ហូល្លង់ដ៍ ៖ ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើង នៅពេលដែលដំបូលនៃយន្តហោះតូចមួយ បានលោតបើកនៅកណ្តាលអាកាស អំឡុងពេលហោះហើរ តែសំណាងល្អ អ្នកបើកយន្តហោះ ជាស្ត្រីជនជាតិហូល្លង់ដ៍ បានតាំងស្មារតីគ្រប់គ្រងយន្តហោះឱ្យចុះចតបានដោយសុវត្ថិភាព។

អ្នកស្រី ណារីន មេលគុមចាន់ (Narine Melkumjan) អ្នកបើកយន្តហោះ ជនជាតិហូល្លង់ដ៍ បានចែករំលែកវីដេអូឃ្លីបនៃបទពិសោធន៍ប៊ិះស្លាប់ នៅពេលដែលនាងបើកយន្តហោះ។

យោងតាមឃ្លីបវីដេអូពីកាមេរ៉ាដែលបានដំឡើងនៅលើយន្តហោះ បានបង្ហាញឲ្យឃើញឧបទ្ទវហេតុនេះ នៅ ពេលនាងកំពុងឡើងលើយន្តហោះខ្នាតតូច Extra 330 LX ប៉ុន្តែ ខណៈនាងកាច់ចង្កូតយន្តហោះដើម្បីបត់ ស្រាប់តែដំបូលកញ្ចក់របស់យន្តហោះ រលាស់បើកឡើង និងបែកខ្ទេច បណ្តាលឱ្យនាងប្រឈមមុខនឹងសម្ពាធនៃខ្យល់ បុកត្រចៀកនិងភ្នែករបស់នាង ធ្វើឲ្យនាងពិបាកស្តាប់បញ្ជាពីគ្រូបង្ហាត់ ពិបាកដកដង្ហើម រួមទាំងមើលស្ទើរតែមិនឃើញ។

យ៉ាងណាយ នាងបានតាំងស្មារតីគ្រប់គ្រងយន្តហោះ ហើយធ្វើតាមការណែនាំរបស់គ្រូ ដើម្បីរក្សាលំនឹងយន្ត ហោះ រហូតដល់អាចចុះចតនៅអាកាសយានដ្ឋាន ដោយសុវត្ថិភាព ដោយយន្តហោះបានខូចខាតបែកកញ្ចក់ដំបូល ខណៈពេលដែលនាងខ្លួនឯង នាងត្រូវសម្រាកព្យាបាលរហូតដល់ទៅ ២៨ម៉ោង ដើម្បីឱ្យភ្នែករបស់នាងសម្របខ្លួនទៅជាអាចមើលឃើញដូចធម្មតា ព្រោះការហោះហើរដោយគ្មានអ្វីការពារភ្នែក គឺជាគ្រោះថ្នាក់ខ្លាំងណាស់។

អ្នកស្រី ណារីន មេលគុមចាន់ សារភាពថា ឧប្បត្តិហេតុនោះ គឺជាបទពិសោធន៍ប៊ិះស្លាប់របស់នាង ដែលគ្រោះ ថ្នាក់នេះបានកើតឡើង មកពីកំហុសរបស់នាង ក្នុងការមិនពិនិត្យសោគន្លឹះដំបូល ឱ្យបានល្អ មុនពេលឡើងយន្តហោះ បណ្តាលឱ្យមានព្រឹត្តិការណ៍បែបនេះ។ ជាងនេះទៅទៀត នាងបានប្រញាប់ប្រញាល់ហាត់ ហោះហើរ ទាំងស្ថានភាពរាងកាយមិនទាន់ត្រៀមរួចរាល់ ព្រោះនាងទើបជាសះស្បើយពីរោគសញ្ញាកូវីដ។ នាងសង្ឃឹមថា ការចែករំលែកវីដេអូឃ្លីបនេះ នឹងទុកជាមេរៀនរំលឹកដាស់តឿនអ្នកបើកបរយន្តហោះ ត្រូវត្រួតពិនិត្យយន្តហោះឲ្យបានហ្មត់ចត់ មុននឹងធ្វើការហោះហើរ ដើម្បីចៀសវាងគ្រោះថ្នាក់ដូចនាង៕

