អង់ហ្គោឡា៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលថ្ងៃសុក្រឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស១៧នាក់ស្លាប់បាត់បង់ជីវិតនិងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានៅពហុកីឡាដ្ឋានបាល់ទាត់មួយក្នុងទីក្រុង Uige ភាគខាងជើងប្រទេសអង់ហ្គោឡា ។
សោកនាដកម្មនេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រឬ៧នាទីនៃដំបូងនៃការប្រកួតក្របខ័ណ្ឌលីកទី១រវាងក្រុម Santa Rita de Cassia និង libolo នៅពេលដែលអ្នកគាំទ្រក្នុងស្រុករាប់រយនាក់សម្រុកចូលតាមច្រកមួយនៃពហុកីឡាដ្ឋាននោះដើម្បីទៅទស្សនាការប្រកួត ។
ប្រភពពីមន្ទីរពេទ្យក្នុងស្រុកបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សរបួសនិងស្លាប់ចំនួន៧៦នាក់ក្នុងនោះ១៧នាក់ស្លាប់បាត់បង់ជីវិត ហើយភាគច្រើនជាក្មេងជំទង់ដែលព្យាយាមដណ្តើមគ្នាចូលពហុកីឡាដ្ឋានដើម្បីទស្សនាការប្រកួត។ មនុស្ស៥នាក់ក៏ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរផងដែរបន្ទាប់ពីឧបទ្ទវហេតុរត់ជាន់គ្នានេះកើតឡើង ។
សាក្សីបាននិយាយថាមានហ្វូងមនុស្សជាច្រើននាក់ព្យាយាមរុលខ្លួនចូលឲ្យដល់ក្នុងពហុកីឡាដ្ឋាន។ ស្របពេលដែលច្រកទ្វារកើតហេតុនោះមានមនុស្សជាច្រើនលើសលុបរួចទៅហើយ មានអ្នកគាំទ្ររាប់រយនាក់ផ្សេងទៀតបានសម្រុកចូលតាមច្រកនោះខណៈដែលមានប៉ូលិសតែប៉ុន្មាននាក់ប៉ុណ្ណោះដែលមានវត្តមានក្នុងការរក្សាសន្តិសុខឬយាមច្រក។
ទោះជាយ៉ាងណាលោកប្រធានាធិបតិJose Eduardo dos Santos បានចេញបញ្ជាឲ្យធ្វើការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះជាបន្ទាន់ផងដែរ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា