ភ្នំពេញ ៖ បន្ទាប់ពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ចេញសេចក្ដីសម្រេច ចាត់តាំងអតីតមន្រ្តីបក្សប្រឆាំងចុះចូល ជាក្រុមស្នូលទប់ស្កាត់ចរន្តជ្រុលនិយម ទាំងក្នុងនិងក្រៅប្រទេស អ្នកនយោបាយ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា នេះជាយុទ្ធសាស្រ្តច្រែះស៊ីដែក រនាបបាក់ យករនាបជួស ឬប្រើអតីតមន្រ្តីប្រឆាំង ទប់ស្កាត់មន្រ្តីប្រឆាំង ដែលហៅម្យ៉ាងទៀតថា យុទ្ធសាស្រ្តខ្ចីដៃមកប្រើ ។
លោកមាជ សុវណ្ណរ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា ការដែលគណបក្សប្រជាជនកម្ពុជា ចាត់តាំងអតីតមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន ចុះចូលជាមួយ ជាក្រុមស្នូលទប់ស្កាត់ចរន្តជ្រុលនិយមនោះ គឺជាយុទ្ធសាស្រ្តច្រែះស៊ីដែក គឺខ្ចីដៃអ្នកដែលចុះចូលជាមួយនឹងរដ្ឋាភិបាល បក្សកាន់អំណាច មកប្រើ ក្នុងភាពប្រយ័ត្នប្រយែងបំផុត ។ យុទ្ធសាស្រ្តបែបនេះ វាអាចគ្រោះថ្នាក់ដល់សេរីភាពនៃការបញ្ចេញមតិ ចង់កម្ទេចដើម្បីត្រួតត្រាអ្នកប្រជាធិបតេយ្យ ឲ្យខ្សោយទៅទៀត ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា នេះគេហៅថា យុទ្ធសាស្រ្តច្រែះស៊ីដែក ។ យុទ្ធសាស្រ្តច្រែះស៊ីដែកហ្នឹង គឺថាគណបក្សប្រជាជន គេប្រុងប្រយ័ត្នប្រយែងដែរ គឺមិនអាចប្រើគ្នាគេ ដើម្បីយកមកទប់ស្កាត់ ឬក៏វាយប្រហារ ឬក៏បំភ័ន្តក្នុងព្រឹត្តិការណ៍ណា ដើម្បីឲ្យមហាជនហ្នឹងមើលទៅទិដ្ឋភាពនៃការបង្កើតព្រឹត្តិការណ៍ ឬក៏ការទប់ស្កាត់ ឬក៏បង្កើតនូវរបៀបវារៈណាក្នុងការធ្វើភារកិច្ចស្រាវជ្រាវនិងទប់ស្កាត់ចរន្តជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេសុំ ។ ខ្ញុំថាគណបក្សប្រជាជន គេមានរបៀបរបស់គេ គឺទី១ គេមិនច្បាស់អំពីអ្នកប្រជាធិបតេយ្យ ហើយគេគិតថា ក្នុងបក្សប្រជាជនហ្នឹង ក៏ប្រើមនុស្សដែលមិនមានចេញពីសមានចិត្តក្នុងការជួយធ្វើកិច្ចការណាដែលមិនមែនជាកិច្ចការការពិត មិនមែនជាកិច្ចការដែលពួកគាត់ធ្វើទៅហាក់បីដូចជាទៅជាការបង្ក្រាប ទៅជាការបៀតបៀន ការលាបពណ៌សម្រាប់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិដែលគេយល់ដឹងអំពីស្ថានភាពនយោបាយ ការយល់ដឹងអំពីសង្គមនៃការរស់នៅរបស់ប្រទេសកម្ពុជា ។ អ៊ីចឹងមានគេអ្នកល្អ អ្នកអីដែរ វាអាចប៉ះពាល់ ដែលយើងចែកមិនដាច់ពីគ្នា ហើយយើងយកប្រជាភិថុតិ មកបង្ហាញទប់ស្កាត់ទៅនឹងអ្វីដែលជាការបញ្ចេញមតិ ការបង្ហាញនូវព័ត៌មានពិត ការពិត ទោះជាមិនចង់ឃើញការបញ្ចេញបែបហ្នឹង ហើយទៅជាធ្វើផ្ទុយដើម្បីទប់ស្កាត់ ទៅជាព័ត៌មានដើម្បីការពារ អាហ្នឹងខ្ញុំថា វាជារឿងគ្រោះថ្នាក់ បើសិនជារដ្ឋាភិបាលបក្សកាន់អំណាច គាត់មានគំនិតរបៀបហ្នឹង នៅក្នុងការបង្កើតក្រុមស្នូលទប់ស្កាត់ចរន្តជ្រុលនិយមណានោះ ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំថា រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យវាមានតម្លាភាពទៅនឹងសិទ្ធិដែលទទួលបានដោយការធានានិងការពាររបស់រដ្ឋធម្មនុញ្ញ សិទ្ធិនយោបាយ សិទ្ធិការបញ្ចេញមតិ ក៏ដូចជាសិទ្ធិពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលយើងប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស អាហ្នឹងខ្ញុំថា ការបង្កើតនូវគណៈកម្មការទប់ស្កាត់ចរន្តជ្រុលនិយម ហើយដែលគេមិនប្រើមនុស្សរបស់គេ ទាក់ទងទៅនឹងការមិនច្បាស់ការនៃការងារ ។ អ៊ីចឹងកុំឲ្យទៅថ្ងៃអនាគត វាអាចខូចទៅដល់គណបក្សនយោបាយរបស់គេ ឬក៏គិតថា គេខ្ចីដៃអ្នកដែលចុះចូលជាមួយនឹងរដ្ឋាភិបាល ពីបក្សប្រជាធិបតេយ្យ បក្សប្រឆាំងអីហ្នឹង“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងគេដឹងថា ពួកប្រឆាំងហ្នឹង គឺថា គាត់បានតួនាទីតំណែងលាភសក្ការៈទៅ ហើយអត់មានការងារណាសកម្ម ជំនាញ វិជ្ជាជីវៈ នៅក្នុងក្រសួង ស្ថាប័នអង្គភាព អ៊ីចឹងគាត់មានពេលច្រើន គេឲ្យពួកគាត់ហ្នឹងយកពេលបង្កើតគ្នា ដោយសារដឹងចរិតអ្នកប្រជាធិបតេយ្យ អ្នកណាយ៉ាងម៉េច អ្នកណាហិង្សា អ្នកណាអហិង្សា អ្នកណាមានចំណេះដឹង មានអី ។ អ៊ីចឹងគេយកពួកគាត់ហ្នឹង រនាបបាក់យករនាបជួសហ្នឹង គឺថា យកអ្នកដែលចុះចូលហ្នឹងមកធ្វើកិច្ចការហ្នឹង ដើម្បីអូសទាញ ដើម្បីបង្កើតជាការញុះញង់ផ្ទុយត្រលប់មកជាប្ដឹងផ្ដល់ ការបញ្ចេញមតិមិនបាន ប៉ះពាល់ទៅដល់រឿងបុគ្គល ទៅនឹងគំនុំផ្នែកនយោបាយ ចង់កម្ទេចដើម្បីត្រួតត្រាអ្នកប្រជាធិបតេយ្យ កម្ទេចឲ្យខ្សោយទៅទៀត ។ អ៊ីចឹងគេប្រើអ៊ីចឹងឯង ប្រើរនាបបាក់ យករនាបជួស មានន័យថា គេខ្ចីដៃប្រើក្នុងផ្នែកនយោបាយប្រជាភិថុតិ ក្នុងផ្នែការបង្រ្កាប បំភិតបំភ័យ គំរាមកំហែងសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិហ្នឹង ដើម្បីជាការទប់ស្កាត់ ឲ្យមើលឃើញថា បក្សកាន់អំណាចហ្នឹងកំពុងតែធ្វើត្រូវ កំពុងតែធ្វើអ្វីជាការពិត វាផ្ទុយអំពីការបិទបាំង មិនជាចំហ ដោយអាថ៌កំបាំង គឺថាទៅជាផ្ទុយនៃការបញ្ចេញមតិ ដើម្បីនិយាយការពិត វាបែរទៅជាចង់ឃើញថា ឲ្យតែនិយាយអ្វីជាការពារ មិននិយាយជាការពិត ។ អ៊ីចឹងខ្ញុំថា ការបង្កើតគណៈកម្មការស្នូលហ្នឹង វាមិនមែនជារឿងខុសឆ្គងអីទេ អាហ្នឹងវាជាសិទ្ធិរបស់បក្សកាន់អំណាច ប៉ុន្តែសុំឲ្យវាមានតម្លាភាព យុត្តិធម៌ ចៀសវាងបង្កើតឲ្យមានការឈឺចាប់ ចៀសវាងបង្កើតឲ្យមានការបែកបាក់ ហើយបង្កើតនូវព្រឹត្តិការណ៍លាបពណ៌ លាបអី ខ្ញុំថា អាហ្នឹងវាជាគំរូអាក្រក់សម្រាប់អ្នកជំនាន់ថ្មី អ្នកបន្តវេន ត្រូវតែធ្វើជាគំរូនៃភាពស្អាតស្អំ ភាពសុចរិតនយោបាយ ដែលមិនយកហិង្សា មិនយកការបង្កើតព្រឹត្តិការណ៍ណាដើម្បីគុំកួន បំផ្លាញម្ខាង លើកម្ខាង ខ្ញុំថា គួរតែមានយុទ្ធសាស្រ្តនយោបាយ យន្តការណាដែលជាយន្តការស្អាតស្អំ សណ្ដាប់ធ្នាប់ គោរពវិន័យច្បាប់ ដោយមិនមានឧបាយកលទុច្ចរិតណានៅជាសម្ងាត់ នៅពីក្រោយ អាថ៌កំបាំង មិនជាចំហ ខ្ញុំថា ត្រូវតែបញ្ចប់នូវវប្បធម៌ហិង្សា វប្បធម៌និន្នាការរើសអើងបក្សនយោបាយ វប្បធម៌នយោបាយប្រជាភិថុតិ ដើម្បីតែម្ខាង បំបាក់ម្ខាង លើកម្ខាង ទម្លាក់ម្ខាង កម្ទេចម្ខាង ហើយបង្ហាញនូវសុខសន្តិភាពជាទូទៅ ខ្ញុំថាដូចជាពិបាកក្នុងការដែលអ្នកជំនាន់ថ្មី អ្នកបន្តវេនហ្នឹងត្រូវតែគិតអំពីផ្លូវសីលធម៌ គុណធម៌ និងយកអ្វីជាមេត្តា ករុណា ប្រកបទៅដោយអ្វីជាសង្គហធម៌ ដែលចេញពីអភ័យទាន សម្ភារទាន ធម្មទាន ការឲ្យជាជំនួយផ្នែកស្មារតី បញ្ញា គំនិតណាដែលជារឿងរួបរួម ផ្សះផ្សា រឿងដែលខ្មែរឯកភាពជាតិគ្នា ដើម្បីភាពខ្លាំង កសាងប្រទេសជាតិ ពង្រឹងខឿនសេដ្ឋកិច្ច ខ្ញុំថា នោះជាចំណុចដែលល្អប្រពៃជាង កុំបង្កើតការឈ្នះចាញ់គ្នា“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំមិនគាំទ្រទៅនឹងអ្វីជាគំនិតហិង្សានយោបាយ ឬក៏គំនិតមនោគមន៍វិជ្ជាជ្រុលនិយមអីទេ ប៉ុន្តែយើងត្រូវចែកគ្នាឲ្យរវាងបក្សប្រឆាំង វាមានគេអ្នកល្អ មានអ្នកគេធ្វើនយោបាយដោយអហិង្សា សន្តិវិធីក្នុងការចូលរួមជីវភាពនយោបាយ សិទ្ធិនយោបាយ ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ហើយចាំបាច់ដែលមានអង្គការសង្គមស៊ីវិល ជាកញ្ចក់ឆ្លុះបញ្ចាំងទៅតាមច្បាប់ត្រឹមត្រូវ នៃក្រសួងមហាផ្ទៃ ច្បាប់ជាតិអីជាដើម ។ អ៊ីចឹងខ្ញុំថា ចង់មិនចង់ ការដែលបង្កើតនូវក្រុមស្នូលនេះ វាពាក់ព័ន្ធទៅនឹងការចង់បានមុខមាត់ ការចង់បានបុណ្យស័ក្ដិ តួនាទីជាស្នាដៃ ហើយយើងអត់មានច្បាប់ទម្លាប់ជាយន្តការ ដើម្បីបង្ហាញជាតម្លាភាព អ៊ីចឹងធ្វើឲ្យទៅកាន់តែបែកបាក់ជាតិទៅទៀត បែកបាក់ជាតិក្នុងន័យថា យើងធ្វើដើម្បីប្រជាភិថុតិនយោបាយ យើងធ្វើទោះបីអយុត្តិធម៌ ការឈឺចាប់សម្រាប់ភាគីម្ខាង តែបែរជាយើងដឹងថា អាហ្នឹងវាជាទង្វើទុច្ចរិតហើយ មិនមែនជាសុចរិតភាព តម្លាភាព ក្នុងការបង្រ្កាបពួកជ្រុលនិយមណាដែលមិនគោរពច្បាប់ជាតិ មិនគោរពរដ្ឋធម្មនុញ្ញ វាមិនអីទេ ប៉ុន្តែវាអាចទៅជាការឆក់ឱកាសរបស់ពួកគាត់ដែលជាក្រុមស្នូលបង្កើតទប់ស្កាត់អីហ្នឹង គឺមិនបានធ្វើទៅតាមជាតម្លាភាព ជាយុត្តិធម៌ ជាការយកយន្តការមកធ្វើគោរពច្បាបឲ្យត្រឹមត្រូវ វាបែរទៅជាចង់បានមុខមាត់ពីមេបក្សកាន់អំណាចរបស់ខ្លួន ពីនាយករដ្ឋមន្រ្តីនៃបក្សកាន់អំណាច វាទៅជាភាពអនាធិបតេយ្យនៃការប្រើតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួន ទៅជាធ្វើឲ្យប្រទេសជាតិហ្នឹងវាវឹកវរ វាអនាធិបតេយ្យ វាអស្ថិរភាពទៅវិញក៏ថាបាន ។ បើសិនជាយើងស្ថិតនៅក្នុងអំពើពុករលួយ ស្ថិតនៅក្នុងភាពមិនមានតម្លាភាព មិនសុចរិត អយុត្តិធម៌សង្គម ខ្ញុំថា អាចវាបែរជាមិនមានសណ្ដាប់ធ្នាប់ វិន័យនៃសង្គមជាតិ វាទៅជាប៉ះពាល់ធ្ងន់ធ្ងរ អស្ថិរភាព ធ្វើឲ្យខ្មែរបែកបាក់ ធ្វើឲ្យខាតប្រយោជន៍ជាតិ ហើយប្រជាពលរដ្ឋមានការរើសអើងនិន្នាការនយោបាយ ខ្ញុំថានេះជាបញ្ហាទៅវិញទេ ។ អ៊ីចឹងខ្ញុំចង់ឃើញរដ្ឋាភិបាលធ្វើអ្វីត្រូវគិតជាប្រយោជន៍រួម ការផ្សះផ្សា ការបង្រួបបង្រួមជាតិ ជាជាងការដែលបង្កើតនយោបាយប្រជាភិថុតិ ហើយប្រើនិន្នាការរើសអើងនិន្នការនយោបាយម្ខាងៗ អាហ្នឹងនៅតែមានការហែកហួរ បែកបាក់ផ្ទៃក្នុងជាតិ ខ្ញុំថា វាមិនមែនជារឿងល្អដែលយើងត្រូវគិតពិចារណាឲ្យមែនទែនសម្រាប់ជាផលប្រយោជន៍រួមនៃជាតិ សម្រាប់ជាសេចក្ដីសុខដុមរមនា សុភមង្គលដល់ប្រជារាស្រ្តនោះ“ ។
ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា ការបង្កើតក្រុមស្នូលដើម្បីទប់ស្កាត់ចរន្តជ្រុលនិយម ដែលប្រធាននិងសមាជិក សុទ្ធតែចុះចូលមកពីបក្សប្រឆាំង គ្មានប្រយោជន៍អីនោះទេ ប្រជាពលរដ្ឋមិនទៅជឿ ផ្ដល់ទំនុកចិត្តទៅដល់ក្រុមនោះទេ ព្រោះប្រជាពលរដ្ឋយល់ថា ជាក្រុមលក់ខ្លួន លក់មនសិការ ក្បត់ឧត្ដមគតិខ្លួន គ្មានតម្លៃក្នុងកែវភ្នែករបស់ពួកគាត់នោះទេ គឺបៀបដូចជាសំរាមដែលគេយកទៅចោលនៅក្នុងធុង ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ការបង្កើតក្រុមស្នូលដើម្បីទប់ស្កាត់ចរន្តដែលគេហៅថាជ្រុលនិយមហ្នឹង ដែលប្រធាននិងសមាជិក សុទ្ធតែចុះចូលមកពីបក្សប្រឆាំង ខ្ញុំយល់ថា គ្មានប្រយោជន៍អីនោះទេ ប្រជាពលរដ្ឋមិនទៅជឿផ្ដល់ទំនុកចិត្តទៅដល់ក្រុមហ្នឹងនោះទេ ព្រោះបើប្រជាពលរដ្ឋវិញ គេថាក្រុមលក់ខ្លួន ក្រុមលក់មនសិការ ក្បត់ឧត្ដមគតិខ្លួន ។ ដូច្នេះគេចាត់ទុកក្រុមហ្នឹងដែលជាក្រុមគ្មានតម្លៃក្នុងកែវភ្នែករបស់ពួកគេនោះទេ អ្នកចុះចូលហ្នឹងបៀបដូចជាសំរាមដែលគេយកទៅចោលនៅក្នុងធុងអ៊ីចឹង ។ ដូច្នេះពួកគាត់ហ្នឹងគ្មានឥទ្ធិពលអីដើម្បីទៅទប់ចរន្តប្រជាធិបតេយ្យ ចរន្តអ្នកប្រជាធិបតេយ្យ ចរន្តដែលរិះគន់រដ្ឋាភិបាលដែលដឹកនាំឲ្យមានការឆបោក បំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយមនោះទេ កាន់អំណាចផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សនោះទេ ។ ដូច្នេះក្រុមនេះគ្រាន់តែបង្កើតឲ្យតែល្អមើលតែប៉ុណ្ណោះឯង ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងការទប់ចរន្តអ្នកប្រជាធិបតេយ្យ មិនឲ្យរិះគន់រដ្ឋាភិបាលនោះទេ ហើយការពិតមិនមែនជាក្រុមជ្រុលនិយម ដូចរដ្ឋាភិបាលនិយាយនោះទេ រដ្ឋាភិបាលហ្នឹងហើយដែលជាក្រុមជ្រុលនិយមនោះ ដែលចាប់គេដាក់គុកនោះ អ្នកប្រព្រឹត្តខុស ទៅចោទគេក្រុមជ្រុលនិយម ក្រុមប្រឆាំងជ្រុលនិយមអី ។ ដូច្នេះមានន័យថា ការបង្កើតក្រុមស្នូលដែលមកពីក្រុមអ្នកចុះចូលទៀត គឺប្រជាពលរដ្ឋលែងតម្លៃទៀត ក្រុមដែលគ្មានតម្លៃក្នុងកែវភ្នែកប្រជាពលរដ្ឋទៀត ដូច្នេះវាគ្មានប្រយោជន៍អីនោះទេ ប្រើមនុស្សដែលលក់ខ្លួននោះ ប្រជាពលរដ្ឋគេមិនចាប់អារម្មណ៍ទេ ហើយគ្មានអាចទៅទប់ស្កាត់ចរន្តអ្នកប្រជាធិបតេយ្យមិនឲ្យរិះគន់រដ្ឋាភិបាលនោះទេ ហើយការរិះគន់នោះ មិនមែនប៉ះពាល់ដល់ប្រយោជន៍ជាតិនោះទេ ប៉ុន្តែប៉ះពាល់ទៅដល់ប្រយោជន៍គណបក្សប្រជាជន និងត្រកូលហ៊ុន ។ ដូច្នេះអត់ប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទេ ប៉ុន្តែវាប៉ះពាល់ទៅដល់ការកាន់អំណាចផ្ដាច់ការរបស់ត្រកូលហ៊ុន និងគណបក្សប្រជាជនដែលកាន់អំណាចផ្ដាច់ការតែប៉ុណ្ណោះឯង“ ។
ដោយឡែក លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា ទាក់ទងជាមួយនឹងយន្តការនៃការបង្កើតក្រុមស្នូល ដើម្បីទប់ស្កាត់ចរន្ត ឬក៏ចលនានិយមជ្រុល របស់គណបក្សកាន់អំណាច លោកមិនដឹងថា នៅក្នុងផលប្រយោជន៍ណាមួយទេ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គោលបំណងនៃការបង្កើតក្រុមស្នូល ដើម្បីគ្រប់គ្រងបញ្ហាដែលលើសពីច្បាប់បានកំណត់ លោកចាត់ទុកថា វាជាការការពារខ្លួនមួយរបស់អ្នកនយោបាយ ដែលមានការមិនទុកចិត្តចំពោះចលនាណាមួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ និងអំណាចរបស់ខ្លួន ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “ហ្នឹងហើយ! ទាក់ទងជាមួយនឹងយន្តការនៃការបង្កើតក្រុមស្នូល ដើម្បីទប់ស្កាត់ចរន្ត ឬក៏ចលនានិយមជ្រុលអីហ្នឹង របស់គណបក្សកាន់អំណាច ខ្ញុំមិនដឹងថា នៅក្នុងផលប្រយោជន៍ណាមួយទេ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គោលបំណងនៃការបង្កើតក្រុមស្នូលដើម្បីគ្រប់គ្រងបញ្ហាដែលលើសពីច្បាប់បានកំណត់ហ្នឹង ខ្ញុំចាត់ទុកថា វាជាការការពារខ្លួនមួយរបស់អ្នកនយោបាយដែលមានការមិនទុកចិត្តចំពោះចលនាណាមួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ និងអំណាចរបស់ខ្លួន ហើយក៏ជាចំណុចមួយដែលយើងអាចយកមកធ្វើជាមូលដ្ឋាននៅក្នុងការត្រិះរិះពិចារណាដែរ តើការរៀបចំក្រុមស្នូល ដើម្បីធ្វើកិច្ចការនេះ វាអាចនឹងទទួលបានផលប្រយោជន៍អ្វីខ្លះទៅដល់សង្គម ប្រទេសជាតិ ហើយនិងប្រជាពលរដ្ឋរបស់យើង ហើយអាបញ្ហាទាំងអស់នេះ វាសុទ្ធតែជាចលនាមួយ ដែលខ្ញុំគិតថា រដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយទាំងអស់ហ្នឹង អាចចាត់ទុកថា វាជាបញ្ហាដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខជាតិ ។ អ៊ីចឹងយន្តការនេះ វាគួរតែជាយន្តការមួយស្របទៅតាមផ្លូវរដ្ឋ នៅក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ មាននីតិរដ្ឋ ហើយធ្វើការបង្កើតក្រុមសន្តិសុខជាតិអី ដើម្បីការពាររដ្ឋ ការពារប្រទេសអី ខ្ញុំចាត់ទុកថាវាជារឿងត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិ និងសង្គមរបស់យើង ។ ក៏ប៉ុន្តែបើសិនជានៅក្នុងគណបក្សនយោបាយ គេមានការរៀបចំឲ្យមានក្រុមស្នូល ដើម្បីធ្វើការតាមដានទៅលើក្រុមដទៃផ្សេងទៀត ហើយយើងគិតមើល ថាតើការប្រកួតប្រជែងក្នុងនាមជាអ្នកនយោបាយហ្នឹង វាមានភាពស្មើគ្នាដែរឬអត់? ហើយតើចលនាផ្សេងៗដែលគេធ្វើដើម្បីប្រកួតប្រជែងតាមគោលនយោបាយរបស់គេរៀងខ្លួនហ្នឹង ហេតុអីវាធ្វើឲ្យប៉ះពាល់ទៅដល់គណបក្សនយោបាយដទៃ? ហើយគណបក្សនយោបាយដទៃហ្នឹង គេយករឿងទាំងអស់ហ្នឹងទៅធ្វើជាមូលដ្ឋានសម្រាប់កិច្ចការអ្វីដែរ? អានេះសុទ្ធសឹងតែជាសំណួរដែលយើងអាចយកមកត្រិះពិចារណា ហើយចំពោះឯកសារខ្លះដែលបញ្ជាក់អំពីភារកិច្ច និងតួនាទីស្នូលរបស់ក្រុមហ្នឹង គឺស្រាវជ្រាវ និងអូសទាញ ឬក៏ទាក់ទាញ់ក្រុមណាដែលមិនស្របជាមួយនឹងខ្លួន មិនថាក្នុងស្រុក មិនថាក្រៅស្រុកទេ គឺអ្នកណាដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់អ្នកនយោបាយ គឺសុទ្ធតែជាមនុស្សដែលគេអាចចាត់ទុកថាជាមនុស្សបក្សប្រឆាំង ឬក៏មនុស្សដែលនិយមជ្រុលទៅខាងនិន្នាការរបស់គេ“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាអាចក្លាយទៅជាសត្រូវរបស់គណបក្សនយោបាយដែលបានបង្កើតក្រុមតាមដានស្នូលពិសេសហ្នឹង ហើយបញ្ហាទាំងអស់នេះ ក៏វាអាចពាក់ព័ន្ធទៅដល់កិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរ ជាមួយនឹងភាគីពាក់ព័ន្ធ អង្គការផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ នៅក្នុងស្រុកនិងក្រៅស្រុកទៅទៀត តើអ្វីទៅដែលជានិយមន័យនៃចរន្តចលនាជាតិនិយមជ្រុល ឬក៏ក្រុមដែលចូលចិត្តលាបពណ៌ ចូលចិត្តធ្វើឲ្យមានបញ្ហាទៅដល់សង្គម ដែលឃើញបទចោទដែលលើកឡើងរាល់ដង ថាពាក់ព័ន្ធជាមួយនឹងការញុះញង់អីជាដើមហ្នឹង តើបញ្ហាទាំងអស់នេះ វាអាចក្លាយទៅជាមូលហេតុថ្មីមួយទៀតនៅក្នុងការរឹតត្បិតសេរីភាពនៅក្នុងការធ្វើនយោបាយ សេរីភាពនៅក្នុងការបញ្ចេញមតិ ឬនៅក្នុងការជួបជុំតស៊ូមតិ ហើយក៏ដូចជាសេរីភាពសារព័ត៌មានដែរ សម្រាប់អនាគតកម្ពុជា ហើយយើងដឹងហើយថា រាល់ការសម្រេចណាមួយរបស់គណបក្សកាន់អំណាច គឺតែងតែដាក់ចេញ ហើយនិងបង្ហាញឲ្យឃើញច្បាស់អំពីគោលដៅនៃក្រុមដែលត្រូវរៀបចំនិងចាត់ចែងទៅតាមគោលការណ៍ច្បាប់ ដែលរដ្ឋាភិបាល ដែលមានគណបក្សកាន់អំណាចដឹកនាំហ្នឹង ។ អ៊ីចឹងវាជាបញ្ហាមួយដែលរសើប ហើយវាជាបញ្ហាមួយដែលអាចនិយាយថា ជាប្រធានបទដែលត្រូវយកមកធ្វើការត្រិះរិះ ហើយពិចារណាស៊ីជម្រៅ ក៏ដូចជាត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យវាមានភាពច្បាស់លាស់ ។ ក្រៅពីហ្នឹងយើងក៏ឃើញដែរ បញ្ហាទាំងអស់ហ្នឹងក៏មានការសម្របសម្រួល ការពារភាពស្របច្បាប់របស់អ្នកនយោបាយក្រៅរដ្ឋាភិបាល ក៏ដូចជាបិទមិនឲ្យពួកគាត់ហ្នឹងធ្វើទៅតាមអ្វីដែលជាគោលដៅដែលពួកគាត់បានដាក់ចេញ អាចធ្វើឲ្យពួកគាត់ហ្នឹងពិបាកក្នុងការធ្វើនយោបាយ ហើយសម្រេចចិត្តចូលរួមជីវភាពជាមួយនឹងគណបក្សនយោបាយណាដែលផ្ដល់សន្តិសុខដល់ខ្លួនអីអ៊ីចឹងជាដើម ។ ដូច្នេះបញ្ហាទាំងអស់ហ្នឹង បើសិនជាក្នុងគណបក្សនយោបាយណាដែលស្របជាមួយនឹងគណបក្សកាន់អំណាច ឬក៏រដ្ឋាភិបាល មិនសូវជាមានបញ្ហាទេ វាជាការបង្កើតនូវទំនុកចិត្ត ហើយនិងសុវត្ថិភាពទៅដល់មនុស្សដែលនៅក្រៅគណបក្សកាន់អំណាច ។ ក៏ប៉ុន្តែបើនិយាយពីអ្នកដែលមាននិន្នាការមិនស្របជាមួយគណបក្សកាន់អំណាច គឺជាបញ្ហាមួយដែលខ្ញុំមើលឃើញថា ជារឿងមួយដែលអាចនឹងជួបហានិភ័យ ហើយក៏អាចមានចរន្តណាមួយធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខ និងសុវត្ថិភាពរបស់ពួកគាត់រៀងរាល់ថ្ងៃអីអ៊ីចឹង ហើយយើងដឹងថា ការរៀបចំឡើងគឺដើម្បីចូលរួមទប់ស្កាត់ចរន្ត ឬក៏ចលនាជាតិនិយមជ្រុលណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខជាតិ ទៅដល់ផែនការរបស់ប្រទេសជាតិអីអ៊ីចឹងជាដើម វាជារឿងត្រឹមត្រូវ ។ ប៉ុន្តែបើសិនជាគណបក្សនយោបាយ ខ្ញុំគិតថា វាមិនគួរមានបញ្ហាទាំងអស់នេះទេ ព្រោះគួរតែទុកលទ្ធភាពនេះទៅឲ្យរដ្ឋាភិបាល ហើយយើងក៏មិនគួរបង្កើតឲ្យមានរូបភាពពីរនៅក្នុងរដ្ឋាភិបាលផង ហើយនៅក្នុងគណបក្សនយោបាយផង ដែលធ្វើឲ្យយើងយល់ថា បញ្ហាទាំងអស់នេះ បើសិនជារដ្ឋាភិបាលមួយដែលមានការទទួលស្គាល់ដោយការបោះឆ្នោត ហើយមានចំណុចពិសេសៗដែលអាចធ្វើឲ្យមានទំនុកចិត្តហ្នឹង ខ្ញុំគិតថា មិនគួរឲ្យមានក្រុមស្នូលពិសេសបន្ថែមនៅក្រៅរដ្ឋាភិបាលនោះទេ នៅក្នុងកិច្ចការទាំងអស់ហ្នឹង ហើយក្រុមស្នូលនេះ យើងមិនដឹងថា តើអ្វីដែលជាព័ត៌មានដែលគាត់ទទួលបាន ហើយអ្វីជាផែនការដែលគាត់រៀបចំ ដើម្បីដោះស្រាយបញ្ហារួម ឬក៏ដើម្បីតែការពារនិងដោះស្រាយបញ្ហារបស់គណបក្សនយោបាយណាមួយ ហើយចលនា ឬក៏ក្រុមដែលធ្វើកិច្ចការទាំងអស់នេះ តើពួកគាត់មានឆន្ទៈនិងបេះដូងធ្វើឲ្យមានភាពយុត្តិភាព មានតម្លាភាព និងគណនេយ្យភាព និងមានការទទួលស្គាល់ភាពត្រឹមត្រូវយុត្តិធម៌ដែរឬអត់?»។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “អានេះគឺជាបញ្ហាមួយធ្ងន់ធ្ងរណាស់ ហើយយើងក៏មិនដឹងពីប្រសិទ្ធភាព និងបញ្ហាដែលអាចកើតឡើងយ៉ាងម៉េចដែរ ចំពោះមនុស្សផ្សេងៗទៀត ដែលពាក់ព័ន្ធជាមួយនឹងនិន្នាការក្រៅរដ្ឋាភិបាល ឬក៏ខុសពីនិន្នាការគណបក្សកាន់អំណាចហ្នឹង ហើយយើងក៏មិនដឹងថា ប្រសិទ្ធភាពនេះ វាធ្វើបានតែជាមួយនឹងក្រៅរដ្ឋាភិបាល មនុស្សដែលមាននិន្នាការស្របជាមួយគណបក្សកាន់អំណាច ឬក៏ធ្វើដើម្បីស្មើភាពគ្នាចំពោះប្រជាពលរដ្ឋ ក៏ដូចជាមនុស្សគ្រប់ៗគ្នានៅក្នុងប្រទេសកម្ពុជារបស់យើង ហើយបញ្ហាដែលអាចកើតឡើង តើវាអាចកើតឡើងជាបញ្ហាល្អ ឬជាបញ្ហាអាក្រក់? ហើយយើងក៏មិនដឹងថា តើអ្នកនយោបាយមានការខ្វែងគំនិតគ្នានៅពេលនា? ហើយពួកគាត់អាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងដោយវិធីណាទេ ក៏ប៉ុន្តែបើសិនជាមានចរន្តមួយដែលធ្វើការបែបនេះ ខ្ញុំគិតថា វាអាចនឹងក្លាយទៅជាចលនាមួយធ្វើឲ្យមានការបែកបាក់កាន់តែធ្ងន់ជាងមុន ហើយវានឹងអាចធ្វើឲ្យក្រុមអ្នកនយោបាយមានបញ្ហានៅក្នុងចិត្តកាន់តែខ្លាំង ហើយអាចបង្កើតឲ្យទៅជាក្រុមតូចៗ ហើយដែលអាចនឹងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងសាមគ្គីជាតិ និងនយោបាយជាតិរឹតតែធ្ងន់ធ្ងរ ហើយចុងក្រោយ ខ្ញុំយល់ថា ផែនការនេះមិនគួរធ្វើឡើងទេនៅក្នុងប្រទេសកម្ពុជា ហើយគួរតែផ្ដល់លទ្ធភាពទាំងស្រុងទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសគឺរដ្ឋាភិបាល នៅក្នុងការអនុវត្តផែនការទាំងអស់នេះ ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នា ចូលរួមជាមួយគ្នាការពារនូវចលនាណាដែលជាចលនាជ្រុលនិយម ដែលធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យភាពជាតិ ទៅដល់បូរណភាពទឹកដី និងធ្វើឲ្យប៉ះពាល់ទៅដល់នីតិរដ្ឋ ហើយនិងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ទើបជារឿងត្រឹមត្រូវ ហើយខ្ញុំយល់ថា វាជារឿងចាំបាច់ដែលយើងត្រូវយកមកធ្វើការជជែក ហើយនិងដោះស្រាយ ឬក៏ដាក់លើតុ ដើម្បីស្វែងរកធាតុចូលបន្ថែម ហើយចុងក្រោយ ការបង្កើតក្រុមស្នូល ដើម្បីធ្វើការទៅលើបញ្ហានេះ ខ្ញុំចាត់ទុកថា វាជាចលនាមួយ ឬក៏វាជាចរន្តមួយដែលធ្វើឲ្យសង្គមរបស់យើងកាន់តែបែកបាក់ ហើយនិងធ្វើឲ្យសង្គមយើងកាន់តែដើរឆ្ងាយអំពីនីតិរដ្ឋ តម្លាភាព ហើយនិងគណនេយ្យភាពនៅក្នុងការអនុវត្តសិទ្ធិរៀងៗខ្លួន ហើយការងារទាំងអស់នេះ ខ្ញុំគិតថា វាគួរតែជាការងាររបស់រដ្ឋាភិបាល ដើម្បីធានាចំពោះសន្តិសុខជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដីជាតិ ហើយជាពិសេសគឺសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់កម្ពុជាទាំងមូលតែម្ដង“ ។
ជុំវិញការលើកឡើងរបស់អ្នកនយោបាយប្រឆាំង និងអ្នកវិភាគខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិលមិញ ។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនយោបាយប្រឆាំង និងអ្នកវិភាគ ខាងលើនេះ បានធ្វើឡើងក្រោយពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមានសម្ដេចហ៊ុន សែន ជាប្រធាន បានចេញសេចក្ដីសម្រេច ចាត់តាំងបង្កើតក្រុមការងារទប់ស្កាត់ចរន្តជ្រុលនិយម ដែលសមាសភាពប្រធាន និងសមាជិកក្រុមទប់ស្កាត់ចរន្តជ្រុលនិយមនេះ សុទ្ធតែជាអតីតមន្រ្តីគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន) ដែលមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។
យោងតាមសេចក្ដីសម្រេច របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្ដីពី ការចាត់តាំងក្រុមស្នូលដើម្បីទប់ស្កាត់ចរន្តជ្រុលនិយម ចុះថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្ដេចហ៊ុន សែន ប្រធានគណបក្ស បានបញ្ជាក់ថា “យោងសំណូមពរនៃភារកិច្ចនយោបាយរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន មតិរបស់គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច ៖
ប្រការ១ៈ ចាត់តាំងបង្កើតក្រុមស្នូលរបស់គណបក្ស ដើម្បីទប់ស្កាត់ចរន្តជ្រុលនិយម ដែលមានសមាសភាពដូចខាងក្រោម ៖
១. លោក ម៉ៃ ហុងស្រៀង ប្រធាន
២. ឯកឧត្ដម សាង សាន សមាជិក
៣. លោក ទី ប៊ុនថេង សមាជិក
៤. លោក ឌឹម សាវឿន សមាជិក
៥. លោក អ៊ុំ សោភ័ណ សមាជិក
ប្រការ២ៈ ក្រុមស្នូលមានភារកិច្ចសា្រវជ្រាវ និងទប់ស្កាត់ចរន្តជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ប្រការ៣ៈ ស្ថាប័នគណបក្សដែលពាក់ព័ន្ធ និងឯកឧត្ដម អស់លោក ដែលមានរាយនាមក្នុងប្រការ១ ត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ“ ។
លោកម៉ៃ ហុងស្រៀង អតីតមន្រ្តីគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចាត់តាំងជាប្រធានក្រុមស្នូលទប់ស្កាត់ចរន្តជ្រុលនិយម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា លោកមិនចង់ឲ្យបុគ្គលណាមួយបំផ្លាញផលប្រយោជន៍ខ្មែរទេ ហើយអ្នកបំផ្លាញផលប្រយោជន៍ខ្មែរ លោកចាត់ទុកថាជាជនជ្រុលនិយម ។ បានន័យថា មិនថាក្រុមប្រឆាំង មិនប្រឆាំងទេ បើប្រឆាំងទៅតាមបែបបទលទ្ធិប្រជាធិបតេយ្យ លោកស្វាគមន៍ ប៉ុន្តែបើប្រឆាំងនៅក្នុងគោលបំណងជាន់ពន្លិចផលប្រយោជន៍ខ្មែរ បំផ្លាញប្រទេសជាតិ លោកត្រូវតែធ្វើឲ្យអស់លទ្ធភាព ក្នុងនាមខ្ញុំជាកុលបុត្រខ្មែរ ។
លោកម៉ៃ ហុងស្រៀង បានមានប្រសាសន៍ថា “បើនៅក្នុងន័យប្រកួតប្រជែងតាមបែបបទប្រជាធិបតេយ្យ វាអត់មានបញ្ហាអីទេ ប៉ុន្តែបើសិនជាចរន្តជ្រុលនិយម ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រទេសជាតិ អាហ្នឹងខ្ញុំត្រូវអនុវត្តទប់ស្កាត់ទៅដល់ហ្នឹងហើយ កុំឲ្យពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍ជាតិធ្ងន់ធ្ងរ នៅក្នុងគោលបំណងបំផ្លាញផលប្រយោជន៍ជាតិ អាហ្នឹងខ្ញុំត្រូវដាច់ខាតបំពេញភារកិច្ចជាខ្មែរមួយរូបដែរ ព្រោះជាតិនេះជាតិខ្មែរ គឺជាជាតិរបស់ខ្ញុំដែរ ។ ខ្ញុំមិនចង់ឲ្យបុគ្គលណាមួយបំផ្លាញផលប្រយោជន៍ខ្មែរទេ ហើយអ្នកបំផ្លាញផលប្រយោជន៍ខ្មែរ ខ្ញុំចាត់ទុកថាជាជនជ្រុលនិយម ។ ជ្រុលនិយមនេះ ខ្ញុំគិតថា ក្រុមប្រឆាំង មិនប្រឆាំងទេ បើប្រឆាំងទៅតាមបែបបទលទ្ធិប្រជាធិបតេយ្យ យើងស្វាគមន៍ ប៉ុន្តែបើប្រឆាំងនៅក្នុងគោលបំណងជាន់ពន្លិចខ្មែរ ជាន់ពន្លិចផលប្រយោជន៍ខ្មែរ បំផ្លាញប្រទេសជាតិ អាហ្នឹងក៏ខ្ញុំត្រូវតែធ្វើឲ្យអស់លទ្ធភាព ក្នុងនាមខ្ញុំជាកុលបុត្រខ្មែរ មិនមែនខ្ញុំមានសិទ្ធិអំណាចអីនោះទេ ប៉ុន្តែខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ ។ ប៉ុន្តែចំពោះរឿងវិធីធ្វើ ខ្ញុំមិនអាចនិយាយទេ ប៉ុន្តែខ្ញុំត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់រាល់ទង្វដែលធ្វឲ្យប៉ះពាល់ដល់ផលប្រយោជន៍ខ្មែរ ។ ជាក់ស្ដែងដូចគម្រោងជីកព្រែកហ្វូណនតេជោ ប្រសិនមានជនណាម្នាក់ ដែលមានគំនិតទុច្ចរិត បំផ្លាញផលប្រយោជន៍ ព្រោះគម្រោងព្រែកជីកនេះ វាបម្រើឲ្យផលប្រយោជន៍រួម ផលប្រយោជន៍ប្រទេសជាតិ ប៉ុន្តែបើមានជនណាមកធ្វើឲ្យខូចប្រយោជន៍សម្រាប់ខ្មែរប្រយោជន៍ខ្មែរ គឺខ្ញុំត្រូវតែរកវិធីហើយ ទោះវិធីណាក៏ដោយ ខ្ញុំធ្វើដើម្បីតែខ្មែរទេ ខ្ញុំមិនបានបម្រើផលប្រយោជន៍បរទេសទេ ។ ក្នុងន័យនេះដែរ ខ្ញុំសុំបញ្ជាក់ថា ដោយប្រទេសជាតិយើងមានច្បាប់ យើងត្រូវគោរពគោលការណ៍ច្បាប់ យកច្បាប់ជាធំ ខ្ញុំមិនអាចទៅធ្វើអីដែលលើសពីច្បាប់ ។ ច្បាប់បានចែងមក ខ្ញុំអនុវត្តទៅតាមច្បាប់“ ។
លោកម៉ៃ ហុងស្រៀង បានមានប្រសាសន៍បន្តថា “ចំពោះមានការលើកឡើងថា បក្សកាន់អំណាច យកអតីតមន្រ្តីបក្សប្រឆាំង ទប់ស្កាត់មន្រ្តីបក្សប្រឆាំង ខ្ញុំសូមបញ្ជាក់ថា មកដល់ម៉ោងនេះ ខ្ញុំមិនមែនជាមន្រ្តីរបស់បក្សប្រឆាំងទេ ម៉ៃ ហុងស្រៀង គឺជាមនុស្សរបស់គណបក្សប្រជាជន ហើយខ្ញុំមិនបានបម្រើផលប្រយោជន៍ឲ្យបុគ្គលឯកជនណាមួយទេ ខ្ញុំគ្រាន់តែបម្រើផលប្រយោជន៍ខ្មែរ តែប៉ុណ្ណឹងឯង ផលប្រយោជន៍ខ្មែរជាធំ ។ ខ្ញុំគ្រាន់តែគោរពស្នើសុំថា សុំឲ្យសកម្មជនទាំងអស់ គិតគូរពីផលប្រយោជន៍ខ្មែរ វាប្រសើរជាងផលប្រយោជន៍បក្ស ហើយយើងក៏គួរមើលឃើញពីការអភិវឌ្ឍពិតប្រាកដមួយ យើងកុំនិយាយអ្វីដែលបំផ្លើសការពិត ។ ប៉ុន្តែជាក់ស្ដែង កាលខ្ញុំនៅនោះ (បក្សប្រឆាំង) ក៏ទទួលរងមនោគមន៍វិជ្ជាប្រឆាំងដែរ ប៉ុន្តែធ្វើម៉េចយើងនិយាយទៅតាមហ្នឹងទៅ ។ ប៉ុន្តែអ្វីជាការពិតនៅតែជាចុងការពិត ហើយចុងក្រោយត្រូវក្រុមប្រឆាំងលុបឈ្មោះខ្ញុំចោលហ្នឹង គឺមានន័យថា ខ្ញុំវាអយុត្តិធម៌ទៅហើយ ។ អ៊ីចឹងខ្ញុំទៅគាំទ្រគណបក្សមួយដែលប្រព្រឹត្តអំពើអយុត្តិធម៌មកលើខ្ញុំយ៉ាងម៉េច? អ៊ីចឹងក៏គួរចាកចេញហើយ ដល់ម៉ោងដែលខ្ញុំត្រូវចាកចេញ ។ ជារួម អ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ សុំឲ្យប្រជាពលរដ្ឋក្ដី សកម្មជនបក្សប្រឆាំងក្ដី សុំកុំតម្កល់ផលប្រយោជន៍ជាតិជាធំ កុំឲ្យលង់លុះជាមួយនឹងមនោគមន៍វិជ្ជាប្រឆាំង ដែលការប្រឆាំងខុសពីនីតិវិធីប្រឆាំង ខុសពីមាគ៌ាប្រជាធិបតេយ្យ ដែលគេឲ្យឈ្មោះថា ជ្រុលនិយម ។ បើមានជ្រុលនិយម ខ្ញុំត្រូវរកមធ្យោបាយទប់ស្កាត់ ទោះតម្លៃណាក៏ដោយ“ ៕ កុលបុត្រ