អុីរ៉ាក់៖ ប្រភពផ្លូវការឲ្យដឹងថាសភាអ៊ីរ៉ាក់បានបោះឆ្នោតកាលពីថ្ងៃច័ន្ទក្នុងការស្នើឲ្យរដ្ឋាភិបាលអនុម័តនូវការឆ្លើយតបឬធ្វើបដិការដោយហាមប្រាមជនជាតិអាមេរិកាំងមិនឲ្យធ្វើដំណើរមកកាន់ប្រទេសអ៊ីរ៉ាក់ប្រសិនជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនព្រមដកការសម្រេចចិត្តរបស់ខ្លួនចំពោះការហាមឃាត់ជនជាតិអ៊ីរ៉ាក់ចូលស្រុកអាមេរិកនោះ ។
សំណើរនេះគឺជាការឆ្លើយតបទៅនឹងបទបញ្ជារបស់អង្គនីតិប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល៉ ត្រាំ ដោយរារាំងប្រជាជនអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី ស៊ូដង់ ស៊ូម៉ាលី លីប៊ីនិងយេម៉ែនមិនឲ្យចូលប្រទេសសហរដ្ឋអាមេរិកក្នុងរយៈពេល៩០ថ្ងៃ ជាការផ្លាស់ប្តូរមួយដែលលោកធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសុវត្ថិភាពចំពោះសហរដ្ឋអាមេរិកពីក្រុមភេរវកររ៉ាឌីកាល់អ៊ីស្លាម ។
មន្ត្រីរដ្ឋសភាមួយរូបដែលមានវត្តមានក្នុងការបោះឆ្នោតនោះបានថ្លែងប្រាប់ AFP ថាសភាបានស្នើទៅរដ្ឋាភិបាលអ៊ីរ៉ាក់ឲ្យធ្វើការឆ្លើយតបនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកាំងបែបនេះប្រសិនជាភាគីអាមេរិកមិនព្រមដកការសម្រេចចិត្តរបស់ខ្លួនវិញ ។
លោកសមាជិកសភាលោក Hakim al-Zamili បានថ្លែងថាសភាបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសំណើរឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រសួងការបរទេសឆ្លើយតបការសម្រេចចិត្តរបស់អាមេរិកដែលហាមមិនឲ្យពលរដ្ឋខ្លួនចូលសហរដ្ឋអាមេរិក ។
ចំណែកលោក Sadiq al-Laban ដែលជាសមាជិកសភាដទៃទៀតបានអះអាងថាការបោះឆ្នោតនេះគឺធ្វើឡើងដើម្បីដាក់សំណើទៅរដ្ឋាភិបាលឲ្យចាត់វិធានការណ៍តបតវិញចំពោះពលរដ្ឋអាមេរិក។ លោក Laban បានថ្លែងថាយើងប្រឆាំងនឹងជំហររបស់រដ្ឋាភិបាលថ្មី សហរដ្ឋអាមេរិក ។ យើងរំពឹងថារដ្ឋបាលថ្មីអាមេរិកនឹងពិចារណាឡើងវិញចំពោះការសម្រេចចិត្តនេះ ។