សមុទ្រចិនខាងត្បូង
អាមេរិក៖ រដ្ឋបាលសហរដ្ឋអាមេរិកថ្មីរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកនឹងរារាំងចិនមិនឲ្យកាន់កាប់ទឹកដីក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រចិនខាងត្បូង ស្របពេលដែលបណ្តាញព័ត៌មានរដ្ឋរបស់ចិនមួយចំនួនបានព្រមានតម្រូវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើសង្គ្រាមតែម្តង។
ការធ្វើអត្ថាធិប្បាយដ៏ខ្លីពីអ្នកនាំពាក្យរបស់សេតវិមានលោក Sean Spicer បានបង្ហាញឲ្យឃើញពីសញ្ញាដែលកើតចេញពីសករាជដ៏មានការប្រុងប្រយ័ត្នមួយរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យចិនស្តាប់តាមបង្គាប់ចំពោះការពោលអះអាងពីដែនដីរបស់ចិនក្នុងតំបន់អាស៊ី គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកដូណាល់ ត្រាំ ចូលកាន់តំណែងកាលពីថ្ងៃសុក្រ ។
មន្ត្រីអ្នកនាំពាក្យរូបនោះថែមទាំងបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងធ្វើឲ្យច្បាស់ថាយើងការពារផលប្រយោជន៍របស់យើងនៅទីនោះ ម្យ៉ាងចិនមិនគួរត្រូវបានអនុញ្ញាតឲ្យចូលទៅដល់បណ្តាកោះនានាដែលខ្លួនបានសាងសង់ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងឡើយ ។
លោកបានបន្ថែមថាវាគឺជាសំណួរមួយថាតើប្រសិនជាកោះទាំងនោះពិតជាស្ថិតក្នុងដែនទឹកអន្តរជាតិនិងមិនមែនជាផ្នែកមួយដ៏ត្រឹមត្រូវរបស់ចិន យើងនឹងធ្វើឲ្យច្បាស់ថាយើងការពារដែនដីអន្តរជាតិពីការកាន់កាប់របស់ប្រទេសមួយ ។
គួរកត់សម្គាល់ថាបណ្តាញព័ត៌មានចិនមួយចំនួនបានលើកឡើងថាសហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើសង្គ្រាមដើម្បីរារាំងសកម្មភាពរបស់ចិនលើកោះទាំងនោះដែលខ្លួនបានកសាងកម្លាំងយោធានិងដំឡើងប្រព័ន្ធសព្វាវុធនោះ ។