ខេត្តហឺប៉ី (ចិន) ៖ ក្រមុំវ័យក្មេងម្នាក់ អាយុ២៣ឆ្នាំ បែរជាលង់ស្នេហ៍បុរសវ័យជរាម្នាក់ អាយុ៨០ឆ្នាំ រហូតសម្រេចចិត្តរៀបការជាមួយប្តីតានេះ ទោះបីជាមានការរារាំងជំទាស់ពីឪពុកម្តាយ ក្រុមគ្រួសារក៏ដោយ ដោយនាងក្រមុំនេះ សុខចិត្តចោលម៉ែឪ ដើម្បីបានរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញបេះដូង។

នាងក្រមុំដែលស្រឡាញ់ប្តីចាស់នោះ មានឈ្មោះ ស៊ាវ ហ្វាង អាយុ២៣ឆ្នាំ ជនជាតិចិន រស់នៅខេត្តហឺណាន ប្រទេសចិន។ ចំណែកបុរសជរា ដែលមានមន្តស្នេហ៍ទាក់ចិត្តក្រមុំព្រហ្មចារី ឲ្យមករៀបការជាមួយនោះ មានឈ្មោះ តា លី អាយុ ៨០ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ក្នុងខេត្តហឺប៉ី។
តាមប្រភពបណ្តាញព័ត៌មានចិន បានឲ្យដឹងថា ក្រមុំអាយុ២៣ឆ្នាំ ខាងលើ បានសម្រេចចិត្តរៀបការជាមួយតាអាយុ ៨០ឆ្នាំ បន្ទាប់ពីបានជួបគ្នានៅមណ្ឌលថែទាំផ្ទះមនុស្សចាស់ ព្រោះនាងធ្វើការជាអ្នកស្ម័គ្រចិត្តមើលថែមនុស្សចាស់។
នាង ស៊ាវ ហ្វាង បាននិយាយថា នាងមិនខ្វល់នឹងមាត់អ្នកណាពេបជ្រាយចំពោះស្នេហាខុសវ័យរបស់នាងនេះទេ ហើយក៏មិនខ្វល់ចំពោះគ្រួសារនាងដែលជំទាស់នឹងចំណងស្នេហារបស់នាងនេះដែរ ព្រោះនាងចង់ធ្វើតាមបេះដូងរបស់នាង។
ករណីនេះ ដូចពាក្យថា “អាយុគ្រាន់តែជាតួលេខ” គេតែងនិយាយនៅពេលដែលស្នេហារវាងអាយុខុសគ្នាកើតឡើង។
ប្រភពបន្តថា អ្នកទាំងពីរបានជួបគ្នា នៅពេលដែលនាងក្រមុំ ស៊ាវ ហ្វាង ធ្វើការជាអ្នកស្ម័គ្រចិត្ត ថែទាំចាស់ជរាក្នុងមណ្ឌលមួយ ក្នុងខេត្តហឺណាន ធ្វើឲ្យនាងមានឱកាសជិតស្និទ្ធនឹងលោកតា លី ដោយសារតែពួកគេមានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តដូចគ្នា។ លុះពេលវេលាកន្លងផុតទៅច្រើនខែ ពួកគេកាន់តែជិតស្និទ្ធជាមួយគ្នា។

នាងស៊ាវ ហ្វាង ឲ្យដឹងថា នាងត្រូវបានទាក់ទាញចិត្តដោយភាពចាស់ទុំ ស្ថិរភាព និងបញ្ញារបស់តា លី ។ ចំណែកតា លី ក៏ចាប់អារម្មណ៍លើស៊ាវ ហ្វាង ដែរ ព្រោះនាងគួរឱ្យស្រឡាញ់ ចូលចត្ត។
ទោះជាយ៉ាងណា គ្រួសាររបស់ស៊ាវ ហ្វាង បានប្រឆាំងនឹងទំនាក់ទំនងនេះ ដោយសារតែពួកគេមានអាយុខុសគ្នាច្រើនពេក ដូចចៅស្រី និងតាទួត ហើយគិតថា តា លី អាចប្រើវិធីទាក់ទាញយកប្រយោជន៍ពីស៊ាវ ហ្វាង។
ក្រោយពីពិចារណាយ៉ាងហ្មត់ចត់ នារីវ័យ២៣ឆ្នាំរូបនេះ នៅតែសម្រេចចិត្តធ្វើតាមចិត្តនិងបេះដូងរបស់នាង ដោយនាងបានសម្រេចចិត្តជ្រើសរើសរៀបការជាមួយតា លី ហើយបានបញ្ចប់ទំនាក់ទំនងជាមួយគ្រួសាររបស់នាង។
នាងស៊ាវ ហ្វាង បាននិយាយថា ដរាបណាលោកតា លី នៅក្បែរនាង នោះនាងអាចប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាងបានយ៉ាងក្លាហាន ដោយគ្មានក្រុមគ្រួសាររបស់នាង។

ទីបំផុត គូស្នេហ៍ខុសវ័យមួយគូនេះ បានរៀបចំពិធីមង្គលការដ៏សាមញ្ញមួយ នៅខេត្តហឺប៉ី ហើយបានស្បថសច្ចាថា នឹងស្រឡាញ់គ្នាជារៀងរហូតអស់មួយជីវិត ទោះបីជាពុំដឹងថា ភាគីប្តីជរា អាចរួមរស់ជាមួយគ្នាបានប៉ុន្មានឆ្នាំទៀតក៏ដោយ។
ទោះបីជាយ៉ាងណា នាងស៊ាវ ហ្វាង បានទទួលថ្លៃបណ្ណាការ ចំនួន ៥លានយ័ន ពីប្តីជរារបស់នាងផងដែរ៕ ខៀវទុំ