Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីបង់ក្លាដែស បាតុកម្មនិស្សិតទម្លា.../ក់ពីតំណែង

នាយករដ្ឋមន្ត្រីបង់ក្លាដែស បាតុកម្មនិស្សិតទម្លា…/ក់ពីតំណែង

បង់ក្លាដែស ៖ លោកស្រី សេក ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីបង់ក្លាដែស បានលាលែងពីតំ ណែង និងភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមបាតុករ បានសម្រុកចូលកាន់កាប់វិមានរដ្ឋាភិបាល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ មេយោធារបស់ប្រទេសនេះ កំពុងពិភាក្សាពីការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន។

ទីភ្នាក់ងារត៌មានបរទេស បានរាយការណ៍ថា លោកស្រី សេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស បានប្រ កាសលាលែងពីតំណែង ហើយបានចាកចេញពីប្រទេស នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានបាតុកម្មរ៉ាំរ៉ៃជាច្រើនសប្តាហ៍ រហូតក្លាយជាហិង្សា នៅក្នុងប្រទេសបង់ក្លាដែស ដែលក្រុមបាតុករភាគច្រើនជានិស្សិត បានតវ៉ាប្រឆាំងទៅនឹងការរឹតបន្តឹងកូតាសម្រាប់ការងារ របស់រដ្ឋាភិបាល ដែលទុកកូតាតំណែង ៦០% សម្រាប់កូនចៅ បក្ខពួកអ្នកតស៊ូរំដោះជាតិ មុនពេលរីករាលដាលទៅជាចលនាប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋន្ត្រី ចុះចេញពីតំណែង ដោយចោទរដ្ឋាភិបាលដឹកនាំដោយលោកស្រី ផ្តាច់ការ បក្ខពួក គ្រួសារនិយម ។

ការលាលែងពីតំណែងរបស់លោកស្រី សេក ហាស៊ីណា បានកើតឡើងបន្ទាប់ពីក្រុមបាតុករបានសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល ក្នុងទីក្រុងដាកា (Dhaka) និងប្លន់ឧបករណ៍ផ្សេងៗ។ បុរសម្នាក់ ត្រូវបានគេថតរូបកាន់កម្រាលព្រំក្រហម និងកៅអី ដាក់លើក្បាល ខណៈពេលដែលម្នាក់ទៀត កាន់ថូជាច្រើននៅក្នុងដៃរបស់គាត់។

ក្រុមបាតុករ បានឡើងលើរូបសំណាកលោក សេក មូជីបួរ រ៉ាហ៍ម៉ាន់ (Sheikh Mujibur Rahman) ដែលជាអតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស និងជាឪពុករបស់លោកស្រី សេក ហាស៊ីណា មុនពេលព្យាយាមប្រើពូថៅ វាយបំផ្លាញដៃ និងក្បាលរូបសំណាក និងលករោយមកបានប្រើគ្រឿងចក្រ វាយបំបាក់ក្បាលរូបសំណាក។

លោកស្រី នាយករដ្ឋមន្ត្រីបង់ក្លាដែស សេក ហាស៊ីណា បានប្រញាប់ប្រញាល់ចាកចេញពីប្រទេស តាមឧទ្ធម្ភាគចក្រយោធា ១គ្រឿង ដែលនេះគឺជាការបញ្ចប់រយៈពេលនៃការគ្រប់គ្រងប្រទេស រយៈពេល ១៥ឆ្នាំ របស់លោកស្រី ដែលឡើងជាមេដឹកនាំនយោបាយស្នងតំណែងឪពុកដែលត្រូវបានគេធ្វើឃាត រួមជាមួយនិងសមាជិកគ្រួសារភាគច្រើន នៅក្នុងរដ្ឋប្រហារ ឆ្នាំ ១៩៧៦។

កូនប្រុសរបស់លោកស្រី សេក ហាស៊ីណា ឈ្មោះ សាជីប វ៉ាហ្ស៉ីដ ចយ (Sajeeb Wazid Joy) បានប្រាប់ BBC ថា ម្តាយរបស់គាត់ បានចាកចេញពីប្រទេស ដោយការទទូចរបស់ក្រុមគ្រួសារ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់។ ម្ដាយរបស់គាត់ ខកចិត្តយ៉ាងខ្លាំងដែលមនុស្សមួយក្រុមតូច បានក្រោកឡើងប្រឆាំងនឹងគាត់ ទោះបីជាគាត់តែងតែខិតខំធ្វើការដើម្បីជាតិ ហើយគាត់មិនមានបំណងវិលចូលឆាកនយោបាយទៀតទេ។

ឧត្តមសេនីយ៍ វ៉ាខឺរ អ៊ុស-ហ្សាម៉ាន់ (Waker-Uz-Zaman) មេបញ្ជាការកងទ័ពបង់ក្លាដែស បានប្រកាសព័ត៌មាននៃការលាលែងពីតំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី សេក ហាស៊ីណា  តាមរយៈសេចក្តីថ្លែង ការណ៍របស់ទូរទស្សន៍ ហើយលោកបានបញ្ជាក់ថា រដ្ឋាភិបាលបណ្ដោះអាសន្ន នឹងត្រូវបង្កើតឡើង រួមនិងអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ព្រមទាំងបានសន្យាថា នឹងនាំមកនូវយុត្តិធ៌មដល់មនុស្សជាង ៣០០នាក់ ដែលបានស្លាប់ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មតវ៉ា ក្នុងប៉ុន្មានសប្តាហ៍មកនេះ។

លោកឧត្តមសេនីយ៍ ហ្សាម៉ាន់ បាននិយាយថា លោកបាននិយាយជាមួយមេដឹកនាំនៃគណបក្សនយោបាយធំៗ លើកលែងតែគណបក្សសម្ព័ន្ធអាវ៉ាមី (Awami League) របស់លោកស្រី សេក ហាស៊ីណា ហើយនឹងជួបជាមួយប្រធានាធិបតី ម៉ូហាមម៉េដ សាហាប៊ុដឌីន (Mohammed Shahabuddin) សម្រាប់កិច្ចពិភាក្សាអំពីផែនការអនាគត នាពេលឆាប់ៗនេះ។

ឧត្តមសេនីយ៍ វ៉ាខឺរ អ៊ុស-ហ្សាម៉ាន់  អាយុ ៥៨ឆ្នាំ ដែលបានចូលកាន់តំណែង នៅថ្ងៃទី២៣ ខែមិថុនា បាននិយាយថា “ប្រទេសនេះ កំពុងឆ្លងកាត់ដំណាក់កាលនៃបដិវត្តន៍។ ខ្ញុំសន្យាជាមួយអ្នកទាំងអស់ថា យើងនឹងស្ដារឡើងវិញនូវរាល់អំពើឃាតកម្មនិងភាពអយុត្តិធម៌ យើងសុំឲ្យអ្នកមានជំនឿលើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ សូមកុំវិលទៅផ្លូវនៃអំពើហិង្សា ហើយសូមត្រឡប់ទៅកាន់មាគ៌ាសន្តិភាព និងអហិង្សាវិញ»។

បើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI បានរាយការណ៍ថា លោកស្រី សេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លា ដែស ដែលបានលាលែងតំណែង បានជិះឧទ្ធម្ភាគចក្រយោធា ចាកចេញពីប្រទេសបង់ក្លាដែស ទៅនចុះចតនៅមូលដ្ឋានទ័ពអាកាស ក្បែរទីក្រុងញូវដេលី ប្រទេសឥណ្ឌា  ហើយរបាយការណ៍បានលើកឡើងពីការលាតត្រ ដាងនៃប្រភពមួយថា លោក អាជីត ដូវ៉ាល (Ajit Doval) ទីប្រឹក្សាសន្តិសុខជាតិនៃរដ្ឋាភិបាលឥណ្ឌា ជាមួយមន្ត្រីជាន់ខ្ពស់នៃកងទ័ព បានជួបលោកស្រី សេក ហាស៊ីណា នៅមូលដ្ឋាននោះ ហើយនាំលោកស្រីទៅស្នាក់នៅកន្លែងសុវត្ថិភាព៕ ខៀវទុំ

RELATED ARTICLES