រុស្ស៊ី៖ បណ្តាញព័ត៌មានចិនផ្សាយថាការប្រលងភាសាចិននឹងទំនងជាត្រូវបានគេណែនាំនៅតាមបណ្តាសាលារៀនក្នុងប្រទេសរុស្ស៊ីឲ្យអនុវត្តចាប់ពីឆ្នាំ២០១៨តទៅ នេះបើតាមការបង្ហើបឲ្យដឹងពីគ្រឹះស្ថានអប់រំកម្រិតថ្នាក់ជាតិរបស់រុស្ស៊ី។
អគ្គនាយកគ្រឹះស្ថានសហព័ន្ធរុស្ស៊ីផ្នែកគរុកោសល្យលោក Oxana Reshetnikova ត្រូវបានទីភ្នាក់ងារព័ត៌មានក្នុងស្រុក Moskva បានស្រង់សម្តីកាលពីថ្ងៃអង្គារថាមានគម្រោងមួយអំពីការណែនាំធ្វើតេស្តភាសាចិនក្នុងក្របខ័ណ្ឌនៃការប្រលងតាមសាលារដ្ឋថ្នាក់មូលដ្ឋានសម្រាប់សិស្សថ្នាក់ទី៩ក្នុងឆ្នាំ២០១៨និងថ្នាក់បាក់ឌុបនៅឆ្នាំ២០២០ខាងមុខនេះ។
ការប្រលងកម្រិតថ្នាក់ឌីប្លូមរុស្ស៊ីគឺជាការប្រលងដែលជាកាតព្វកិច្ចសម្រាប់សិស្សថ្នាក់ទី៩ហើយថ្នាក់បាក់ឌុបសម្រាប់សិស្សថ្នាក់ទី១១ដែលចាំបាច់ត្រូវបំពេញគុណវឌ្ឍដើម្បីចូលសិក្សាបន្តនៅកម្រិតឧត្តមសិក្សាឬសាកលវិទ្យាល័យ ។
អ្នកចូលរួមប្រលងទាំងពីរកម្រិតថ្នាក់សិក្សាទាំងពីរខាងលើថ្មីៗនេះមានជម្រើសជាភាសាអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអេស្ប៉ាញជាផ្នែកមួយនៃមុខវិជ្ជាភាសាបរទេសនៅក្នុងការប្រលង ។
អង្គការឃ្លាំមើលការអប់រំរបស់រុស្ស៊ីឲ្យដឹងថា ភាសាចិនបច្ចុប្បន្នត្រូវបានគេបង្ហាត់បង្រៀនក្នុងបណ្តាគ្រឹះស្ថានអប់រំចំនួន១២៣ក្នុងតំបន់ចំនួន៣៤ទូទាំងប្រទេសរុស្ស៊ីដែលក្នុងនោះមានសិស្សសិក្សាលើសពី១៧.០០០នាក់ដែលក្នុងរង្វង់៥ពាន់នាក់ជាសិស្សថ្នាក់ទី៨ដល់ទី១១។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា