ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលកំពុងរស់និទេសនៅប្រទេសហ្វាំងឡង់ បានរំលឹកពីបទពិសោធន៍ជាប់គុកនៅស្រុកខ្មែរ និងស្ថានភាពពិតនៅមណ្ឌលកែប្រែទី១ (ម១) ហៅគុកព្រៃស ដោយលោកបានលើកឡើងថា ការរំលឹកបទពិសោធន៍ជាប់គុកនេះ ក្នុងចេតនាចង់ឲ្យសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបច្បាស់ ក្រែងលោរបាយការណ៍ពីមន្ត្រីពន្ធនាគារ សរសេរខ្វះចន្លោះ ភ្លេចចំណុចទាំងនេះ ធ្វើឲ្យយល់ច្រឡំ ហើយវាយតម្លៃខុស។
លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ស្ថានភាពក្នុងពន្ធនាគារនៅកម្ពុជាយើង គឺអ្នកជាប់ឃុំ ៖ ត្រូវដេកតម្រៀបគ្នាដូចនំអន្សមខែភ្ជុំបិណ្ឌ រើខ្លួនមិនរួច។ គ្មានទឹកស្អាតហូប និងគ្មានទឹកស្អាតប្រើគ្រប់គ្រាន់ ដើម្បីសម្អាតខ្លួន។ ម្នាក់បានទឹកស្អាតងូត តែ៣ផ្តិលតូច ក្នុងមួយថ្ងៃ។ អាហារវិញ បាយគ្មានក្លិនជាបាយ សម្លឆ្អាបឆ្អើមជាងចំណីជ្រូក។ ខែប្រាំង ក្ដៅខ្លាំង ដេកហិតញើសគ្នា ប្រមាណ ៣០ប្រភេទក្លិនផ្សេងៗគ្នា ក្នុងបន្ទប់ឃុំឃាំងតូចមួយ ដាក់មនុស្សខ្ទង់ ៣០នាក់។ អ្នកដែលមានប្រតិកម្មនឹងក្លិន (Allergy) អាចសន្លប់ញឹកញាប់។ ខែវស្សា មានភ្លៀង ស្ទះលូ ដេកហិតក្លិនលាមក ដែលផុសចេញពីលូ ព័ទ្ធជុំវិញបន្ទប់ឃុំឃាំង ឡើងមកកំដរច្រមុះរាល់ថ្ងៃ។ ស្រូបចូលពេញៗច្រមុះ ហើយបើបិទច្រមុះ ហៀរក្លិនចូលមាត់…“ ។
លោកគឹម សុខ បន្តថា “កុំថាឡើយ សេង ធារី ធ្វើពហិការតមអាហារ ដែលធ្វើឲ្យគាត់មានជំងឺ គឺទោះបីជាអ្នកហូបអាហារទៀងទាត់ យ៉ាងហោចណាស់ក៏កើតកមរមាស់ អេះប្រញៃដៃ រាល់យប់ថ្ងៃ ដេកមិនលក់ទេ។ និយាយដល់រឿងនេះ ខ្ញុំសូមអរគុណអង្គការលីកាដូ ដែលបានជួយផ្ដល់ថ្នាំល្អៗឲ្យខ្ញុំ និងអ្នកជាប់ឃុំផ្សេងទៀត បានព្យាបាលជំងឺ។ នេះមិនមែនជាការរិះគន់របស់ខ្ញុំទេ ប៉ុន្តែសូមនិយាយពីបទពិសោធន៍ពិតក្នុងពន្ធនាគារ ដែលខ្ញុំបានឆ្លងកាត់។ ចេតនារបស់ខ្ញុំ គឺចង់ឲ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជ្រាបច្បាស់ ក្រែងលោរបាយការណ៍ពីមន្ត្រីពន្ធនាគារ សរសេរខ្វះចន្លោះ ភ្លេចចំណុចទាំងនេះ ធ្វើឲ្យសម្ដេច យល់ច្រឡំ ហើយវាយតម្លៃខុស“ ។
លោកគឹម សុខ បន្តទៀតថា “ខ្ញុំមានបំណងសូមសម្ដេច ពិចារណាដោះស្រាយបញ្ហានេះ គឺដោះលែងអ្នកជាប់ឃុំ ដោយសារការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឲ្យមានសេរីភាពវិញ។ លើសពីនេះទៀត ក៏ជាការបើកឱកាសឲ្យខ្មែរយើងគ្រប់និន្នាការ អាចរួមគ្នាកម្ទេចរនាំងជាប់គាំងនយោបាយផ្ទៃក្នុងជាតិយើង និងងាកមកញញឹមដាក់គ្នា កសាងជាតិជាមួយគ្នា។ វិធីដែលល្អបំផុត គឺមានតែសុំសម្ដេចតេជោ ចាប់ផ្ដើមធ្វើក្បាលម៉ាស៊ីនដឹកនាំចរចាផ្សះផ្សា បង្រួបបង្រួមជាតិ។ វិធីនេះ សម្ដេច ក៏នៅតែឈ្នះ និងរីករាយ ចំណែកប្រជាជាតិខ្មែរ ក៏អាចផុតពីការឈឺចាប់។ ខ្ញុំសូមរំឭកប្រសាសន៍ដ៏ល្អរបស់សម្ដេចតេជោ ឡើងវិញថា «សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់» ។
ជុំវិញការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាធ្លាប់ជាប់ពន្ធនាគារព្រៃស ២ដង រយៈពេល៤ឆ្នាំ បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា អ្វីដែលលោកគឹម សុខ អះអាងពីបទពិសោធន៍ និងស្ថានភាពនៅក្នុងគុកព្រៃស ខាងលើនេះ មិនជាការខុសទេ គឺជាការពិតដល់ទៅ ៨៥-៩០% ។ ជាមួយនេះ លោកមាជ សុវណ្ណារ៉ា ក៏បានរំលឹកពីបទពិសោធន៍របស់លោក ក្នុងគុកផងដែរ ហើយលោកផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល គួរតែមានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ នៅក្នុងពន្ធនាគារ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “អ្វីដែលលោកគឹម សុខ អះអាង គឺជាការពិតដល់ទៅ ៨៥-៩០% ប៉ុន្តែក៏វាមានមនោសញ្ចេតនានៃការរាប់អាន ការឲ្យតម្លៃ ក្នុងនាមជាអតីតអ្នកទោសនយោបាយ គឺពួកឆ្មាំ ក៏ដូចមន្រ្តីប៉ូលិស ថ្នាក់ដឹកនាំនៅក្នុងពន្ធនាគារព្រៃស ដែលខ្ញុំបានឆ្លងកាត់បទពិសោធន៍ពីរដង ៤ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រ គឺខ្ញុំបានឆ្លងកាត់នៅទីនោះ គឺថា ក្នុងនាមខ្ញុំជាអតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិ គឺឃើញថា ទោះបីជាពួកគាត់បន្តឹងវិន័យ មានន័យថា មិនប្រហែស មានន័យថា គាត់ប្រុងប្រយ័តជានិច្ចជាមួយនឹងអតីតអ្នកទោសនយោបាយ កាលចូលដំបូង គឺគាត់បន្ដឹងការចេញលេង រួចហើយត្រូវចូលវិញ ការស្នាក់នៅ វាមានការចង្អៀត ក្នុង១បន្ទប់អីហ្នឹង គឺថាមានមិនតិចពី ៣០នាក់ ទៅ៤០នាក់ អគារធំ ក៏វាដល់ទៅ ៦០នាក់ ៧០នាក់ទៅ អគារបន្ទប់តួចបួនម៉ែត្របួនជ្រុង ក៏២០ជាង ក្បែរ៣០ ។ អ៊ីចឹងពេលរដូវក្ដៅអ៊ីចេះហ្នឹង អាចធ្វើឲ្យពួកគាត់ហ្នឹងទទួលនូវបញ្ហាសុខភាព ។ អ៊ីចឹងមកដល់ពេលនេះ រយៈពេល៥-៦ឆ្នាំ ខ្ញុំចេញផុតមក ខ្ញុំមិនដឹងថា របៀបវិន័យគេរៀបចំសណ្ដាប់ធ្នាប់ម៉េច ខ្ញុំអត់ដឹងទេ ប៉ុន្តែខ្ញុំនៅក្នុងគុក ២ដង ជិត៤ឆ្នាំហ្នឹង គឺមិនខុសពីលោកគឹម សុខ បានបកស្រាយទេ ប៉ុន្តែគ្រាន់តែថា អ្វីដែលអតីតអ្នកទោសនយោបាយ ដូចជាពួកខ្ញុំមានគណបក្ស ព្រោះលោកគឹម សុខ គាត់ជាអតីតអ្នកទោសមនសិការ ប៉ុន្តែគាត់មិនមែនជាអ្នកនយោបាយ ។ អ៊ីចឹងស្ថានភាពនៃការគ្រប់គ្រង ការឲ្យសិទ្ធិ ឲ្យសេរីភាព វាមានផ្នែកខុសៗគ្នា ដូចសម្រាប់ខ្ញុំ ១៥នាក់ គឺថា អតីតអ្នកទោសនយោបាយ គឺគេឲ្យនៅបន្ទប់ផ្សេង ២បន្ទប់ ដែលសុទ្ធតែជាអតីតអ្នកទោសនយោបាយ ។ អ៊ីចឹងហើយ ការរស់នៅអីហ្នឹង គឺគេអនុញ្ញាតឲ្យយើង យើងចង់ញ៉ាំបាយដែលគេដាំឲ្យហូបហ្នឹង មានន័យថា ពីរពេលហ្នឹង ក៏យើងហូបទៅ បើយើងអត់ទេ គឺថា មានផ្សារ មានអី ឲ្យយើងទិញ ធ្វើម្ហូបខ្លួនយើង ហើយសម្រាប់រូបខ្ញុំ បទពិសោធន៍នៅទីនោះ ដោយសារខ្ញុំមានទំនាក់ទំនងនិងក្ដីអាណិតស្រលាញ់ ទាំងមន្រ្តីប៉ូលិស ឆ្មាំគុក ឬក៏អតីតអ្នកទោស មិនថាអ្នកទោសគ្រឿងញៀន ចោរប្លន់ ចោរលួច ឬក៏អ្នកជក់ អ្នកអីទេ គឺថា ខ្ញុំមានវិធីនៃការទំនាក់ទំនង ស្នាមញញឹមរបស់ខ្ញុំ ទៅនឹងការអប់រំពួកគាត់ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ ឲ្យយល់ដឹងពីសណ្ដាប់ធ្នាប់ ការរស់នៅក្នុងសង្គមជាតិ ធ្វើយ៉ាងម៉េច ដែលយើងជួយសង្គមទៅបាន គឺយើងត្រូវថយ ត្រូវឈប់នូវអំពើអាក្រក់ អំពើណាដែលវាជាអន្តរាយសម្រាប់ប្រទេសជាតិ សម្រាប់មនុស្សជាតិ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ខ្ញុំនេះក៏គេឲ្យបន្ទប់មួយ ដែលអាចរស់នៅ ដែលមានគ្នាតិច ហើយមានអ្នកមកដាំបាយឲ្យ ដែលជាអតីតអ្នកទោសនយោបាយ យើងហូបបាយដាំខ្លួនយើង ព្រោះយើងអត់ញ៉ាំបាយដែលគេឲ្យរបបហ្នឹងទេ ដោយសារតែគេមានផ្សារ គេអនុញ្ញាតឲ្យយើងទិញម្ហូប ធ្វើសម្ល ដាំបាយខ្លួនឯងអ៊ីចឹងទៅ អតីតអ្នកទោសនយោបាយដូចគ្នា គឺគាត់ដាំបាយ ដាំទឹក ហូបជុំគ្នា ចែកជាក្រុមអីអ៊ីចឹងទៅ ទៅតាមពីរបន្ទប់ ដែលគេឲ្យអតីតអ្នកទោសនយោបាយហ្នឹងនៅ ។ អ៊ីចឹងហើយ ខ្ញុំមើលឃើញថា អំពើពុករលួយនៅទីនោះក៏មាន ហើយការជួញដូរ លក់គ្រឿងញៀន ឬក៏មន្រ្តីគប់គិតគ្នាអារឿងការលើកលែងទោស សម្រាលទោសអីហ្នឹង វាមាន អំពើពុករលួយតាមលំដាប់លំដោយអ៊ីចឹងទៅ ។ ប៉ុន្តែអ្នកល្អក្នុងការគ្រប់គ្រង ក៏គេយល់អំពីគុណតម្លៃនៃអតីតអ្នកទោសនយោបាយ នៃបក្សប្រឆាំង បក្សក្រៅរដ្ឋាភិបាល ដែលបានជួយពួកគេ ឲ្យរដ្ឋាភិបាលហ្នឹង កុំជិះសេះលែងដៃ រហូតដល់ដំឡើងប្រាក់ខែ ប្រាក់អី ក៏គេឲ្យតម្លៃគណបក្សសង្រ្គោះជាតិ បើគ្មានគណបក្សសង្រ្គោះជាតិ ក៏វាមិនមានប្រាក់ខែឡើង ហើយក៏រដ្ឋាភិបាលហ្នឹង កាន់តែបង្កើតបក្ខពួក គ្រួសារនិយម នយោបាយជិះសេះលែងដៃ អំណាចហួសព្រំដែនជាដើម ។ អ៊ីចឹងខ្ញុំថា ការអះអាងរបស់លោកគឹម សុខ វាមិនមែនជាការខុសទេ ប៉ុន្តែវាក៏មិនមែនមួយរយភាគរយនៃការវេទនា នៃការជិះជាន់គាបសង្កត់ ពុករលួយនៅក្នុងគុក លក់គ្រឿងញៀន លក់កញ្ឆា និងរឿងផ្សេងៗទៀត ភាពអយុត្តិធម៌អី យើងឃើញមាន។ ប៉ុន្តែរយៈពេល ៥-៦ឆ្នាំ ដែលខ្ញុំចេញមក ខ្ញុំមិនហ៊ានសន្និដ្ឋាន ឬក៏ចោទប្រកាន់បែបណា នៅពេលដែលខ្ញុំអត់បានឃើញចំពោះមុខ ។ ប៉ុន្តែនៅចំពោះមុខ ដែលខ្ញុំជាប់ ២ដង ៤ឆ្នាំ គឺខ្ញុំដឹងអំពីអ្វីដែលពួកគាត់ជាមន្រ្តី ជាឆ្មាំ បានប្រព្រឹត្តបែបណា គាបសង្កត់សិទ្ធិសេរីភាព ឬក៏ពុករលួយ បក្ខពួក គ្រួសារនិយម អាហ្នឹងខ្ញុំបានសរសេរជាសៀវភៅពីជីវិតដែលខ្ញុំរស់នៅក្នុងគុកព្រៃស ២ដង ៤ឆ្នាំហ្នឹង នឹងត្រៀមចេញឆាប់ៗក្នុងពេលខាងមុខហ្នឹងដែរ សៀវភៅ «អតីតអ្នកទោសនយោបាយ មាជ សុវណ្ណារ៉ា» ហ្នឹង ។ អ៊ីចឹងហើយ ខ្ញុំថា ការអះអាងរបស់លោកគឹម សុខ វាមិនមែនជាការខុស វាត្រូវស្ទើរតែ ៨៥% ប៉ុន្តែក្នុងនោះ សម្រាប់ពួកយើងជាអ្នកទោសនយោបាយ ដំបូងមានការតឹងតែង ហើយការតឹងតែងរបស់អតីតអ្នកទោសនយោបាយហ្នឹង វារំពឹងទៅនឹងព្រឹត្តិការណ៍នយោបាយ កាលណានៅខាងក្រៅតឹងតែង ការប្រយ័ត្នប្រយែង មិនបណ្ដោយហ្នឹង គឺថាក៏តឹងតែងនៅក្នុងមន្ទីរឃុំឃាំងហ្នឹងដែរ ប៉ុន្តែបើស្ថានការណ៍អ្នកនយោបាយស្រុះស្រួលត្រូវគ្នាទៅ អតីតអ្នកទោសនយោបាយហ្នឹង ក៏វាស្រួលទៅតាមហ្នឹងដែរ ហើយដូចរយៈពេលនៃការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះខ្ញុំថាប្រើទូរស័ព្ទ ថាស្អីៗទាក់ទងចេញក្រៅប្រទេស បញ្ជានយោបាយពីក្នុងគុក ពីអីមក អាហ្នឹងជាការចោទប្រកាន់ មិនមែនជាការពិត“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយធ្វើឲ្យយើងហ្នឹងរងគ្រោះ រហូតដល់គេមិនឲ្យយើងចេញ ដើរហាត់ប្រាណ ចេញលេង ចេញអី គឺថា នៅក្នុងបរិវេណគុកហ្នឹងហើយ គេធ្វើបន្ទប់ ព័ទ្ធរបងលួស ៥-៦ជាន់ទៅទៀត មុន៥ខែ ដែលខ្ញុំចេញ ត្រូវបានលើកលែងទោសដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រហ្នឹង គឺថាយើងជួបការលំបាក ការគ្រប់គ្រងមួយ ដែលមិនមានតម្លាភាព ការគ្រប់គ្រងមួយដែលប្រើនិន្នាការបក្សនយោបាយ ការគាបសង្កត់ ។ អាហ្នឹងហើយវាជាបទពិសោធន៍ ដែលយើងត្រូវឲ្យមានកំណែទម្រង់បែបយកពន្ធនាគារ ក្នុងការកែប្រែ យកពន្ធនាគារ ជាបណ្ណាល័យ យកពន្ធនាគារ ជាការសិក្សាស្វែងយល់ យកពន្ធនាគារ ជាកន្លែងបង្រៀនអ្នកទោស ឲ្យគាត់មានចំណេះដឹង ពេលដែលគាត់កំណត់ទោស ត្រូវចេញមក គឺថា គាត់មានការចេះដឹងផ្នែកស្អី អ្នកណាដែលមានបរិញ្ញាបត្រ រៀនបរិញ្ញាបត្រ អ្នកណាដែលរៀនខាងបច្ចេកទេសទៅតាមចំណេះជំនាញ ខ្ញុំថាជាបទពិសោធន៍មួយដែលធ្វើឲ្យពួកគាត់ចេញមកវិញ អាចមានការកែប្រែអ៊ីចឹងទៅ គាត់ប្រកបរបរ គាត់ចេះពីក្នុងគុក ពីអីហ្នឹងមក គឺធ្វើឲ្យបន្ថយនូវបទឧក្រិដ្ឋ ធ្វើឲ្យគាត់យល់ដឹង មិនងាយធ្លាក់ទៅក្នុងអ្វីជាទារុណកម្មនៃអំពើឧបាយមុខ ដោយការមិនចេះដឹង មិនស្វែងយល់ពីសង្គម ភាពអវិជ្ជារបស់គាត់ ងាយនឹងរងគ្រោះ ហើយបើងាយនឹងរងគ្រោះ វាធ្វើឲ្យគាត់ហ្នឹងបាត់បង់នូវគ្រួសារ បាត់បង់នូវឪពុកម្ដាយ ឃ្លាតឆ្ងាយពីគ្នា ព្រាត់ប្រាសនិរាសដោយក្ដីទុក្ខ ដោយភាពល្ងឹតល្ងង់ ដោយការជិះជាន់ ដោយដើរជាមួយនឹងអ្វីជាអំពើទុច្ចរិត ឧបាយមុខ អាហ្នឹងហើយជាបទពិសោធន៍ ជាការគិតគូរឡើងវិញរបស់អ្នកដឹកនាំ ត្រូវធ្វើយ៉ាងម៉េច ព្រោះមនុស្សយើងវាតែងតែខុស តែងតែឆ្គង បើខុសច្រើន កែមកខុសកំហុសតិច ហើយមានការយល់ដឹង មានការកាត់បន្ថយរឿងឧក្រិដ្ឋកម្មនានា តាមរយៈការអប់រំ ការបណ្ដុះចំណេះជំនាញ បញ្ញាអី ខ្ញុំថាវាជារឿងល្អ ដែលយើងត្រូវមានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ មានន័យថា យើងធ្វើឲ្យអ្នកទោស អ្នកដែលអត់យល់ដឹង អ្នកដែលប្រព្រឹត្តនូវបទឧក្រិដ្ឋសាហាវយង់ឃ្នង ព្រៃផ្សៃអី គឺថាគាត់មានការវិវត្តផ្នត់គំនិត គាត់យល់ដឹងពីសង្គម គាត់មានការរៀនសូត្រ មានជំនាញឯកទេសអីអ៊ីចឹងទៅ គាត់ទៅចូលក្នុងហ្នឹងទៅ ក៏គាត់កែប្រែមកមានចំណេះ មានអីទៅ ក៏គាត់ក្លាយជាមនុស្សល្អ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “គ្មានអ្នកណាល្អឥតខ្ចោះទេ ក្រៅតែពីទទួលនូវកំហុស ដឹងកំហុស ហើយនិងរៀបចំកុំឲ្យមានការខុស កែខ្លួនឲ្យក្លាយជាមនុស្សល្អ គិតល្អ ធ្វើល្អ សង្គមជាតិ ក៏វាល្អទៅតាមហ្នឹង ។ ហ្នឹងជាការមើលឃើញរបស់ខ្ញុំ នូវបទពិសោធន៍របស់ខ្ញុំ ដែលជាអតីតអ្នកទោសនយោបាយ ២ដង ៤ឆ្នាំ គឺថា ខ្ញុំដឹងអំពីអ្វីដែលត្រូវកែទម្រង់សម្រាប់រដ្ឋាភិបាលមួយ ដែលឈរនៅលើជំហរគោលការណ៍ប្រជាធិបតេយ្យ ជំហរអនុវត្តនូវយុត្តិធម៌ គ្មានស្ដង់ដារពីរ ជំហរដែលធ្វើកុំឲ្យមានភាពអយុត្តិធម៌ ជំហរដែលធ្វើកុំឲ្យមានការឈឺចាប់ នៃអំណាចហួសព្រំដែន អំណាចផ្ដាច់ការ ការគំរាមកំហែង ការអនុវត្តអ្វីដែលវាជាការមិនអាចទទួលយកបាន ក្នុងសុចរិតភាព តម្លាភាព ខ្ញុំថាយើងត្រូវកែទម្រង់មួយដំណាក់កាល ទៅមួយដំណាក់កាល ខ្ញុំថាអ្នកទោស ក៏ចុះថយ ហើយបទឧក្រិដ្ឋ ក៏កាន់តែឃ្លាតឆ្ងាយពីសង្គមខ្មែរ នោះហើយសុភមង្គល សុខដុមរមនា នឹងកើតចូលមកដល់ ។ ប្រទេសមួយដែលមានការអប់រំជ្រៅជ្រះ ប្រទេសមួយដែលមានធនធានមនុស្សច្រើន គឺប្រទេសហ្នឹងងាយនឹងបាត់ ធ្លាក់ចុះនូវឧក្រិដ្ឋកម្ម ធ្លាក់ចុះនូវភាពវឹកវរ អបាយមុខក្នុងសង្គម វិបត្តិសង្គម ក៏វាឃ្លាតទៅតាមហ្នឹងដែរ បើសិនជាមានការអប់រំ មានរបត់នយោបាយដឹកនាំ មានសណ្ដាប់ធ្នាប់ មានវិន័យ ខ្ញុំថា នឹងទៅមុខក្នុងរយៈពេល១០ឆ្នាំ ១៥ឆ្នាំ ២០ឆ្នាំ នៃអ្នកបន្តវេន អ្នកជំនាន់ថ្មី ជំនាន់ក្រោយហ្នឹង គាត់មានការចេះដឹងជាមួយនឹងយុគសម័យថ្មី នៃសករាជថ្មី នៃបច្ចេកវិទ្យាទំនើប ខ្ញុំថា ពួកគាត់អាចធ្វើបាន ប៉ុន្តែទាល់តែអ្នកដឹកនាំជំនាន់ថ្មីហ្នឹង រៀនជាគំរូ រៀនបង្ហាញ រៀនតម្លាភាព រៀនកុំឲ្យមនុស្សរើសអើងគ្នា រៀនកុំឲ្យនាំនូវទង្វើណាដែលបង្កើតព្រឹត្តិការណ៍ទុច្ចរិត ព្រឹត្តិការណ៍ខូច សម្រាប់តែការពារ និងនិន្នាការបក្សរបស់ខ្លួន ហើយបង្កើតនយោបាយប្រជាភិថុតិ អាហ្នឹងហើយក្ដីឈឺចាប់នៅតែមាន អ៊ីចឹងអំពើអបាយមុខ អំពើណាដែលជាវិបត្តិសង្គម មិនអាចថមថយក្រោយបានទេ មិនអាចសម្រាល មិនអាចកែទម្រង់អីបានទេ បើសិនជាការមិននាំមុខដោយអ្នកដឹកនាំជំនាន់ថ្មី ហើយមានសណ្ដាប់ធ្នាប់នយោបាយ មានគោលនយោបាយច្បាស់លាស់ ហើយធ្វើក្នុងនាមនៃរដ្ឋាភិបាល ប្រជាពលរដ្ឋទាំង១៧លាន ប្រជាពលរដ្ឋទាំងគណបក្សប្រឆាំង ប្រជាពលរដ្ឋទាំងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋទាំងបក្សកាន់អំណាច គឺក្នុងនាមកុំឲ្យយកគណបក្សធំជាងរដ្ឋ រដ្ឋធំជាងប្រជារាស្រ្ត“ ៕ កុលបុត្រ