ចិន៖ រដ្ឋាភិបាលក្នុងស្រុកនិងទីភ្នាក់ងារព័ត៌មានរដ្ឋឲ្យដឹងថាមន្ត្រីរាជការចំនួន៦នាក់ដែលបម្រើការនៅខេត្តភូមិភាគកណ្តាលចិន Hubei ត្រូវបានគេដាក់ទណ្ឌកម្មចំពោះកំហុសរបស់ពួកគេដែលដេកលង់លក់ក្នុងពេលប្រជុំមួយស្តីពីតើត្រូវចាត់វិធានការណ៍បែបណាចំពោះមន្ត្រីខ្ជិលច្រអូសនិងស្ពឹកស្រពន់ ។
រូបភាពរបស់មន្ត្រីដែលលង់លក់ក្នុងពេលប្រជុំនោះត្រូវបានផ្សព្វផ្សាយលើបណ្តាញព័ត៌មានចិនជាងពីរថ្ងៃមកហើយ ក្នុងអំឡុងពេលនៃយុទ្ធនាការរបស់លោកប្រធានាធិបី ស៊ី ជីនពីង ក្នុងការបោសសម្អាតនិងបង្ក្រាបអំពើពុករលួយ ការប្រើពាក្យពេចន៍ផ្តេសផ្តាស និងការធ្វើប្រហែសចំពោះកាតព្វកិច្ចរបស់ខ្លួន។
ការិយាល័យវិន័យរបស់បក្សកុម្មុយនិស្តក្នុងទីក្រុង Xiangyang ខេត្ត Hubei កាលពី ថ្ងៃព្រហស្បត្តិ៍នេះបានបង្ហាញឈ្មោះមន្ត្រីក្របខ័ណ្ឌកណ្តាលជាច្រើននាក់ហើយពួកគេចាំបាច់ត្រូវសរសេរលិខិតតិទៀនឬស្តីបន្ទោសខ្លួនឯងហើយធ្វើការសុំទោសជាសាធារណៈ ។
កាសែតចិនមួយបានថ្លែងកាលពីសុក្រថាមន្ត្រីទាំងនោះបាននិងកំពុងចូលរួមកិច្ចប្រជុំដោយការចំអកឡកឡឺយឬផ្គឺនដល់កិច្ចពិភាក្សាស្តីអំពីប្រធានបទតើត្រូវចាត់វិធានការបែបណាចំពោះមន្ត្រី ខ្ជិលច្រអូសនិងស្ពឹកស្រពន់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា