ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា បានលេចមុខក្នុងកម្មវិធីរាត្រីសមោសររៃអង្គាសថវិការជួយផ្គត់ផ្គង់ដល់ដំរីខ្មែររៃអាវត្តា ជាលើកទី៥ ដែលរៀបចំនៅសណ្ឋាគារ Sun & Moon Riverside កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួន សិល្បករល្បីៗ ភ្ញៀវជាតិនិងជនជាតិបរទេសជាច្រើននាក់ផងដែរ។ឌួង ហ្សូរីដា បានចាប់ដៃជាមួយពិធីករលោកឌីជេ ហេរ៉ូ និងទ្រី ដារ៉ាវុធ ហើយពិតណាស់សកម្មភាពរបស់នាងលើសពីMC លើឆាកព្រោះនាងបានបំផុសឲ្យភ្ញៀវទាំងឡាយដែលបានចូលរួមជួយឧបត្ថម្ភថវិការដើម្បីជួយអភិរក្សដល់ដំរីខ្មែររៃអាវត្តា ផ្គត់ផ្គងដល់ចំណី និងលើការចំណាយផ្សេងៗរួមទាំងលើបុគ្គលិកហ្មដំរីឲ្យបន្ដការងារមួយនេះតទៅមុខទៀត ខណៈដែលលោកហេរ៉ូ និងដារ៉ាវុធ ក៍បានជម្រុញទឹកចិត្តសប្បុរសជនដូចនាងផងដែរ។
មិនត្រឹមតែប៉ុណ្ណោះហ្សូរីដា បានដឹកនាំក្រុមបង្ហាញម៉ូដរបស់នាង Cambodia Super Model (CSM) ដែលប្រជុំទៅដោយតារាបង្ហាញម៉ូដល្បីឈ្មោះទាំងស្រីនិងប្រុសជាច្រើនដួងនោះមកបង្ហាញម៉ូដជូនភ្ញៀវជាតិនិងអន្ដរជាតិបានទស្សនាសម្លៀកបំពាក់ប្រពៃណីខ្មែរដែលច្នៃរពីហាងកាត់ដេរ ដាណាម៉ា មានគ្រប់ម៉ូដ គ្រប់ឈុត ហើយមានទាំងម៉ូដផុសអក្សរខ្មែររំលេចនៅលើក្រណាត់អាវផងដែរ ដើម្បីឲ្យសប្បុរសជនដែលពេញចិត្តតាមម៉ូដនីមួយៗមានលេខរៀងជាសំគាល់នៅលើតារាម៉ូដែលនោះឲ្យពួកគាត់អាចទិញឈុតដែលខ្លួនស្រលាញ់បានដែលមានតម្លៃចាប់ពី២៥០ ទៅ៣៥០ ដុល្លារ ទៅតាមឈុតបុរសនិងស្រ្ដីនោះហើយថវិការដែលប្រមូលបាននឹងយកទៅឧបត្ថម្ភជូនមូលនិធិដំរីខ្មែររៃអាវត្តា ទាំងអស់ដែលសកម្មភាពរបស់នាងពិតជាធ្វើឲ្យសប្បុរសជនដែលអញ្ជើញទៅចូលរួមដោយផ្ទាល់និងទស្សនាតាមការLive សម្ដែងការកោតសរសើរដល់ពិធីការិនីរូបនេះជាខ្លាំងថានាងពិតជាបានលះបង់ទាំងកំលាំងកាយនិងចិត្តព្រមទាំងថវិការផ្ទាល់ខ្លួនដែលបានពីការលក់សម្លៀកបំពាក់ពីហាងកាត់ដេរ ដាណាម៉ា នៅរាត្រីសមោសរនោះជួយដល់ដំរីខ្មែររៃអាវត្តា យ៉ាងជាក់ស្ដែងហើយនាងធ្វើសកម្មភាពបែបនេះរយៈពេល៥ឆ្នាំមកហើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរហ្សូរីដា ក៍បានប្រកាសពីការដាក់ដេញថ្លៃរូបផ្ទាំងគំនូរដំរី និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលយកទៅបង្ហាញនៅរាត្រីនោះដើម្បីប្រមូលថវិការជួយដល់មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ។
អ្នកស្រីចិន្ដា ក្លេ ខៃ ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានឲ្យដឹងថាថវិការដែលប្រមូលបានក្នុងកម្មវិធីរាត្រីសមោសរ នេះបានជួយដល់សមាគមដើម្បីបន្ដកិច្ចការងារអភិរក្សដំដីតទៅទៀត ហើយចំណុចជោគជ័យរបស់សមាគម ដែលទទួលស្គាល់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មានទាំងវិស័យឯកជន វិស័យរដ្ឋ ដែលពី១ឆ្នាំទៅ១ឆ្នាំ ការគាំទ្រកាន់តែច្រើនឡើង ។យើងចិញ្ចឹមដំរីផង បង្កាត់ពូជដំរីផង ដែលចាយវាយច្រើន និងការដាំដើមឈើជាជម្រកសត្វ ហើយសមាគមក៍ធ្លាប់ជួយដល់ជនក្រក្សត់ផងដែរតាមជាក់ស្ដែង និងរៀបចំអេកូទេសចរណ៍ ធ្វើកសិកម្ម ដាំដុះ និងផ្ដល់ទីតាំងដល់សិស្សនិស្សិតដែលធ្វើការស្រាវជ្រាវផ្នែកបរិស្ថាន ដំរី និងវប្បធ័ម អីចឹងហើយបានជាយើងត្រូវការលុយច្រើន ព្រោះធ្វើការងារក៍ច្រើនដែរ។អ្នកស្រីចិន្ដា ក្លេ ខៃ បន្ថែមថាការចំណាយទៅលើការងារជាច្រើនមុខខាងលើនេះចំណាយក្នុង១ឆ្នាំជាង១០ម៉ឺនដុល្លារ ព្រោះយើងចំណាយទៅលើការផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស។អ្នកស្រីបន្ថែមទៀតថាដំរីខ្មែររៃអាវត្តាអភិរក្សនាពេលបច្ចុប្បន្នមានតែ៤ក្បាលទេ គឺដំរីធំពេញវ័យ៣ក្បាល ដំរីកូនញី១ក្បាល និងថ្មីៗនេះយើងបានព្យាយាមបង្កាត់ពូជរយៈពេល២ខែកន្លះ មកហើយនឹងយើងសង្ឃឹម និងមានលទ្ធផលវិជ្ជមាន តែបើមិនបានជោគជ័យ យើងនឹងធ្វើបន្ដទៀតរហូតទទួលបានលទ្ធផលល្អ។អ្នកស្រីប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានសំណូមពរឲ្យសប្បុរសជនបន្ដជួយអភិរក្សដល់ដំរីខ្មែរជាបន្ដទៀត ព្រោះថាដំរីស្រុកនៅកម្ពុជាមានចំនួនតិចតួចត្រូវការជាបន្ទាន់ដើម្បីបង្កាត់ពូជដំរី កុំឲ្យដំរីស្រុកផុតពូជ តាមរយៈការបរិច្ចាគថវិការតាមលទ្ធភាពដែលបងប្អូនអាចធ្វើបាន។
គេចាប់អារម្មណ៍ថាក្រុមសម្លៀកបំពាក់សហសម័យច្នៃ Cambodia Super Model ដែលបានបង្ហាញឈុតសម្លៀកបំពាក់ហាងកាត់ដេរ ដាណាម៉ា នោះមានដូចជាលោកញ៉ែម សុគន្ធ,ចន ច័ន្ទតារា,ប៊ើរី ,សម្បើមស័ក្ក,អ៊ុន សិទ្ធា, …,កញ្ញាសោម ស្រីនាថ ,ទេពី ,រ៉េត សារីតា ,វ៉ាន់ វរល័ក្ខ,អ៊ឹង និមល និងសារ៉ាយ សក្ខិណា ជាដើមដែលមានអ្នកគាំទ្រតាមដានដោយជក់ចិត្តជាមួយឈុតបុរាណដ៍ស្រស់ស្អាតទាំងនោះ។ចំណែកក្រុមសិល្បៈSilver Belle ,ក្រុមសម្ដែងក្បាច់គុណល្បុក្កតោ ,តារាចម្រៀងលោកSai និងការច្រៀងរួមគ្នាបទ”ខ្មែរជួយខ្មែរ “ក៍ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនផងដែរនៅរាត្រីនោះ។
ឯកឧត្តមព្រំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសារធារណៈ ដែលបានអញ្ជើញជាអធិបតីដោយផ្ទាល់កម្មវិធីរាត្រីសមោលសររៃអង្គាសថវិកាជួយដល់មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នោះមានប្រសាសន៍ថាលោកបានជួបលោកស្រីចិន្ដា ក្លេ ខៃ និងស្វាមីនៅខេត្តក្រចេះហើយបានផ្សារភ្ជាប់ជាមួយរៃអាវត្តារហូតមក។ឯកឧត្តមមានបន្ថែមថាដំរីខុសអស់សត្វផង ព្រោះចេះយំ អាចរស់នៅជាមួយមនុស្សបាន នឹងអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយញាណរបស់ដំរីអាចនាំមនុស្សដើរកាត់ព្រៃបាន ឆ្លងភ្នំជាដើម ហើយឯឧត្តមក៍ធ្លាប់ជិះដំរីឡើងភ្នំបាក់ខែង ផងដែរ។លោករដ្ឋមន្រ្ដីថែមទាំងបានសូត្រមេសូត្រដ៍ខ្លីដែលលោកបានចងចាំកាលលោកនៅវ័យកុមារដែរគឺ”ដំរីធំណាស់”ជូនភ្ញៀវទស្សនាទាំងអស់បានស្ដាប់ទៀតផង៕