ប្រទេសរុស្ស៉ី ៖ ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន បានព្រមានលោកខាងលិចជាថ្មី អំពីការកើតឡើងនៃសង្គ្រាមលោកលើកទី៣ ដែលជាសង្រ្គាមនុយក្លេអ៊ែរ។

តាមប្រភព mirror ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា លោកខាងលិច កំពុងរុញគាត់ដល់ចំណុចដែលមិនវិលត្រឡប់មកវិញបាន ដែលអាចឈានដល់ការផ្ទុះសង្គ្រាមលោកលើកទី៣ (WWIII) ។

លោកពូទីន បានព្រមានបែបនេះ គ្រាន់តែពីរបីថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ បានផ្តល់ភ្លើងខៀវដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធានៅលើទឹកដីរុស្ស៊ី។ លោកប្រធានាធិបតី ពូទីន បានប្រកាសថា ប្រសិនបើប្រទេសលោកខាងលិច ធ្វើដូច្នេះ វានឹងចាត់ទុកថាជាការប្រកាសសង្រ្គាមដោយផ្ទាល់ ប្រឆាំងនឹងរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ លោកពូទីន បានចោទប្រកាន់មេដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ណាតូ (NATO) ថាមានការធ្វេសប្រហែសបំផុតក្នុងការរារាំងគាត់ពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលអាចនាំឱ្យមានសោកនាដកម្មកាន់តែធំ។

ប្រធានាធិបតី ពូទីន ក៏បាននិយាយផងដែរថា តាមរយៈការបញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ី មិនព្យាយាមឈ្លានពានទីក្រុគៀវទេ ហើយប្រតិបត្តិការយោធាទាំងនេះ ធ្វើឡើងដើម្បីបង្ខំរដ្ឋាភិបាលអ៊ុយក្រែន ឆ្ពោះទៅរកសន្តិភាព ហើយមានការចរចា។ ប៉ុន្តែនៅក្នុងការពិត ទាហានរុស្ស៊ី ត្រូវបានរារាំងដោយការវាយប្រហារឆ្លើយតបយ៉ាងខ្លាំងរបស់អ៊ុយក្រែន៕