សមុទ្រចិនខាងត្បូង៖ យោងតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana ក្តីបារម្ភដែលថាលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងចាប់ផ្តើមធ្វើសង្គ្រាមជាមួយចិនលើដែនដីជម្លោះក្នុងសមុទ្រចិនខាងត្បូងគឺជាការបំប៉ោងព័ត៌មានតែប៉ុណ្ណោះ ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅទីបញ្ជាការ Camp Aguinaldo ក្នុងរដ្ឋធានីម៉ានីលកាលពីថ្ងៃព្រហស្បត្តិ៍ប្រមុខការពារជាតិដែលមានវ័យ៦៨ឆ្នាំនិងបានចំណាយពេលជាងមួយទសវត្សរ៍ជាអនុព័ន្ធការពារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្ញុំគិតថាវានឹងមិនកើតឡើងឡើយ ចំពោះការផ្ទុះសង្គ្រាមនៅសមុទ្រចិនខាងត្បូងរវាងចិននិងសហរដ្ឋអាមេរិក ។ លោកត្រាំ គឺជាអ្នកជំនួញម្នាក់ហើយគាត់ដឹងច្បាស់ថាប្រសិនជាសង្គ្រាមផ្ទុះឡើងប្រាកដមែន អ្នកជំនួញទាំងឡាយនឹងរងគ្រោះជាមិនខានឡើយ ។
ការអះអាងថ្មីៗនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានជំរុញឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីខែមុននៅពេលដែលលោកថ្លែងថាសហរដ្ឋអាមេរិកនឹងស្វែងរកការទប់ស្កាត់ចិនពីការកសាងកម្លាំងលើកោះថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ។ លោកបានចោទជាសំណួរថា ថាតើអ្នកអាចទប់ស្កាត់អ្វីដែលកសាងរួចទៅហើយនៅទីនោះម្តេចបាន?
ហ្វីលីពីនបានងាកមករកចិននិងរុស្ស៊ីក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលបំផ្លាញដល់សម្ព័ន្ធមិត្តសន្តិសុខជាមួយសហរដ្ឋអាមេរិកដែលបានស៊ូទ្រាំរួមរស់ជាមួយគ្នាចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ។
គួរបញ្ជាក់ថាហ្វីលីពីននិងចិនស្ថិតក្នុងចំណោមអ្នកអះអាងទាំង៦ក្នុងដែនដីជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលជាបណ្តាញផ្លូវពាណិជ្ជកម្មដ៏សំខាន់និងមានសម្បូរដោយឧស្ម័នធម្មជាតិនិងប្រេង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា