ឥណ្ឌា–ប៉ាគីស្ថាន៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារបានទាមទារឲ្យប៉ាគីស្ថានដឹកនាំសកម្មភាពចុះបង្ក្រាបក្រុមសកម្មប្រយុទ្ធដែលគួរឲ្យទុកចិត្តបានមួយបន្ទាប់ពីសមាជិកម្នាក់ក្នុងចំណោមមេក្លោងវាយប្រហារក្រុងមុមបៃកាលពីឆ្នាំ២០០៨ ត្រូវបានចាប់ខ្លួននៅវិហារអ៊ីស្លាមមួយក្នុងតំបន់ Lahore ។
ក្រសួងការបរទេសឥណ្ឌាឲ្យដឹងបន្ទាប់ពីមេដឹកនាំក្រុម Jamaat-ud-Dawa ត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ចកាលពីរាត្រីថ្ងៃច័ន្ទថាការប្រើកម្លាំងដូចជាបទបញ្ជាកាលពីម្សិលមិញប្រឆាំងនិងលោក Hafiz Saeed និងអ្នកដទៃទៀតត្រូវបានអនុវត្តដោយប៉ាគីស្ថានកាលពីអតីតកាលរួចមកហើយដែរ ។
ប្រភពបានបន្តថាមានតែការបង្ក្រាបគួរឲ្យជឿជាក់បានលើមេក្លោងនៃការរៀបចំគម្រោងការណ៍វាយប្រហារភេរវកម្មក្នុងក្រុងមុមបៃនិងអង្គការភេរវករដែលជាប់ពាក់ព័ន្ធនិងអំពើភេរវកម្មឆ្លងដែនប៉ុណ្ណោះទេ ដែលនឹងបង្ហាញឲ្យឃើញពីភាពស្មោះត្រង់របស់រដ្ឋាភិបាលប៉ាគីស្ថាន។
បព្វជិតខាងលើត្រូវបានឃាត់ខ្លួនដោយប៉ូលិសចំណែកអ្នកដើរតាមក្រុម JuD ៤នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនោះផងដែរ ។ វាមិនមានការបង្ហាញឲ្យជាក់លាក់ថាមូលហេតុអ្វីបានប៉ាគីស្ថានជ្រើសរើសយកការចាត់វិធានការប្រឆាំងនិងក្រុមនេះឡើយ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចបានថ្លែងថាពួកគេធ្វើតាមកាតព្វកិច្ចដែលចាំបាច់ត្រូវចាត់វិធានការមួយចំនួន ។
រីឯឥណ្ឌាបានលើកឡើងថាក្រុម JuD ជាក្រុមជួរមុខសម្រាប់ក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលខ្លួនបានចោទប្រកាន់ពីការប្រតិបត្តិការវាយប្រហារលើរដ្ឋធានីឥណ្ឌាកាលពីខែវិច្ឆិកាឆ្នាំ២០០៨ បណ្តាលឲ្យមនុស្សស្លាប់ជាង១៦០នាក់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា