្មានផែនការណ៍បន្ធូដៃលេងក្បាច់រាំនោះទេ ទោះមានកូន១ក៍ដោយ តែអាចនឹងបញ្ចេញអ្វីដែលកាចលើសដើម។ដោយឡែកទាក់ទងរឿងរៀបការវិញបូព្រឹក្ស ធ្លាប់ប្រាប់អ្នកសារព័តមានថានាងមិនអាចនិយាយរឿងនេះបានទេ ព្រោះរឿងខ្លះអាចប្រាប់បាន ខ្លះទៀតនិយាយអត់កើត។ការវាចាបែបនេះរបស់ស្រីនិច្ច នាពេលនោះត្រូវបានគេសង្ស័យថានាងអាចនឹងធ្លាប់បានភ្ជាប់ពាក្យ ឬសែនព្រែន និងចុះអេតាស៊ីវិលហើយជាមួយដេវីត មុនពេលពួកគេសម្រេចចិត្តយកកូនដំបូងរួមគ្នានោះជាមិនខាន ខណៈដែលកាលពីឆ្នាំ២០១៩ ស្រីនិច្ច-ដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតរូបPre-Wedding រួមគ្នានៅកោះម៉ាល់ឌីវម្ដងរួចទៅហើយ។
ក្រៅពីទេព បូព្រឹក្ស តារាជ្រើសផ្លូវយកកូនមុនរៀបការមានដូចជាអ្នកនាងខាត់ សុឃីម,យុគ ចិន្ដា ,សុន ស្រីពេជ្រ ,ពេជ្រ សូលីកា ,ឌុច លីដា ,សួង សាខារ៉ានីត ,ឡោម លក្ខិណា ,នៅ សុនិតា និងផាត់ ផាន់ណា ជាដើម។ចំពោះស្នេហាបូព្រឹក្ស នាងបានអះអាងប្រាប់អ្នកសារព័តមានថាតាំងពីមានផ្ទៃពោះកូនប្រុសទេព បញ្ចាវរាប ហៅAlbert នោះម្លេះដែលស្វាមីថ្នាក់ថ្នមនាងខ្លាំងជាងពីមុនរហូតពេលខ្លះនាងឆ្ងល់ខ្លួនឯងទៀតផង។ការថ្លែងបែបនេះរបស់ស្រីនិច្ច បញ្ជាក់ថាទោះជានាងនិងដេវីត មិនទាន់មានពិធីរៀបការធំដុំជាសាធារណៈដូចគូស្នេហ៍តារាខ្លះទៀតក្ដី ប៉ុន្ដែនាងមានក្ដីសុខពេញលេញ ព្រោះម្ចាស់ស្នេហ៍ទុកនាងដូចជាព្រះនាងគឺដូចគ្នាទៅនិងនាងសួស វីសា ធ្លាប់បានសរសើរទៅដល់លោកថមមី ថ្នាក់ថ្នមនាងស្មើកែវនេត្រាដែរ។ការអះអះអាងរបស់បូព្រឹក្ស បែបនេះដែរគេជឿរថានាងអាចនឹងរៀបគម្រោងយកកូនថែមនាពេលខាងមុខ ជាជាងគិតគូរលើរឿងរៀបការឆាប់ៗជាមិនខាន ព្រោះរហូតមកដល់ពេលនេះមានគូស្នេហ៍មិនតិចហើយនោះទេ ពួកគេការផ្អើលមេឃ តែចែកផ្លូវគ្នាក៍លឿនដូចផ្លែកបន្ទោរផងដែរ។
ទេព បូព្រឹក្ស អាចនឹងធ្វើឲ្យFan របស់នាងងាកមកចាប់អារម្មណ៍សារជាថ្មីនៅពេលដែលនាងឡើងតន្រ្ដីវិញនៅពេលដ៍ខ្លីនេះក្រោយនាងបាតមុខជិតកន្លះឆ្នាំព្រោះស្រីនិច្ច សម្ងំថែគ័រ និងសម្រាល។គេចាំមើលថាក្រៅពីសម្រិតសម្រាំងបំផុតចំពោះចម្រៀងឲ្យភរិយាលោកស្ដារមុខមាត់ឡើងវិញនេះលោកដេវីត នឹងចាប់ដៃគូជាមួយបូព្រឹក្ស ដើម្បីសណ្ដោងនាងឲ្យល្បីរួមគ្នាដែរឬទេ?