សុីរី៖ ការិយាល័យសេនាធិការចំរុះនៃកងទ័ពតួកគីបានថ្លែងកាលពីថ្ងៃច័ន្ទថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៦៥នាក់ត្រូវបានបាញ់សម្លាប់ដោយកងទ័ពតួកគីក្នុងតំបន់ Al-Bab នៃភាគខាងជើងប្រទេសស៊ីរី កាលពី២៤ម៉ោងមុន ។
យោងតាមកងទ័ពតួកគី គោលដៅចំនួន១៩៤ទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធត្រូវបានបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំរាប់បញ្ចូលកន្លែងលាក់ខ្លួន ទីតាំងសម្រាប់ការពារខ្លួន ទីបញ្ជាការយោធា ឃ្លាំងអាវុធនិងយានចម្បាំងជាដើម។ យន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តក៏បានបើកការវាយប្រហារលើគោលដៅរបស់ក្រុមអាយស៊ីសក្នុងតំបន់ Tadif , Abu Jabbar និង Uwayshiyah និងបានបំផ្លាញរថក្រោះមួយគ្រឿង និងយានផ្ទុកអាវុធ យានដទៃនិងកាំភ្លើងត្បាល់ជាដើម ។ ក្រុមយោធាបានបន្ថែមថាគ្រឿងផ្ទុះកែច្នៃសរុបចំនួន៣១១៣គ្រាប់ និង មីន៥៥គ្រាប់ត្រូវបានកំទេចចោលចាប់តាំងពីការចាប់ផ្តើមបើកប្រតិបត្តិការ ។ កងទ័ពតួកគីបានចាប់ផ្តើមប្រតិបត្តិដែលគេឲ្យឈ្មោះថា Euphrates Shield កាលពីខែសីហាប្រឆាំងទាំងក្រុមអាយស៊ីសនិងកងកម្លាំងការពារប្រជាជនឃឺតស៊ីរី (YPG) យោធាបក្សសម្ព័ន្ធប្រជាធិបតេយ្យឃឺតស៊ីរី (PYD) ។ តួកគីយល់ឃើញថាកងកម្លាំង YPG និង PYD ជាអង្គការភេរវកម្មដោយសារតែពួកគេទាក់ទងនឹងក្រុមជនក្រៅច្បាប់បក្សពលករឃឺតឌីស្តង់ (PKK) ។ |