Thursday, November 21, 2024
Homeកីឡាអន្ដរជាតិអេស្ប៉ាញ ៦ប្រកួត ឈ្នះទាំង៦ អាចនឹងលើកពាន Euro 2024

អេស្ប៉ាញ ៦ប្រកួត ឈ្នះទាំង៦ អាចនឹងលើកពាន Euro 2024

ការប្រកួតព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះបារាំង ក្នុងជំនួបនៅកីឡដ្ឋាន អាលីយ៉ង់ អារេណា (Allianz Arena) ទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយលទ្ធផល ២-១។ ពេលនេះ អេស្ប៉ាញ បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជួបអង់គ្លេស ឬហូល្លង់ ដែលអ្នកជំនាញបានជឿជាក់ថា អេស្ប៉ាញ នឹងអាចលើកពាន Euro 2024 បើនៅតែរក្សាទម្រង់លេងបានល្អបន្តទៀត។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ២០២៤ នេះ អេស្ប៉ាញ ជាក្រុមមួយមិនដែលចាញ់ និងមិនដែលស្មើទាល់តែសោះ ពោលគឺឈ្នះទាំងអស់។ នៅវគ្គជម្រុះ តាមពូល (ពូលB) អេស្ប៉ាញ បានយកឈ្នះក្រូអាត ៣-០ ក្នុងការប្រកួតបើកឆាក រួចបន្តឈ្នះអតីតម្ចាស់ជើងឯកអ៊ីតាលី ១-០ និងឈ្នះអាល់បានី ១-០។

ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ បានទម្លាក់ហ្សកហ្ស៊ី ក្រោមលទ្ធផល ៤-១ ហើយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ ឥន្ទ្រីដែកអាល្លឺម៉ង់ ក្នុងម៉ោងបន្ថែម ២-១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញ បានបង្ហាញភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះម្ចាស់ជើងឯកពិភពលោក ២០១៨ មាន់គកបារាំង ២-១។

អេស្ប៉ាញ បច្ចុប្បន្ន ជាក្រុមដែលកំពុងតែរក្សាលទ្ធផលឈ្នះការប្រកួត ៨លើកជាប់គ្នា (៦លើកនៅ Euro 2024  (មិនទាន់ចាញ់សោះ ក្នុងឆ្នាំនេះ)។ អេស្ប៉ាញ កំពុងរង់ចាំជំនួបវគ្គផ្តាច់ព្រ័ត្រដោយត្រូវជួបអង់គ្លេស ឬហូល្លង់ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា  ឆ្នាំ២០២៤ ដែលអ្នកជំនាញមួយចំនួនជឿថា អេស្ប៉ាញ នឹងលើកពាន Euro 2024 ប្រសិនបើការលេងនៅតែល្អ មិនធ្លាក់ជើង ៕

RELATED ARTICLES