UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃអង្គារថាការតាក់តែងច្បាប់ថ្មីមួយរបស់អ៊ីស្រាអែលដែលអនុញ្ញាតឲ្យជនជាតិជីហ្វីរាប់សិបនាក់តាំងទីលំនៅក្នុងតំបន់ប៉ុស្តិ៍ជួរមុខនៅតំបន់ West Bank របស់ប៉ាឡេស្ទីនគឺជាការរំលោភច្បាប់អន្តរជាតិ ។
លោក Guterres បានថ្លែងថាលោកពិតជាមានការសោកស្តាយយ៉ាងពន់ពេកដែលមានការអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលរដ្ឋាភិបាលជាច្រើននៅទូទាំងពិភពលោកមើលឃើញថាជាការបំផ្លាញនូវដំណោះស្រាយរវាងរដ្ឋពីរនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។
លោកបានបន្ថែមថាសេចក្តីព្រាងច្បាប់នេះគឺផ្ទុយស្រឡះពីច្បាប់អន្តរជាតិហើយវានឹងនាំឲ្យកើតមាននូវផលវិបាកផ្លូវច្បាប់សម្រាប់អ៊ីស្រាអែលទៀតផង ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះថែមទាំងបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីភាពចាំបាច់ក្នុងការចៀសវាងនូវសកម្មភាពនានាដែលនឹងងាកចេញពីផ្លូវត្រឹមត្រូវក្នុងដំណោះស្រាយរវាងរដ្ឋទាំងពីរ ។ លោកបន្តថាបញ្ហានានាចាំបាច់ត្រូវតែដោះស្រាយតាមរយៈការចរចា។
ការតាំងទីលំនៅក្នុងទាំងតំបន់ West Bank និងភាគខាងកើតក្រុងហ្ស៊េរុយសាឡិមបានបង្ហាញឲ្យឃើញថាជាភាពខុសច្បាប់អន្តរជាតិហើយថែមទាំងរាំងខ្ទប់នូវសន្តិភាពដូចដែលពួកគេបានកសាងឡើងលើដែនដីនោះ ។
ជាមួយនិងករណីនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងលើកយកមកពិភាក្សាអំពីជម្លោះលើការតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅថ្ងៃទី១៥កុម្ភះខាងមុខ។