ភ្នំពេញ៖លី ម៉ារីណា បានធ្វើពិធីជប់លៀងធំថ្ងៃខួបកំណើតគម្រប់អាយុ៤៣ឆ្នាំ កាលពីរាត្រីថ្ងៃទី២៦ ឧសភា ដោយមានមិត្តភក្ដិនាងជាតារារួមអាជីព និងអ្នកស្និតស្វាមីនាងលោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ ទៅជូនពរនាងយ៉ាងច្រើនកុះករ។ជាមួយគ្នានេះដែរម៉ារីណា ក៍បានបង្ហើបប្រាប់អ្នកកាសែតថានាងចង់បានកូនភ្លោះ ពោលគឺចង់បង្កើតម្ដងពីរ មិនមែន១ទេ ។បំណងរបស់ម៉ារីណា នេះដែរត្រូវមិត្តភក្ដិរបស់នាងជូនពរឲ្យបានសម្រេចដូចក្ដីប្រាថ្នា ខណៈដែលោកអធិការវិញញឹមបិទមាត់មិនជិតឡើយ ពេលឭភរិយាវាចាបែបនេះ ។
សូមបញ្ជាក់ថាលី ម៉ារីណា តែងតែប្រារពខួបកំណើតជារៀងរាល់ឆ្នាំតែម្ដង រហូតមានតារាខ្លះទៅខួបនាងលាន់មាត់ថាជាខួបនាងលើកទី១៨០ ដងទៀតផង។ប៉ុន្ដែម៉ារីណា ទើបតែត្រូវបានស្វាមីនាងលោកទៀង ច័ន្ទសារ ធ្វើខួបឲ្យដោយលោកជាអ្នកចេញលុយពិធីនេះ៣ឆ្នាំចុងក្រោយនេះទេគឺនៅឆ្នាំ២០២២ ខួបនាងគម្រប់អាយុ៤១,២០២៣ ខួបគម្រប់៤២ និងឆ្នាំ២០២៤ ខួបគម្រប់៤៣ឆ្នាំ ។ភ្ញៀវមួយចំនួនបាននិយាយបែបលេងសើចម៉ារីណា ថាមិនមែននាងធ្វើខួបកំណើតនោះទេ តែគឺធ្វើចំរើន ព្រះជន្ម និងខ្លះថា”ចាស់ហើយធ្វើខួបទៀត “។ដោយឡែកសម្រាប់ស្វាមីនាងវិញបានឲ្យកាដូរថយន្ដប្រណិតមួយគ្រឿងជូនម៉ារីណា តាំងពីថ្ងៃទី៨ ឧសភា ម្លេះ ទើបនាំឲ្យនាងពេញចិត្ដប្ដីលោកអធិការស្ដូកតែម្ដង ។
លី ម៉ារីណា ទោះជាមិនទាន់ពពោះកូនភ្លោះមែន តែពេលនេះនាងមានកូន២នាក់ទៅហើយ នោះគឺកូនប្រុសនាងអាយុជាង១០ឆ្នាំដែលជាកូនអតីតប្ដីលោកសាត ចាន់ថន និងកូនស្រីរបស់លោកទៀង ច័ន្ទសារ ដែលនាងស្រលាញ់និងចាត់ទុកដូចជាកូនរបស់នាងដែរ ។ចំពោះការចង់បានកូនភ្លោះនៅពេលនេះម៉ារីណា អាចមិនចង់បង្កើតកូនញឹកញាប់នាំឲ្យនាងប្រឈមបាត់មុខពីសិល្បៈយូខែ ទើបនាងស្រម៉ៃចង់បានម្ដងពីរបែបនេះ។
លី ម៉ារីណា បានរៀបការជាមួយលោកទៀង ច័ន្ទសារ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ហើយពេលនេះតារារួមអាជីពចាប់ផ្ដើមហៅនាងថាជា”ជំទាវ”តាំងពីក្រោយរៀបការប្ដីថ្មីម្លេះ ។នាងគឺជាតារាតែម្នាក់គត់ដែលឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដល់ទៅ៣ដងក្នុងជីវិតហើយចុងក្រោយជ្រើសស្នេហ៍ជាបុរសពោះម៉ាយ ទ្រព្យស្ដុក ទើបនាំឲ្យនាងចាប់ផ្ដើមដកឃ្លាពីអាជីពសិល្បៈបន្ដិចម្ដងៗហើយចុងក្រោយនេះថាក្នុង១ឆ្នាំទទួលថតសម្ដែងភាពយន្ដតែមួយរឿងប៉ុណ្ណោះ ព្រោះចង់ទុកពេលវេលានៅសល់ទៅរកស៊ីវិញម្ដង ។ សម្រាប់អ្នកសិល្បៈដែលចូលរួមពិធីខួបកំណើតរបស់ម៉ារីណា ឆ្នាំនេះពួកគេបង្ហើបថានាងនឹងធ្វើខួបកំណើតជាបន្ដបន្ទាប់ទៀតនៅឆ្នាំក្រោយៗ ព្រោះប្ដីចេញលុយឲ្យ ពោលគឺធ្វើខួបខ្លួនឯងផង កូនប្រុសនាងផង អីចឹង មានតែត្រៀមលុយចងដៃទៀតទៅ …។
គេចាំមើលថាលី ម៉ារីណា អាចនឹងសម្រេចបំណងយកកូនភ្លោះនៅឆ្នាំ២០២៤ នេះបានដូចបំណងដែរឬទេ ស្របពេលដែលតាមព័តមានថាគង់ សុជាតិ ,ចាន់ កែវ និមល និងហ៊ិន ច័ន្ទនីរ័តុ្ន ជាដើមសុទ្ធតែចង់បានកូនភ្លោះដូចនាងដែរ ហេតុនេះក្នុងចំណោមតារាខាងលើតើម្នាក់ណាទៅមានលទ្ធភាពបង្កើតកូនបានម្ដង២មុនគេ ?