Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិចូ បៃដិន ដកខ្លួនពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ប្រជែងដូណាល់ ត្រាំ

ចូ បៃដិន ដកខ្លួនពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ប្រជែងដូណាល់ ត្រាំ

សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកបានគាំទ្រលោកស្រីអនុប្រធានាធិបតី កាមេឡា ហាររីស (Kamala Harris) ឱ្យធ្វើជាតំណាងគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងជាមួយលោកដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋជំនួសវិញ។

ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន នៃសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះតាមរយៈគណនី X ផ្លូវការរបស់លោក កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ថា គាត់នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទីពីរ ជាប្រធានាធិបតី ទេ។

លោក ចូ បៃដិន បានសរសេរថា “ចំពោះមិត្តអាមេរិក របស់ខ្ញុំក្នុងរយៈពេល ៣ឆ្នាំកន្លះ កន្លងមកនេះ យើងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាប្រទេសមួយ។ សព្វថ្ងៃនេះ អាមេរិក មានសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោក យើងបានធ្វើការវិនិយោគជាប្រវត្តិសាស្ត្រក្នុងការកសាងប្រទេសរបស់យើងឡើងវិញ បញ្ចុះតម្លៃថ្នាំតាមវេជ្ជបញ្ជា និងពង្រីកការថែទាំសុខភាពដែលមានតម្លៃសមរម្យ យើងក៏បានផ្តល់ការថែទាំដែលត្រូវការច្រើន ដល់អតីតយុទ្ធជនរាប់លាននាក់ដែលប្រឈមនឹងសារធាតុពុល ឆ្លងកាត់ច្បាប់សុវត្ថិភាពអាវុធជាលើកដំបូង ក្នុងរយៈពេល ៣០ ឆ្នាំ តែងតាំងស្ត្រីអាហ្រ្វិក-អាមេរិកាំង នៅតុលាការកំពូល និងអនុម័តច្បាប់ស្តីពីអាកាសធាតុ ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ អាមេរិក មិនដែលមានទីតាំងល្អជាងការដឹកនាំរបស់យើងឥឡូវនេះទេ។ ខ្ញុំដឹងថា កិច្ចការនេះមិនអាចធ្វើដោយគ្មានអ្នកបានទេ។ ប្រជាជនអាមេរិក នៅពេលដែលយើងធ្វើការជា មួយគ្នា យើងបានឆ្លងផុតជំងឺរាតត្បាតជាសកល ដែលកើតឡើងតែម្តងគត់ ក្នុងមួយសតវត្ស និងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចធំ យើងការពារនិងរក្សាលទ្ធិប្រជាធិបតេយ្យរបស់យើង ហើយយើងដកដង្ហើមជីវិតថ្មី និងពង្រឹងភាពជាដៃគូរបស់យើងជុំវិញពិភពលោក»។

លោកចូ បៃដិន សរសេរបន្តថា «វាជាកិត្តិយសដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានបម្រើជាតិ និងប្រជាជនអាមេរិក ហើយទោះបីជាវាជាបំណងរបស់ខ្ញុំក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀត ប៉ុន្តែខ្ញុំជឿថា វានឹងមានប្រយោជន៍បំផុតសម្រាប់គណបក្ស និងប្រទេសរបស់ខ្ញុំ ប្រសិនបើខ្ញុំដកខ្លួន និងផ្តោតលើការបំពេញភារកិច្ចជាប្រធានាធិបតី សម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរបស់ខ្ញុំតែម្នាក់ឯង។…ខ្ញុំនឹងមានសេចក្ដីថ្លែងការណ៍ជូន នៅចុងសប្ដាហ៍នេះ ដើម្បីប្រាប់អ្នកលម្អិតបន្ថែម អំពីការសម្រេចចិត្តរបស់ខ្ញុំ។ សម្រាប់ពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីមើលខ្ញុំជ្រើស រើសម្តងទៀត។ ខ្ញុំចង់អរគុណអនុប្រធានាធិបតី Kamala Harris សម្រាប់ភាពជាដៃគូដ៏អស្ចារ្យរបស់នាង ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជនអាមេរិក ចំពោះជំនឿនិងទំនុកចិត្តមកលើខ្ញុំ។ ថ្ងៃនេះខ្ញុំជឿអ្វីដែលខ្ញុំតែងតែជឿថា គ្មានអ្វីដែលអាមេរិក ធ្វើមិនបាននោះទេ នៅពេលដែលយើងធ្វើវាជាមួយគ្នា យើងគ្រាន់តែត្រូវចងចាំរឿងនោះ យើងជាសហរដ្ឋអាមេរិក»។

លោក ចូ បៃដិន ក៏បានបង្ហោះសារគាំទ្រលោកស្រី កាមេឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីរបស់លោក ដែលនឹងក្លាយជាតំណាងគណបក្សប្រជាធិបតេយ្យ ជំនួសរូបលោកដើម្បីប្រកួតប្រជែងនឹងលោកដូណាល់ ត្រាំ (Donald Trump) ក្នុងក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ខាងមុខ។

លោក ចូ បៃដិន សរសេរថា “ការសម្រេចចិត្តដំបូងរបស់ខ្ញុំ ក្នុងនាមគណបក្សរបស់ខ្ញុំ កាលពីឆ្នាំ២០២០ គឺជ្រើស រើស Kamala Harris ជាអនុប្រធានានាធិបតីរបស់ខ្ញុំ ហើយនោះគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើ។ ថ្ងៃនេះ ខ្ញុំចង់ផ្តល់ការគាំទ្រ និងគាំទ្រពេញទំហឹងរបស់ខ្ញុំ ចំពោះ Kamala ក្នុងនាមជាបេក្ខភាពនៅឆ្នាំនេះ សម្រាប់គណបក្សប្រជាធិបតេយ្យរបស់យើង… វាដល់ពេលដែលត្រូវរួមគ្នាហើយកម្ចាត់ Trump  តោះទៅប្រយុទ្ធ!”៕

RELATED ARTICLES