Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំលោតទឹក បាត់២យប់ សពអណ្តែតឡើង

ក្រមុំលោតទឹក បាត់២យប់ សពអណ្តែតឡើង

 ខេត្តកំពង់ធំ ៖ យុវតីរូបស្រស់ម្នាក់ ជាសិស្សថ្នាក់ទី៩ ខឹងមីងស្តីបន្ទោស បែរជារត់ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន កាលពីវេលាយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ទើបប្រទះឃើញសពអណ្តែតលើផ្ទៃទឹក។ករណីប្រទះឃើញសពក្មេងស្រីលោតទឹកនេះ បានកើតតឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ទឹងសែន ស្ថិតក្នុងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ។

យុវតីដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះម៉ៅ សុភាព អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 9D នៃវិទ្យាល័យ កំពង់ធំ ជាក្មេងកំព្រាឪពុក មានម្តាយឈ្មោះហាប់ សុផាន អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ និងមានលំនៅ ភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ប្រាប់ថា សព្វថ្ងៃយុវតីរងគ្រោះ ស្នាក់នៅជាមួយអ្នកជិតខាង ឈ្មោះប៊ូ សុធារ៉ា  ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិជាមួយ ម្តាយជនរងគ្រោះខាងលើ។

 យោងតាមសារសំឡេង របស់យុវតីរងគ្រោះ មុនពេលលោតទឹកសម្លាប់ខ្លួន បង្ហាញថា ករណីអត្តឃាតកម្មនេះ បណ្តាលមកពីវិបត្តិក្នុងគ្រួសារ (ក្រុមគ្រួសារមិនចុះសម្រុងគ្នា) តែអ្នកខ្លះថា មូលហេតុដែលយុវតីរងគ្រោះលោត ទឹកសម្លាប់ខ្លួន ដោយសារខឹងជីដូន និងម្តាយមីង ដែលនៅជាមួយ ស្តីបន្ទោសរឿងដើរលេង មើលទូរស័ព្ទ មិន ជួយធ្វើការងារផ្ទះ និងខំរៀន ព្រោះត្រូវប្រឡងឌីប្លូមផង។

ក្រោយពីយុវតីរងគ្រោះ បានលោតពីលើស្ពាន ចូលទៅក្នុងទឹកស្ទឹងសែន កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣ មក ទាំងក្រុមគ្រួសារ និងកម្លាំងកម្លាំងសមត្ថកិច្ច រួមទាំងកងរាជអាវុធហត្ថ បានព្យាយាមតាមរាវរកដែរ តែរកមិនឃើញសោះ។ រហូតមកដល់វេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ទើបបានប្រទះ ឃើញសពយុវតីរងគ្រោះខាងលើ អណ្តែតនៅចំណុចស្ទឹងសែន ស្ថិតក្នុងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ និងត្រូវបានកម្លាំងសមត្ថកិច្ចស្រង់ឡើងមកលើគោក ដើម្បីពិនិត្យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយ សារលង់ទឹកប្រាកដមែន។

សពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES