ហ្វីលីពីន៖ មន្ត្រីក្នុងស្រុកបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតនិងជាង១០០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយផែនដីដ៏ខ្លាំងក្លាមួយបានវាយប្រហារមកលើកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងប្រទេសនេះកាលពីល្ងាចថ្ងៃសុក្រ ដែលនាំឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននិងបានកាត់ផ្តាច់នូវបណ្តាញថាមពលនៅតាមតំបន់ជាច្រើនទៀតផង ។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាគ្រោះរញ្ជួយផែនដីដែលទំហំញ័ររញ្ជួយ៦,៧វ៉ិចទ័របានកើត ឡើងក្នុងជម្រៅទឹក១០គីឡូម៉ែត្រហើយអង្កត់ផ្ចិតរបស់វាគឺស្ថិតនៅចម្ងាយ១៣គីឡូម៉ែត្រនៃភាគខាងកើតក្រុង Surigao ។
មជ្ឈមណ្ឌលប្រកាសអាសន្នរលកយក្សស៊ូណាមិសមុទ្រប៉ាស៊ីហ្វិករបស់រដ្ឋបាលបរិយាកាសនិងមហាសមុទ្រជាតិរបស់សហ រដ្ឋអា មេរិកបានថ្លែងថាគ្រោះរញ្ជួយផែនដីនេះពុំមានការគំរាមកំហែងដល់បង្កឲ្យកើតមាននូវរលកយក្សស៊ូណាមិឡើយ ។
ចំណែកប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រវិទ្យាសាស្ត្ររបស់ហ្វីលីពីនលោក Renato Solidum បានថ្លែងតាមវិទ្យុកាលពីព្រឹកថ្ងៃសៅរ៍ថាគ្រោះរញ្ជួយផែនដីនេះត្រូវបាន គេកត់ត្រាទុកហើយវាក៏មិនទំនងជានឹងបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរឡើយ។
លោកបន្តថា រញ្ជួយផែនដីកាលពីថ្ងៃសុក្រនេះគឺមានកម្រិតខ្លាំងក្លាជាងគេបំផុតចាប់តាំងពីទីក្រុងនេះរងការញ័ររញ្ជួយទំហំ៦,៩វ៉ិចទ័រក្នុងឆ្នាំ១៨៧៩ ។
គួរបញ្ជាក់ថាហ្វីលីពីនគឺជាប្រទេសមួយដែលស្ថិតនៅលើខ្សែក្រវ៉ាត់កំអែលភ្នំភ្លើងនៃសមុទ្រប៉ាស៊ីហ្វិកយ៉ាងសកម្មមួយនិងតែងតែជួបគ្រោះរញ្ជួយផែនដីជាញឹកញាប់ទៀតផង ។