ភ្នំពេញ៖ក្នុងអាជីពចម្រៀងរយៈពេល២០ឆ្នាំមាស សុខសោភា ដែលជាគោលដៅរបស់ផលិតកម្មហង្សមាសតាំងពីឆ្នាំ២០០៧ នោះនាងបានគេចទ្រនុំធំនេះអស់រយៈពេល១៧ឆ្នាំមកហើយ ពោលគឺនៅឆ្នាំ២០២៤ នេះក៍គ្មានសញ្ញាចូលហង្សមាសដដែល ហើយថ្មីៗនេះថែមទាំងបានពង្រឹងផលិតកម្មCamtraxMusic ឡើងវិញទៀតផង បន្ទាប់ពីដើរចេញពីរាម កាលពីឆ្នាំ២០២២ ហើយមិនព្រមទៅច្រៀងនៅផលិតកម្មណាទាំងអស់បើទោះជាហង្សមាស ,ថោន និងGalaxy ចាំត្រងក្ដី ។ប្រភពបានឲ្យដឹងថាកាលពីឆ្នាំ២០២០ សុខសោភា ស្ទើតែក្លាយទៅជាតារាហង្សមាសទៅហើយ ក្រោយមានការជម្រុញពីតារាហង្សមាសលោកឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា រួមទាំងសុគន្ធ និសា ដែលពេលនោះហង្សមាសចង់ប៉ះប៉ូវតារាសំខាន់របស់ខ្លួនព្រាប សុវត្ថិ ដែលរត់ចោលហង្សមាសទៅជ្រកនៅGalaxy នឹងចង់ចងជើងខេមរៈ សិរីមន្ដ កុំឲ្យទៅណាតាមរយៈការរកដៃគូខ្លាំងឲ្យ ប៉ុន្ដែទីបំផុតពេលនោះហង្សមាស “ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច “ព្រោះព្រាប សុវត្ថិ ក៍បាត់បង់ ស្ទួចមាស សុខសោភា ក៍មិនស៊ីនុយ ហើយចុងក្រោយរបូតទាំងខេមរៈ សិរីមន្ដ ទៅទៀត ដែលការបាត់បង់តារាល្បីប្រុសទាំង២ដួងទៅGalaxy នោះធ្វើឲ្យទឹកចិត្តឆក់បានសុខសោភា មករួមទ្រនុំកាន់តែរួមតូច ។ទោះជាយ៉ាងណាតាមព័តមានថាដោយអស់សង្ឃឹមក្នុងការទទួលបានមាស សុខសោភា នោះពេលនេះហង្សមាសមិនដាក់គោលដៅធំយកនាងដូចឆ្នាំមុនៗទៀតនោះទេ ព្រោះផលិតកម្មនេះចង់ឡង់សេតារាវ័យក្មេងដែលមានស្រាប់ជ្រើសបានពីការប្រលងចម្រៀងរបស់ខ្លួន និងម្យាងសោភា អាយុកាន់តែច្រើនដែរហើយ ។ប៉ុន្ដែជាគោលការណ៍របស់ហង្សមាសគឺនៅតែដើរលើផ្លូវឡង់សេតារាដែលខ្លួនមាន និងទិញចូលតារាដែលជាគោលដៅរបស់ខ្លួន ពោលគឺបើសោភា មិនមកក៍នៅតែតំណើរការ ប៉ុន្ដែបើយកបានសោភា នឹងចំណេញកប់ក្ដោងព្រោះឈ្នះគូប្រជែងConcerts ។ប៉ុន្ដែសម្រាប់សុខសោភា ទោះជានាងមានការស្និតស្នាលនិងរាប់អានគ្នាខ្លាំងយ៉ាងណាជាមួយលលោកឆន សុវណ្ណារាជ ក្ដី ក៍នាងនៅតែបន្ដច្រៀងនៅផលិតកម្មរបស់ខ្លួន ពោលគឺមិនរំភើបឬចាប់អារម្មណ៍ក្នុងការទៅហង្សមាសនោះទេ។តែប្រភពបានថាសោភា ចង់បានតំណែងធំឲ្យបងប្រុសរបស់នាងលោកមាស សុខរតនៈ នៅផលិតកម្មណាដែលចង់បានរូបនាងនោះអាចនឹងធ្វើឲ្យនាងមានការផ្លាស់ប្ដូរចិត្តពីការជ្រើសនៅផលិតកម្មច្រៀងជាមិនខាន ។តែរឿងនេះអ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថាមិនគួរណាយកសម្ថភាពរបស់ខ្លួននៅឡូកឡំជាមួយតំណែងប្ដីឬបងប្រុសរបស់ខ្លួនឡើយ ។
មាស សុខសោភា ក្រោយចេញពីរាម នាងបានច្រៀងនៅCamtrax Music ដែលគ្រប់គ្រងដោយស្វាមីនិងបងប្រុសនាងរយៈពេល១៧ខែមកហើយ តែមិនទាន់មានបទណាផ្ទុះខ្លាំងដូចមុនទេ ។បន្ទាប់ពីចេញបទ”តប់ “ឬ “កុំបាញ់ទឹកដាក់មុខអូន” សុខសោភា បានចេញបទថ្មី”ខ្ញុំមិនស្មោះគេ គេមិនស្មោះខ្ញុំ” ហើយគ្មានដៃគូច្រៀងច្បាស់លាស់នោះទេ ។តាមព័តមានថាបើសុខសោភា នៅតែមិនជោគជ័យនៅឆ្នាំ២០២៤ ជាមួយផលិតកម្មខ្លួនឯងនោះនាងអាចងាកទៅពិចារណា ការផ្ញើរខ្លួននៅផលិតកម្មថ្មីជាមិនខាន ព្រោះសោភា ដែលមានអាយុជាង៤០ឆ្នាំនោះនាងនៅតែចង់ប្រជែងទីផ្សារចម្រៀងនៅឡើយ ហេតុនេះមិនអាចច្រៀងបទល្បីចាស់ៗCover បានរហូតឡើយ ។
អ្នកជំនាញសិល្បៈលើកឡើងថាមាស សុខសោភា ប្រសិនបើនាងទៅGalaxy នោះនឹងធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា លែងមានឱកាសស្ទុះឡើងទៀតហើយ ប៉ុន្ដែបើសោភា ទៅហង្សមាសនោះឱក សុគន្ធកញ្ញា ដែលមានកូន២ នោះក៍មិនអាចទប់ទល់ជាប់ទៀតដែរ ។ហេតុនេះអ្វីដែលសុខសោភា អាចសម្រេចចិត្ត ច្រៀងនៅផលិតកម្មខ្លួនឯង តទៅទៀត ឬប្ដូរផលិតកម្មនោះគឺនៅឆ្នាំ២០២៥ ទើបមើលឃើញច្បាស់។
គួររំលឹកថាក្នុងអាជីពចម្រៀងជាង២០ឆ្នាំមាស សុខសោភា ត្រូវបានគេថានាងជាតារា ចូលចិត្តប្ដូរផលិតកម្មដូចខោអាវក្នុងនោះនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែរ ,U2,សាន់ដេ ,M ,ថោន ,រាម និងចុងក្រោយនៅផលិតកម្មផ្ទាល់ខ្លួនCamtaxMusic នេះឯង។ប្រភពបានឲ្យដឹងថាប្រសិនបើសុខសោភា ចង់ច្រៀងនៅផលិតកម្មគេម្ដងទៀតនោះភាគរយនាងទៅGalaxy ច្រើនជាងហង្សមាស ព្រោះសោភា នឹងក្លាយទៅជាដៃគូជាមួយព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ ជំនួសនាងតន់ ច័ន្ទសីម៉ា ។ប៉ុន្ដែពេលនេះសុខសោភា នៅតែច្រៀងនៅផលិតកម្មប្ដីខ្លួននៅឡើយ ៕