ព័ត៌មានទាន់ហេតុការណ៍
សហរដ្ឋអាមេរិក៖ មន្ទីរបង់តេហ្គូនកាលពីថ្ងៃច័ន្ទធ្វើការបដិសេធថាខ្លួនបានសម្របសម្រួលជាមួយនិងរុស្ស៊ីក្នុងការវាយប្រហារពីដែនអាកាសក្នុងប្រទេសស៊ីរី បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីថ្លែងថាសហរដ្ឋអាមេរិកបានផ្តល់នូវការសម្របសម្រួលចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាយោធារុស្ស៊ីបានទទួលការសម្របសម្រួលពីភាគីអាមេរិកក្នុងការដាក់ទិសដៅវាយប្រហារនៅក្បែរតំបន់អាល់បាបរបស់ស៊ីរី ។
តាមការស្រង់សម្តីពីទីភ្នាក់ងារព័ត៌មាន TASS ឲ្យដឹងថាលទ្ធផលនៃប្រតិបត្តិការរួមគ្នានេះ ឃ្លាំងអាវុធយុទ្ធភ័ណ្ឌមួយចំនួនក៏ដូចជាតំបន់មួយដែលក្រុមសកម្មប្រយុទ្ធបានប្រមូលផ្តុំដោយសម្ភារៈផ្សេងៗត្រូវបានបំផ្លាញចោល ។ តែយ៉ាងណាមន្ទីរបង់តេហ្គូនបានបដិសេធចំពោះការលើកឡើងបែបនេះ ។
ជាក់ស្តែងអ្នកនាំពាក្យមន្ទីរបង់តេហ្គូនលោក Eric Pahon បានថ្លែងថាក្រសួងការពារជាតិមិនបានសម្របសម្របជាមួយនិងយោធារុស្ស៊ីលើការវាយប្រហារពីដែនអាកាសលើក្រុមអាយស៊ីសក្នុងប្រទេសស៊ីរីឡើយ ។
លោក Pahon បានថ្លែងថាក្រសួងការពារជាតិមានបណ្តាញមួយនៃទំនាក់ទំនងជាមួយនិងយោធារុស្ស៊ីដែលផ្តោតសំខាន់លើការចៀសវាងប៉ះទង្គិចក្នុងដែនអាកាសលើប្រទេសស៊ីរី។
រុស្ស៊ីនិងសហរដ្ឋអាមេរិកគាំទ្រភាគីប្រឆាំងក្នុងជម្លោះនៅស៊ីរី ស្របពេលដែលរដ្ឋាភិបាលក្រុងមូស្គូគាំទ្រលោកប្រធានាធិបតី Bashar al-Assad ចំណែករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ការគាំទ្រដល់ក្រុមឧទ្ទាមមូស្លីមកាន់និកាយសាន់នី ។
សហរដ្ឋអាមេរិកក៏កំពុងដឹកនាំសម្ព័ន្ធមិត្តអន្តរជាតិមួយក្នុងការបើកការវាយប្រហារពីដែនអាកាសប្រឆាំងនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។
នៅពេលដែលមានការចោទសួរថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការនៃសកម្មភាពយោធារួមជាមួយនិងរុស្ស៊ីក្នុងប្រទេសស៊ីរី អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានថ្លែងក្នុងអំឡុងពេលនៃសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា ប្រសិនជាមានមធ្យោបាយមួយដែលយើងអាចប្រយុទ្ធគ្នាជាមួយក្រុមអាយស៊ីសដោយមានការចូលរួមជាមួយនិងប្រទេសដទៃ ទោះជាវាជារុស្ស៊ីឬប្រទេសណាក្តី គឺយើងបានបែងចែកនូវផលប្រយោជន៍ជាតិ ដូច្នេះគឺយើងនឹងទទួលយកប្រទេសនេះ ។
ទោះជាយ៉ាងណាលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែបានលើកឡើងជារឿយៗក្នុងយុទ្ធនាការឃោសនារបស់លោកថាលោកនឹងធ្វើការជាមួយនិងរុស្ស៊ីដើម្បីប្រយុទ្ធប្រយុទ្ធប្រឆាំងនិងក្រុមអាយស៊ីសដែលកាន់កាប់ទឹកដីក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី និងក្រុមសកម្មប្រយុទ្ធដទៃទៀត។