Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិយោធាអាមេរិក បដិសេធ​មិន បានចូលដៃ ជាមួយរុស្ស៊ី​វាយ​ ISIS ឡើយ

យោធាអាមេរិក បដិសេធ​មិន បានចូលដៃ ជាមួយរុស្ស៊ី​វាយ​ ISIS ឡើយ

ព័ត៌មានទាន់ហេតុការណ៍

សហរដ្ឋអាមេរិក៖ មន្ទីរបង់តេហ្គូន​កាលពីថ្ងៃច័ន្ទ​ធ្វើការ​បដិសេធថា​ខ្លួនបាន​សម្របសម្រួល​ជាមួយ​និងរុស្ស៊ី​ក្នុងការ​វាយប្រហារ​ពីដែនអាកាស​ក្នុងប្រទេស​ស៊ីរី បន្ទាប់ពី​ក្រសួងការពារជាតិ​រុស្ស៊ី​ថ្លែងថា​សហរដ្ឋអាមេរិក​បានផ្តល់នូវ​ការ​សម្របសម្រួល​ចំពោះ​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ី​ស្លាម ។

ក្រសួងការពារជាតិ​រុស្ស៊ី​បានថ្លែងថា​យោធារុស្ស៊ី​បាន​ទទួល​ការ​សម្របសម្រួល​ពីភាគី​អាមេរិក​ក្នុង​ការដាក់ទិសដៅ​វាយ​ប្រហារ​នៅ​ក្បែរតំបន់​អាល់បាប​របស់ស៊ីរី ។

តាមការ​ស្រង់សម្តី​ពី​ទីភ្នាក់ងារព័ត៌មាន TASS ឲ្យដឹងថា​លទ្ធ​ផល​នៃ​ប្រតិបត្តិការរួមគ្នានេះ​ ឃ្លាំងអាវុធ​យុទ្ធភ័ណ្ឌមួយចំនួន​ក៏ដូចជា​តំបន់​មួយ​ដែល​ក្រុមសកម្មប្រយុទ្ធ​បាន​ប្រមូលផ្តុំ​​ដោយ​សម្ភារៈ​ផ្សេងៗ​ត្រូវបានបំផ្លាញ​ចោល ។ តែយ៉ាងណាមន្ទីរបង់តេហ្គូន​បាន​បដិសេធ​ចំពោះ​ការលើកឡើងបែបនេះ ។

ជាក់ស្តែង​អ្នកនាំពាក្យ​មន្ទីរបង់តេហ្គូន​លោក Eric Pahon បានថ្លែងថា​ក្រសួង​ការពារ​ជាតិ​មិន​បាន​សម្រប​សម្របជាមួយនិង​យោធារុស្ស៊ី​​លើ​ការ​វាយប្រហារ​ពីដែនអាកាស​លើ​ក្រុម​អាយស៊ីស​ក្នុង​ប្រទេស​ស៊ីរីឡើយ ។

លោក Pahon បានថ្លែងថា​ក្រសួងការពារ​ជាតិ​មាន​បណ្តាញ​មួយ​នៃទំនាក់ទំនង​ជាមួយនិង​យោធារុស្ស៊ី​ដែល​ផ្តោត​សំខាន់​​លើ​ការ​ចៀសវាង​ប៉ះទង្គិច​ក្នុង​ដែនអាកាស​លើ​ប្រទេស​ស៊ីរី​។

រុស្ស៊ី​និង​សហរដ្ឋអាមេរិកគាំទ្រ​ភាគីប្រឆាំង​ក្នុង​ជម្លោះ​នៅ​ស៊ីរី​ ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុងមូស្គូ​គាំទ្រ​លោកប្រធានាធិបតី Bashar al-Assad ចំណែក​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមឧទ្ទាម​មូស្លីម​កាន់និកាយ​សាន់នី ។

សហរដ្ឋអាមេរិក​ក៏​កំពុង​ដឹកនាំ​សម្ព័ន្ធមិត្ត​អន្តរជាតិ​មួយ​ក្នុងការ​បើកការ​វាយប្រហារ​ពីដែន​អាកាស​ប្រឆាំងនិង​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ ។

នៅពេលដែលមាន​ការ​ចោទសួរថា​តើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​​​បើ​ក​​ប្រតិបត្តិការ​នៃសកម្ម​ភាព​យោធា​រួម​ជាមួយនិង​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer បានថ្លែងក្នុងអំឡុងពេ​ល​នៃសន្និសិទសារព័ត៌មាន​​មួយ​កាលពីថ្ងៃ​ច័ន្ទ​ថា​ ប្រសិនជា​មាន​មធ្យោបាយ​មួយ​ដែល​យើង​អាច​ប្រយុទ្ធគ្នាជាមួយ​ក្រុមអាយស៊ីស​​ដោយមាន​ការ​ចូល​រួម​ជាមួយ​និង​ប្រទេស​ដទៃ​ ទោះជា​វា​ជា​រុស្ស៊ី​ឬ​ប្រទេសណាក្តី គឺ​យើង​បានបែងចែកនូវ​ផលប្រយោជន៍ជា​តិ​​ ដូច្នេះ​​គឺយើង​នឹង​ទទួលយក​​ប្រទេស​នេះ ។

ទោះជាយ៉ាងណា​លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែបាន​លើកឡើងជារឿយៗ​ក្នុង​យុទ្ធនាការ​ឃោសនា​​របស់លោកថា​លោកនឹង​ធ្វើ​ការ​ជាមួយនិង​រុស្ស៊ី​ដើម្បី​ប្រយុទ្ធ​ប្រយុទ្ធ​ប្រឆាំងនិង​ក្រុម​អាយស៊ីស​ដែលកាន់កាប់ទឹកដី​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី និង​ក្រុមសកម្មប្រយុទ្ធដទៃទៀត​។

 

 

RELATED ARTICLES