Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន ថា​សង្គ្រាម​អាមេរិក-ចិន​នៅ ​សមុទ្រ​ចិនខាងត្បូង​ នឹង​មិនកើតឡើងឡើយ

ហ្វីលីពីន ថា​សង្គ្រាម​អាមេរិក-ចិន​នៅ ​សមុទ្រ​ចិនខាងត្បូង​ នឹង​មិនកើតឡើងឡើយ

សមុទ្រចិនខាងត្បូង៖ យោងតាម​រដ្ឋមន្ត្រីការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana ក្តីបារម្ភ​ដែល​ថា​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នឹង​ចាប់​ផ្តើម​ធ្វើសង្គ្រាម​​ជាមួយចិន​លើ​ដែនដី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​ជា​ការ​បំប៉ោងព័ត៌មានតែប៉ុណ្ណោះ ។​

ថ្លែងក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ទីបញ្ជាការ​ Camp Aguinaldo ក្នុងរដ្ឋធានី​ម៉ានីល​កាលពីថ្ងៃព្រហស្បត្តិ៍​ប្រមុខការ​ពារជាតិ​ដែលមានវ័យ​៦៨ឆ្នាំ​និងបាន​ចំណាយ​ពេល​ជាងមួយ​ទសវត្សរ៍​ជាអនុព័ន្ធការពារ​ជាតិក្នុង​ទីក្រុង​វ៉ាស៊ីនតោន​​បាន​ឲ្យ​ដឹងថា​ ខ្ញុំគិតថា​វានឹងមិនកើតឡើង​ឡើយ ចំពោះ​ការ​ផ្ទុះសង្គ្រាមនៅ​សមុទ្រ​ចិន​ខាងត្បូង​រវាងចិននិង​សហរដ្ឋអាមេរិក ។ លោកត្រាំ គឺជា​អ្នកជំនួញម្នាក់​ហើយ​​គាត់ដឹងច្បាស់ថា​ប្រសិនជា​សង្គ្រាមផ្ទុះឡើង​ប្រាកដមែន​ អ្នកជំនួញទាំងឡាយ​នឹង​​រងគ្រោះជាមិនខានឡើយ ។

ការអះអាងថ្មីៗនេះ​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Rex Tillerson បាន​ជំរុញឲ្យ​មានការ​​រិះគន់យ៉ាងចាស់ដៃពី​សំណាក់​រដ្ឋាភិបាល​ក្រុងប៉េកាំង​កាលពី​ខែ​មុន​នៅពេល​ដែល​លោក​ថ្លែងថា​សហរដ្ឋអាមេរិក​នឹង​ស្វែងរក​ការទប់ស្កាត់​ចិន​ពី​ការ​កសាង​កម្លាំង​លើ​កោះថ្មប៉ប្រះទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ។ លោកបាន​​ចោទ​ជា​សំណួរថា​ ថាតើ​អ្នក​អាច​ទប់ស្កាត់​អ្វី​ដែល​កសាងរួចទៅហើយ​នៅទីនោះម្តេចបាន​?

ហ្វីលីពីនបាន​ងាក​មករក​ចិន​និង​រុស្ស៊ី​ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Duterte ​ដែលបំផ្លាញ​ដល់​សម្ព័ន្ធមិត្តសន្តិសុខ​ជាមួយសហរដ្ឋអាមេរិក​ដែល​​បានស៊ូទ្រាំ​រួមរស់ជាមួយគ្នា​ចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ​។

គួរបញ្ជាក់ថា​ហ្វីលីពីននិង​ចិន​ស្ថិតក្នុងចំណោម​អ្នក​អះអាង​ទាំង៦​ក្នុងដែនដី​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែលជា​បណ្តាញ​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​និង​មាន​សម្បូរដោយ​ឧស្ម័នធម្មជាតិ​និង​ប្រេង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES