Friday, October 18, 2024
Homeព័ត៌មានជាតិប្រជាធិបតេយ្យសេរី អ្នកវិភាគថា ត្រូវគោរពសិទ្ធិមនុស្ស គ្មានការគំរាមកំហែងយាយី

ប្រជាធិបតេយ្យសេរី អ្នកវិភាគថា ត្រូវគោរពសិទ្ធិមនុស្ស គ្មានការគំរាមកំហែងយាយី

 ភ្នំពេញ ៖ ស្របពេលដែលគណបក្សជំនាន់ថ្មី ជាពិសេសលោកមាជ សុវណ្ណារ៉ា ដែលជាប្រធានគណបក្សនេះ​ បានស្នើគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បំភ្លឺអំពីការបែកធ្លាយសារសំឡេងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ ដែលបញ្ជាឲ្យកម្ទេចកម្លាំងប្រឆាំងនោះមក អ្នកវិភាគបានលើកឡើងថា បើនិយាយពីប្រជាធិបតេយ្យសេរី ត្រូវមានការគោរពសិទ្ធិមនុស្ស ប្រកួតប្រជែងគ្នាដោយសេរី ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែងយាយី ធ្វើទុក្ខបុកម្នេញគ្នា បើពុំដូច្នេះទេ ពាក្យប្រជាធិបតេយ្យសេរី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺវាអត់មានន័យទេ ។

លោកបណ្ឌិត ម៉ី សុវណ្ណារ៉ា អតីតអ្នកធ្វើការឲ្យឧត្ដមស្នងការសហប្រជាជាតិ និងជាអ្នកជំនាញផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បានលើកឡើងថា ការប្រកួតប្រជែងគ្នាដោយសេរី គឺការប្រកួតប្រជែងគ្នា ដោយអត់មានការភ័យខ្លាច អត់មានអ្នកណាមកគំរាមកំហែងយាយី ។ បើសិនជាមានការគំរាមកំហែងយាយី ការធ្វើបាប ការធ្វើទុក្ខបុកម្នេញ ពាក្យសេរី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺវាអត់មានន័យអីទេ ។

លោកបណ្ឌិត ម៉ី សុវណ្ណារ៉ា បានមានប្រសាសន៍ថា “កាលណាយើងនិយាយពីប្រជាធិបតេយ្យ យើងនិយាយអំពីប្រជាធិបតេយ្យពិតប្រាកដ ហើយតើវាមានទំនាក់ទំនងអ្វីទៅនឹងសិទ្ធិមនុស្ស? គេថា បើយើងធ្វើប្រជាធិបតេយ្យ យើងអត់គោរពសិទ្ធិមនុស្ស យើងមិនអាចដំណើរការប្រជាធិបតេយ្យមួយពិតប្រាកដបានទេ ។ នៅក្នុងឯកសារអង្គការសហប្រជាជាតិ លោកបានសរសេរច្បាស់ណាស់ គឺគេចង់និយាយអំពីប្រជាធិបតេយ្យពិតប្រាកដ និងសិទ្ធិមនុស្ស ថាតើវាមានទំនាក់ទំនងគ្នាបែបម៉េច? ន័យសំខាន់ដែលងាយយល់ គឺប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហ្នឹង គឺមានលក្ខណៈអាស្រ័យគ្នាទៅវិញទៅមក មានលក្ខណៈពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចផ្ដាច់ចេញពីគ្នាបានទេ ។ បើយើងធ្វើប្រជាធិបតេយ្យ យើងត្រូវគោរពសិទ្ធិមនុស្ស ប៉ុន្តែបើយើងធ្វើប្រជាធិបតេយ្យ យើងអត់គោរពសិទ្ធិមនុស្ស យើងមិនអាចហៅការធ្វើប្រជាធិបតេយ្យហ្នឹងកើតទេ ។ អ៊ីចឹងគោលការណ៍ប្រជាធិបតេយ្យ ខ្ញុំសុំនិយាយត្រួសៗអំពីគោលការណ៍ប្រជាធិបតេយ្យហ្នឹង គឺយើងត្រូវតែមានការគោរពសិទ្ធិមនុស្ស ការប្រតិបត្តិ ការលើកស្ទួយ ការបំពេញនូវសិទ្ធិមនុស្ស ។ យើងត្រូវតែមានការបោះឆ្នោតមួយដែលសេរីនិងយុត្តិធម៌ យើងត្រូវតែមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ ដើម្បីដំណើរការប្រជាធិបតេយ្យមួយឲ្យពិតប្រាកដទៅបាន វាទាល់តែមានកត្តាសំខាន់ៗទាំងនេះ ។ យើងមានការពន្យល់ជាក់លាក់នៅក្នុងលិខិតូបករណ៍ផ្សេងៗរបស់អង្គការសហប្រជាជាតិ ។ អ៊ីចឹងយើងអាចវាស់ប្រទេសមួយដែលអាចជាប្រទេសដែលមានប្រជាធិបតេយ្យពិត ឬមិនពិត គេវាស់ទៅលើការគោរពសិទ្ធិមនុស្ស ។ ជាពិសេសសិទ្ធិក្នុងការសម្ដែងមតិ សេរីភាពក្នុងការសម្ដែងមតិ ។ ទាក់ទងទៅនឹងប្រជាធិបតេយ្យនៅកម្ពុជា មុននេះ ខ្ញុំបានឮពាក្យថា ប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ជាការពិត យើងបានឃើញនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមាត្រា១៥០ ដែលនិយាយអំពីប្រជាធិបតេយ្យ សេរីពហុបក្ស ។ ពាក្យថា ប្រជាធិបតេយ្យ សេរី ពហុបក្ស គឺខ្ញុំមិនបកស្រាយរដ្ឋធម្មនុញ្ញទេ ខ្ញុំគ្រាន់ពន្យល់ជូនថា ពាក្យថា សេរីហ្នឹងយ៉ាងម៉េច? ពហុហ្នឹងយ៉ាងម៉េច? បក្សហ្នឹងយ៉ាងម៉េច? សេរីនេះ មិនមែនមានន័យថា តាមអំពើចិត្តទេ សេរីនេះ អ្នកខ្លះគាត់ចេះតែថា តាមអំពើចិត្ត សេរីហ្នឹងប្រែមកថា តាមពិត មិនមែនទេ ។ សេរីនេះ គេសំដៅទៅលើការមិនភ័យខ្លាច ការមិនទទួលរងការគំរាមកំហែង សម្លុត យាយី ហើយពហុ មានន័យថា ច្រើន បក្ស មិនមែនមានន័យថា សំដៅទៅលើតែក្រុមមនុស្សទេ ។ យើងរាប់មនុស្សបួនដប់នាក់ ១រយនាក់ ១ម៉ឺននាក់ យើងប្រមូលផ្ដុំគ្នាហៅថា បក្សទេ ។ បក្សនេះ សំដៅលើមតិរួមគ្នា ផ្ដុំគ្នាច្រើនគ្នា ហើយនៅក្នុងប្រទេសមួយៗ ពលរដ្ឋទាំងអស់អត់អាចមានមតិដូចគ្នា អត់អាចមានគំនិតដូចគ្នាទេ ត្រូវតែមានគំនិតផ្សេងៗគ្នា“ ។

            លោកបណ្ឌិត ម៉ី សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយបានគេឲ្យមានការរៀបចំអ្នកដែលមានគំនិតដូចគ្នាហ្នឹង អាចបង្កើតជាក្រុមមួយឡើង ដើម្បីបញ្ចេញគំនិតមួយរបស់ខ្លួន ហើយយើងធ្វើការប្រកួតប្រជែងគ្នាដោយសេរី ប្រកួតប្រជែងគ្នាដោយអត់មានការភ័យខ្លាច អត់មានអ្នកណាមកគំរាមកំហែងយាយី ។ បើសិនជាមានការគំរាមកំហែងយាយី ការធ្វើបាប ការធ្វើទុក្ខបុកម្នេញ អាហ្នឹងពាក្យសេរីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹង គឺវាអត់មានន័យអីទេ ។ អ៊ីចឹងពាក្យថា សេរីពហុបក្សហ្នឹង វាទាល់តែយើងផ្ដុំគំនិតរបស់យើងហ្នឹងអាចនឹងធ្វើការសម្រេចមតិហ្នឹង ទោះដោយការសរសេរ ដោយការនិយាយ ដោយការធ្វើសកម្មភាពផ្សេងៗ ។ល។ និង។ល។ ហ្នឹង គឺគូរឆ្លាក់ជាគំនូរ ជាចម្លាក់ ជាសិល្បៈចម្រៀង ជាអ្វីក៏ដោយ ដែលយើងធ្វើទៅហ្នឹងដោយអត់មានរងការយាយី ការភ័យខ្លាចការគំរាមកំហែងជាដើម អីជាដើម ។ អានេះនៅក្នុងន័យនៃច្បាប់ ហើយក៏សូមជម្រាបជូនបងប្អូនកូនក្មួយទាំងអស់ផងដែរថា ប្រទេសយើងដែលបានរដ្ឋធម្មនុញ្ញដ៏ល្អ ដែលពីមុន ខ្ញុំធ្វើការងារជាមួយការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ទាំងនៅប្រទេសកម្ពុជា ទាំងនៅតំបន់អាហ្រ្វិក គេសរសើរថា ស្រុកខ្មែរយើងមានច្បាប់រដ្ឋធម្មនុញ្ញល្អមែនទែន នៅក្នុងហ្នឹងចាប់ពីមាត្រាទី៣១ ដល់មាត្រា៥០ ទាំងអស់មាន២០មាត្រា និយាយអំពីសិទិ្ធមនុស្សហ្នឹង ហើយយើងសួរថា តើរដ្ឋធម្មនុញ្ញយើងហ្នឹង បានល្អបែបហ្នឹងដោយសារអី? ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង យើងមើលទៅក្នុងឧបសម្ព័ន្ធទី៥ កម្ពុជា សន្យាថា នឹងបង្កើតនូវរដ្ឋធម្មនុញ្ញមួយ ដែលល្អ ដែលគោរពសិទ្ធិមនុស្ស សេរីភាពប្រជាពលរដ្ឋជាមូលដ្ឋាន មិនមែនគ្រាន់តែការសន្យាធម្មតាទេ ជាការសន្យាដ៏ម៉ឺងម៉ាត់ ដ៏ខ្លាំងក្លា ថាកម្ពុជា មិនត្រលប់ទៅរកបញ្ហាវិនាសកម្មពីអតីតកាលដូចជំនាន់ខ្មែរក្រហម ១៩៧៥ ដែលជារបបយើងហៅថា ប្រល័យពូជសាសន៍នោះ ។ ក្នុងហ្នឹងផងដែរ យើងបានរដ្ឋធម្មនុញ្ញមួយដែលល្អមកទល់រាល់ថ្ងៃនេះ គឺផ្អែកទៅតាមមាត្រាទី១៥ កថាខណ្ឌ ក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្ពុជា សន្យាថា ខ្លួននឹងគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងហ្នឹងមានកតិកាសញ្ញា អនុសញ្ញាអន្តរជាតិហ្នឹង គឺយើងបានសន្យាថា ពេលណាដែលយើងដឹកនាំរដ្ឋាភិបាលណាក៏ដោយ គណបក្សក៏ដោយ ដែលបានមកដឹកនាំប្រទេសកម្ពុជា ហ្នឹង ត្រូវតែដឹកនាំទៅរកការគោរពសិទ្ធិមនុស្ស និងការគោរពប្រជាធិបតេយ្យ រហូតនៅក្នុងឧបសម្ព័ន្ធទី៥ហ្នឹង យើងបានសន្យាថា​ យកអ្វីៗដែលមាននៅក្នុងកិច្ចព្រមព្រៀងហ្នឹង​ មកកើតឲ្យបានជារដ្ឋធម្មនុញ្ញមួយដែលមានការគោរពសិទ្ធិមនុស្ស ។ ដូច្នេះជាចុងក្រោយ យើងបានច្បាប់មួយដ៏ល្អ រដ្ឋធម្មនុញ្ញមួយដ៏ល្អ ហើយយើងសង្ឃឹមថា បងប្អូនកូនចៅ យុវជន យុវនារីយើងទាំងអស់នឹងបន្តការប្ដេជ្ញានេះ ហើយនិងប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយដែលរុងរឿង មានមុខមានមាត់នៅលើឆាកអន្តរជាតិ ហើយពលរដ្ឋយើងក៏ពេញមុខពេញមាត់ ដើរទៅកាន់ប្រទេសផ្សេងៗ គេសរសើរ គេសួរថា មកពីប្រទេសណា? ថាមកពីប្រទេសខ្មែរ អូ! ល្អណាស់! ជាប្រទេសមួយដែលគោរពសិទ្ធិមនុស្ស ប្រទេសមួយដែលមានប្រជាធិបតេយ្យ ឲ្យគេសរសេរអ៊ីចឹង ព្រោះកន្លងមក ពេលដែលខ្ញុំទៅកាន់ប្រទេសខ្លះ ខ្មែរយើងខ្លះគាត់អត់ហ៊ានថាមកពីស្រុកខ្មែរទេ ដោយសារគាត់មានភាពអាម៉ាស់ ។ អ៊ីចឹងសង្ឃឹមថា យុវជនយើងជំនាន់ថ្មីនេះ នឹងធ្វើការងារហ្នឹង ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ លើកស្ទួយមុខមាត់ប្រទេសកម្ពុជាយើង“ ។

            ចំណែកលោកបណ្ឌិត​​ មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាសង្គម ដើម្បីការអភិវឌ្ឍន៍ បានបញ្ជាក់ថា នៅពេលណាដែលយើងនិយាយអំពីប្រជាធិបតេយ្យ យើងកុំឲ្យគិតថា មានតែគណបក្សក្រៅគណបក្សកាន់អំណាចទេ ដែលមានតែធ្វើប្រជាធិបតេយ្យ រីឯគណបក្សកាន់អំណាច គេមិនធ្វើ ។ តាមពិត គណបក្សទាំងអស់ រួមទាំងគណបក្សកាន់អំណាចផង ក៏កំពុងធ្វើការបំពេញតួនាទីនៅក្រោមឆត្រប្រជាធិបតេយ្យទាំងអស់គ្នា ក៏ប៉ុន្តែរឿងសំខាន់យើងរកស្ដង់ដាររួមមួយអត់ឃើញ ហើយការមិនឃើញស្ដង់ដាររួមហ្នឹងហើយ ដែលធ្វើឲ្យយើងចេះតែបន្តការលាបពណ៌គ្នា ហើយក្រៅពីការលាបពណ៌ គឺមានការគុំកួនគ្នា ។

            លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “ជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំតែងតែមានការលើកទឹកចិត្ត នៅពេលដែលមានគណបក្សថ្មីៗកើតឡើង ដើម្បីជំរុញឲ្យយើងនាំគ្នាគិតអំពីប្រជាធិបតេយ្យទាំងអស់គ្នា ។ យើងដឹងស្រាប់ហើយថា ការធ្វើនយោបាយនៅក្នុងស្រុកយើង គឺវាមានរួមទាំងការសប្បាយ ការឈឺចាប់ ។ នៅក្នុងពេលនេះ ក៏យើងឃើញថា មានអ្នកដែលខំតស៊ូធ្វើការបម្រើ ចង់បានប្រជាធិបតេយ្យ ក៏កំពុងតែទទួលរងគ្រោះ ក៏មានអ្នកខ្លះនៅក្នុងមន្ទីរឃុំឃាំង អ្នកខ្លះទទួលរងការចោទប្រកាន់នានា ទោះបីជាក្នុងទិដ្ឋភាពនយោបាយក៏ដោយ ទិដ្ឋភាពផ្លូវច្បាប់ក៏ដោយ ក៏ប៉ុន្តែនេះសុទ្ធតែជាការខិតខំប្រឹងប្រែង ។ អ៊ីចឹងខ្ញុំសុំគាំទ្រនិងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនៅក្នុងការដើរឈានទៅរកប្រជាធិបតេយ្យពិតប្រាកដមួយ តាមរយៈការបង្កើតនូវគណបក្សនយោបាយ ហើយអ្វីដែលយើងធ្វើនេះ គឺមិនមានខុសអីពីច្បាប់ទេ ។ រឿងមួយទៀត ទាក់ទងការធ្វើនយោបាយនេះដែរ យើងឃើញហើយថា ចាប់តាំងពីឆ្នាំ១៩៩៣មក ដំណើរការប្រជាធិបតេយ្យនៅប្រទេសយើងហ្នឹង គឺមកដល់ឥឡូវនេះ សម្រាប់ខ្ញុំដែលជាអ្នកតាមដាននូវការអភិវឌ្ឍសង្គម និងនយោបាយ គឺខ្ញុំបានធ្វើការសន្និដ្ឋានថា ប្រជាធិបតេយ្យនៅក្នុងស្រុកយើងនេះ គឺនៅមានភាពផុយស្រួយ ដោយសារកត្តាមួយចំនួន ។ កត្តាទី១ គឺការរុញដាក់គ្នាទៅវិញទៅមក ទៅលើស្ដង់ដារនៃប្រជាធិបតេយ្យ ដែលមានការយល់ឃើញខុសគ្នាទាំងគណបក្សគ្រប់គ្រងអំណាច ទាំងគណបក្សមិនទាន់គ្រប់គ្រងអំណាច ទាំងសស្ដង់ដាររវាងអ្វីដែលរដ្ឋាភិបាលកម្ពុជាប្រកាសជាស្ដង់ដារប្រជាធិបតេយ្យនៅក្នុងកម្ពុជា ហើយនិងអ្វីដែលជាស្ដង់ដារប្រជាធិបតេយ្យអន្តរជាតិ ។ អ៊ីចឹងភាពចម្រូងចម្រាសទាំងអស់ហ្នឹងហើយ ដែលវាបានធ្វើឲ្យដំណើរការប្រជាធិបតេយ្យនៅក្នុងស្រុកយើងនេះ ស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ហើយបញ្ហាមួយទៀត ការធ្វើប្រជាធិបតេយ្យ នៅក្នុងរដ្ឋធម្មនុញ្ញ គឺយើងឈានទៅរកការបង្រួបបង្រួមជាតិ ហើយនៅក្នុងរដ្ឋធម្មនុញ្ញ បាននិយាយច្បាស់ណាស់ថា រាល់រដ្ឋាភិបាលទាំងឡាយណាដែលកើតឡើងតាមរយៈការបោះឆ្នោត ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារដ្ឋាភិបាលត្រូវមានតួនាទីក្នុងការនាំមកនូវឯកភាពជាតិ ក៏ប៉ុន្តែអ្វីដែលយើងបានឃើញមកដល់ពេលនេះ គឺយើងនៅប្រកាន់ នៅមានការលាបពណ៌គ្នាហ្នឹងច្រើន ហើយការលាបពណ៌នៅស្រុកយើងនេះ មិនមែនលាបពណ៌តាមបែបប្រជាធិបតេយ្យទេ គឺលាបពណ៌តាមបែបបង្កសត្រូវជាមួយគ្នា ហើយគំនុំគ្នា ហើយខ្ញុំគិតថា នេះវាជារឿងមួយដែលខ្មែរយើងមានក៏មិនតិចឆ្នាំហើយដែរ នៅក្នុងប្រវត្តិសាស្រ្តក្រោយអង្គរ ក៏យើងមានរឿងហ្នឹង នៅក្នុងរយៈពេលបីបួនទសវត្សរ៍ចុងក្រោយ ក៏យើងមានបញ្ហាហ្នឹង ហើយមកដល់ក្នុងដំណើរការប្រជាធិបតេយ្យនេះ ក៏យើងនៅតែមានភាពប្រេះឆាគ្នានេះនៅឡើយទេ ។ អ៊ីចឹងខ្ញុំមិនចង់និយាយអីឲ្យបានច្រើនទេ ប៉ុន្តែខ្ញុំគិតថា តើនៅពេលខាងមុខ នៅក្នុងដំណើរការនៃគណបក្សនយោបាយ តើថា យើងគួរតែរៀបចំខ្លួនយ៉ាងម៉េច ដើម្បីឈានទៅរកឯកភាពជាតិ និងការបង្រួបបង្រួមជាតិពិតប្រាកដ? ហើយរឿងសំខាន់បំផុត គឺរកឲ្យឃើញនូវស្ដង់ដារប្រជាធិបតេយ្យរួមគ្នាមួយ“ ។

            លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “នៅពេលណាដែលយើងនិយាយអំពីប្រជាធិបតេយ្យ យើងកុំឲ្យគិតថា មានតែគណបក្សក្រៅគណបក្សកាន់អំណាចទេ ដែលមានតែធ្វើប្រជាធិបតេយ្យ រីឯគណបក្សកាន់អំណាច គេមិនធ្វើ ។ តាមពិត គណបក្សទាំងអស់ រួមទាំងគណបក្សកាន់អំណាចផង ក៏កំពុងធ្វើការបំពេញតួនាទីនៅក្រោមឆត្រប្រជាធិបតេយ្យទាំងអស់គ្នា ក៏ប៉ុន្តែរឿងសំខាន់យើងត្រូវរកស្ដង់ដាររួមមួយអត់ឃើញ ហើយការមិនឃើញស្ដង់ដាររួមហ្នឹងហើយ ដែលធ្វើឲ្យយើងហ្នឹងគឺចេះតែបន្តការលាបពណ៌គ្នា ហើយក្រៅពីការលាបពណ៌ គឺមានការគុំកួនគ្នា ។ អ៊ីចឹងដរាបណាការលាបពណ៌មានកាន់តែក្រាស់ ការគុំកួនមានកាន់តែខ្លាំង ពេលនោះគឺការរកឲ្យឃើញនូវឯកភាពជាតិ មិនអាចរកឃើញទេ គឺយើងនៅតែបែបហ្នឹងរហូត ។ អ៊ីចឹងការរួមគ្នាដើម្បីធ្វើការទាំងអស់គ្នា គ្រប់គណបក្សទាំងអស់ រួមទាំងគណបក្សជំនាន់ថ្មីផង ដើម្បីរកឲ្យឃើញនូវស្ដង់ដាររួមមួយទាំងអស់គ្នា ដែលយើងយល់ព្រមទាំងអស់គ្នា ហើយយកមកប្រើសម្រាប់ប្រយោជន៍ជាតិខ្មែរទាំងមូលជារឿងសំខាន់បំផុត ។ រឿងមួយទៀត ការបង្កនូវទំនុកចិត្តគ្នា គឺជារឿងសំខាន់ គឺទំនុកចិត្តិរវាងគណបក្សនយោបាយ ។ អ៊ីចឹងយើងធ្វើម៉េចការពារនូវដំណើរការប្រជាធិបតេយ្យរបស់យើង ដើម្បីទប់ខ្លួនយើងធ្វើម៉េចឲ្យនៅត្រឹមកម្រិតមួយ កុំឲ្យជ្រុលនិយម ។ បើជ្រុលនិយម វាអាចមានការវាយប្រហារគ្នា ការប្រមាថគ្នា ដែលវាជាកត្តាមួយដែលធ្វើឲ្យយើងរកការផ្សះផ្សាជាតិហ្នឹងអត់ឃើញទេ ។ នេះជាទិដ្ឋភាពដែលយើងទាំងអស់គ្នាសុទ្ធតែបានឆ្លងកាត់ទាំងអស់គ្នា ។ អ៊ីចឹងនៅក្នុងភាពជ្រុលនិយមនេះ វាជាកត្តាមួយដែលរារាំង ឬបង្កើតឲ្យមានវប្បធម៌មួយ គឺវប្បធម៌ទឹកឡើង ត្រីស៊ីស្រមោច ដល់ទឹកហោចទៅវិញ គឺស្រមោចស៊ីត្រីម្ដង ហើយនយោបាយក្នុងស្រុកខ្មែរយើង គឺនយោបាយទឹកឡើងត្រីស៊ីស្រមោច ហើយទឹកហោចស្រមោចស៊ីត្រីនេះ វាមានជាបន្តបន្ទាប់រហូត ហើយបើសិនជាយើងមិនបញ្ឈប់វប្បធម៌នេះមួយទេ នៅក្នុងពេលក្រោយៗទៀត គឺថា បញ្ហានេះនឹងវិលមកជាន់យើង កង់ប្រវត្តិសាស្រ្តនឹងវិលមកវិញដដែលៗ ដែលធ្វើឲ្យយើងក្លាយជាប្រទេសមួយដែលរងគ្រោះជាងគេនៅក្នុងតំបន់អាស៊ាននេះ ។ ការលាបពណ៌គ្នានេះ ខ្ញុំសុំរលឹកម្ដងទៀត នៅពេលខ្លះ យើងឮសូរគណបក្សនយោបាយ គាត់រុញដាក់គ្នាទៅវិញទៅមកថា ចេះតែចូលរួម ចេះតែបង្កើនអាវប្បធម៌លាបពណ៌គ្នាទៅវិញទៅមក ក៏ប៉ុន្តែយើងត្រូវចាំថា ក្នុងនាមយើងជាពលរដ្ឋ ជាសមាជិកគណបក្សនេះ ក៏ចូលរួមយ៉ាងសកម្មនៅក្នុងការលាបពណ៌គ្នាហ្នឹងដែរ ។ អ៊ីចឹងដរាបណាវប្បធម៌នៃការលាបពណ៌នេះនៅតែបន្តទៅទៀត កុំសង្ឃឹមឡើយណា ថាយើងនឹងបាននូវឯកភាពជាតិ និងការផ្សះផ្សាជាតិ ហើយការលាបពណ៌គ្នាទៅវិញទៅមកកាន់តែក្រាស់នេះ ក៏កុំសង្ឃឹមថា អ្នកប្រជាធិបតេយ្យនឹងអាចរួមគ្នា ធ្វើការជាមួយគ្នា ដើម្បីពង្រឹងកម្លាំងមួយចូលទៅប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បាន ហើយយើងកុំសង្ឃឹមថា ប្រសិនបើយើងជាគណបក្សនយោបាយដែលយើងគិតថា យើងចង់បាននូវលទ្ធិប្រជាធិបតេយ្យមួយដែលសមស្រប ដែលទទួលបានដោយពលរដ្ឋទូទៅ ហើយយើងមិនរឹងមាំ ហើយសង្ឃឹមថា គណបក្សគ្រប់គ្រងអំណាច គេនឹងបន្ទន់ឥរិយាបថដើម្បីធ្វើការជជែកជាមួយយើងនោះក៏អត់ដែរ ។ អ៊ីចឹងភាពរឹងមាំរបស់យើងជារឿងសំខាន់ ហើយរឿងចុងក្រោយមួយដែរ ដែលយើងត្រូវគិតទាំងអស់គ្នា ការធ្វើនយោបាយ មិនមែនត្រឹមតែការចង់ទៅឈ្នះឆ្នោតតែប៉ុណ្ណឹងទេ“ ។

            លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តទៀតថា “បើសិនជាខ្ញុំជាគណបក្សកាន់អំណាច ប៉ុន្តែខ្ញុំឃើញគណបក្សនយោបាយមួយដែលប្រុងនឹងឡើងមកកាន់អំណាចដែរ ប៉ុន្តែមិនមានសមត្ថភាពគ្រប់គ្រាន់ មិនបង្ហាញសមត្ថភាពគ្រប់គ្រាន់ថា គណបក្សមួយនេះនឹងឡើងទៅគ្រប់គ្រងប្រទេសបាន ខ្ញុំក៏មិនឲ្យដែរ ព្រោះនៅពេលដែលខ្ញុំមានអំណាចគ្រប់គ្រងប្រទេសនេះ ខ្ញុំចង់ឃើញប្រទេសហ្នឹងដើរទៅមុខ ។ អ៊ីចឹងបើសិនជាគណបក្សមួយដែលមក ហើយមិនមានសមត្ថភាពគ្រប់គ្រងប្រទេស និងមិនឃើញបង្ហាញសមត្ថភាពណាដែលគួរឲ្យកត់សម្គាល់ទេ ថាតើយើងគួរផ្ទេរអំណាចទៅឲ្យគណបក្សថ្មីហ្នឹងដែរឬអត់? មានប្រទេសមួយចំនួន ដោយសារតែការធ្វើនយោបាយប្រជាភិថុតិ បោះឆ្នោតឲ្យគណបក្សថ្មីមួយឡើងទៅ ប៉ុន្តែដល់គណបក្សហ្នឹងមិនមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេស ទីចុងបំផុត ប្រទេសហ្នឹងក្លាយទៅជាប្រទេសមួយដែលចលាចលទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ។ អ៊ីចឹងសរុបសេចក្ដីមក ការធ្វើនយោបាយមិនមែនគ្រាន់តែឈានទៅរកការឈ្នះឆ្នោតទេ ក៏ប៉ុន្តែត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ សមត្ថភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស យើងមិននិយាយទេ ធនធានថវិកា នៅពេលណាយើងទៅកាន់ការគ្រប់គ្រងរដ្ឋ បានយើងមានធនធាន ក៏ប៉ុន្តែធនធានមនុស្សដែលយើងត្រូវត្រៀម ទាំងព័ត៌មានផ្សេងៗទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងប្រទេស គឺយើងត្រូវមាននៅក្នុងដៃ ហើយយើងធ្វើម៉េចឲ្យប្រាកដបានថា នៅពេលដែលយើងជាប់ឆ្នោតថ្ងៃណាមួយ គឺ២៤ម៉ោងក្រោយមក យើងឡើងកាន់អំណាចគ្រប់គ្រងប្រទេសហ្នឹងបានដោយមិនមានការព្រួយបារម្ភ ។ រឿងសំខាន់មួយទៀតដែរ ដែលយើងត្រូវគិតដែរ ធនធានមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជានេះ ទាំង១៦លាននាក់ ទាំងអ្នកដែលគាំទ្រគណបក្សកាន់អំណាច អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យទាំងអស់ វាសុទ្ធតែមនុស្សខ្មែរទាំងអស់គ្នា ហើយយើងត្រូវចាំថា ការធ្វើនយោបាយស្រុកយើង មិនមែនធ្វើនយោបាយទៅ ដល់ពេលយើងឈ្នះហើយ យើងរុញអ្នកដែលនៅសព្វថ្ងៃឲ្យចេញអស់ដូចប៉ុល ពត ទេ វាសុទ្ធតែជាធនធានមនុស្សដែលយើងត្រូវយកមកប្រើ ដើម្បីកសាងប្រទេសទាំងអស់គ្នា ។ យើងត្រូវចាំថា នៅក្នុងប្រទេសយើង យើងមានបញ្ហាមួយ គឺបញ្ហាការគ្រប់គ្រង ការប្រើប្រាស់ធនធានមនុស្សអត់មានប្រសិទ្ធភាព អ្នកណាជាពួកម៉ាកអញ អ្នកណាជាគ្រួសារអញ អ្នកណាជាគ្នាអញ អាហ្នឹងបានអាចមានលទ្ធភាពបម្រើចូលទៅធ្វើការបាន ប៉ុន្តែបើយើងក្រៅពីហ្នឹង គឺត្រូវបានគេរុញចេញ ។ នេះជាកំហុសមួយរបស់យើងក្នុងការប្រើប្រាស់ធនធានមនុស្ស“ ។

            ដោយឡែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានលើកឡើងពីការប្រើប្រាស់សិទ្ធិ ដោយលោកបញ្ជាក់ថា បើកាលណាគេនិយាយដល់សិទ្ធិ ជាពិសេសក្នុងយុវជន មិនសប្បាយចិត្តនឹងសង្គមសព្វថ្ងៃទេ ។ បើពេញចិត្តពេញថ្លើមនឹងសង្គមសព្វថ្ងៃ មិនបាច់ធ្វើនយោបាយទេ ។ ប៉ុន្តែលោកថា អ្វីសំខាន់អ្នកនយោបាយ គណបក្សនយោបាយ រស់រានមានជីវិត ចម្រើនលូតលាស់ រឹងមាំ អាស្រ័យដោយឆ្នោត គឺពលរដ្ឋបោះឆ្នោតឲ្យ ដូច្នេះត្រូវស្គាល់ប្រជាពលរដ្ឋ និងនៅកៀកជាមួយប្រជាពលរដ្ឋ ។ 

            លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “បើកាលណាគេនិយាយដល់សិទ្ធិ ជាពិសេសក្នុងយុវជន មិនសប្បាយចិត្តនឹងសង្គមសព្វថ្ងៃទេ ។ បើពេញចិត្តពេញថ្លើមនឹងសង្គមសព្វថ្ងៃ មិនបាច់ធ្វើនយោបាយទេ ។ គេធ្វើនយោបាយ ដោយសារគេមានគំនិត គេមានចក្ខុវិស័យមួយ ទី១ គេមិនសប្បាយចិត្តនឹងសង្គមសព្វថ្ងៃ ទី២ ថាសង្គមសព្វថ្ងៃ អាចប្រសើរជាងបច្ចុប្បន្ន មានន័យថា ទៅអនាគត តាមរយៈការងាររបស់គេហ្នឹង ការងារសកម្មរបស់គេហ្នឹង ចូលរួមក្នុងជីវភាពសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច វប្បធម៌របស់ប្រទេសយើង គេអាចចូលរួមសកម្ម តាមរយៈគំនិត តាមរយៈមធ្យោបាយ តាមរយៈវាចា តាមរយៈកាយ ចូលរួមកសាងសង្គមមួយដែលល្អប្រសើរជាងសព្វថ្ងៃ ។ ខ្ញុំសុំផ្ដាំផ្ញើ អ្នកនយោបាយ គណបក្សនយោបាយ គឺរស់រានមានជីវិត ចម្រើនលូតលាស់ រឹងមាំ អាស្រ័យដោយឆ្នោត ។ ឆ្នោតបានពីណាមក? ពីប្រជាពលរដ្ឋ ។ ដូច្នេះយើងត្រូវស្គាល់ប្រជាពលរដ្ឋយើង នៅមណ្ឌលយើង នៅតំបន់យើង គាត់មានបញ្ហាអីខ្លះ យើងអាចជួយដោះស្រាយបញ្ហារួមជាមួយគាត់ ។ កុំភេ្លច! ឥឡូវនេះមនុស្សចេះដឹងច្រើនជាងមុន ដូច្នេះរួមផ្សំគ្នា ដើម្បីដោះស្រាយ ឬមួយសំណូមពរឲ្យមានការដោះស្រាយ ។ ដូច្នេះត្រូវនៅកៀកប្រជាពលរដ្ឋ យល់ដឹងបញ្ហារបស់គាត់ ជួយដោះស្រាយបញ្ហាហ្នឹងរួមជាមួយគាត់ គាត់ចេះដឹងដែរ ហើយនិងពាំនាំដំណោះស្រាយរបស់គាត់ហ្នឹងយកទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហា» ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា «មិនចាំបាច់ដល់យើងបានអំណាច បានអីទេ តាំងពីឥឡូវហ្នឹងទៅ រឿងគេធ្វើតាម មិនធ្វើតាម រឿងមួយទៀត ប៉ុន្តែឲ្យយើងមានគំនិតសិន មានគំនិតដោះស្រាយធ្វើរបៀបម៉េច ដើម្បីឲ្យបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ យើងត្រូវទន្ទេញឲ្យចាំ យើងពឹងផ្អែកលើប្រជាពលរដ្ឋ ជោគជ័យពឹងផ្អែកលើប្រជាពលរដ្ឋ ហើយយើងត្រូវរៀបចំខ្លួនយើងហ្នឹង ដើម្បីទាក់ទាញឆ្នោត តើនៅជួរមុខយើងហ្នឹង គេរៀបចំរបៀបម៉េច? ហើយបែរមករកសង្គមវិញ តើយើងចង់បានសង្គមយុត្តិធម៌ឬអត់ទេ? ហើយសុំសរសើរសេចក្ដីក្លាហាន ក៏ប៉ុន្តែការប្រើប្រាស់សេចក្ដីក្លាហាន គឺត្រូវប្រើប្រាស់បញ្ញារបស់យើងដែរ ហៅថា គតិបណ្ឌិត ។ បើចេះតែក្លាហាន ដូចបណ្ឌិតមាស នី ថាជ្រុលនិយម អាហ្នឹងវាអត់កើតទេ យើងត្រូវប្រើប្រាស់ខួរក្បាលយើង យើងត្រូវគិតថា ល្មមៗបានហើយ កុំឲ្យជ្រុលនិយម“ ៕ កុលបុត្រ

RELATED ARTICLES