អារ៉ាប៊ីសាអូឌីត ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី បានជូនដំណឹងដល់អ៊ីរ៉ង់ ថាពួកគេនឹងមិនអនុញ្ញាតឱ្យប្រើដែនអាកាសរបស់ពួកគេ ដើម្បីវាយប្រហារអ៊ីស្រាអែល ឡើយ បន្ទាប់ពីអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីថា ខ្លួននឹងវាយប្រហារអ៊ីស្រាអែល សងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោកអ៊ីស្មាអ៊ីល ហានីយេយ៍ (Ismail Haniyeh)។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ The Jerusalem Post ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីរ៉ង់ ថាប្រទេសទាំងពីរ នឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ប្រើប្រាស់ដែនអាកាសរបស់ពួកគេឡើយ ប្រសិនបើអ៊ីរ៉ង់ បើកការវាយប្រហារតាមអាកាស ប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) ប្តេជ្ញាសងសឹកឲ្យមេដឹកនាំពួកហាម៉ាស់ លោកអ៊ីស្មាអ៊ីល ហានីយេយ៍ ដែលត្រូវបានធ្វើឃាតនៅទីក្រុងតេហ៍រ៉ង់ (Tehran) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងលោកហ្វូអ៊ុដ ស៊ុក ( Fouad Shukr) ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ហេសបូឡាហ៍ បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការអ៊ីស្រាអែល វាយប្រហារក្រុងបេរូត រដ្ឋធានីនៃប្រទេសលីបង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងកាន់អំណាច បានប្រាប់ Kan News នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត តែងតែប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ បាញ់មីសស៊ីល ឬបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ ហោះហើរឆ្លងកាត់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីវាយប្រហារអ៊ីស្រាអែល។

លោកអាយម៉ាន សាហ្វាឌី (Ayman Safadi) រដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានី បានចេញសេចក្តីថ្លែង ការណ៍មួយ ពេលទៅលេងក្រុងតេហ៍រ៉ង់ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ ថា ហ្ស៊កដានី នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ប្រើដែនអាកាសហ្ស៊កដានី ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ ចាត់វិធានការសងសឹកអ៊ីស្រាអែល ចំពោះការធ្វើឃាតលោកអ៊ីស្មាអ៊ីល ហានីយេយ៍ (Ismail Haniyeh)។

កាសែត Jerusalem Post ក៏បានរាយការណ៍ដែរថា មន្ត្រីអ៊ីស្រាអែល មួយចំនួន បាននិយាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា គោលដៅដំបូងរបស់អ៊ីរ៉ង់ សម្រាប់វាយប្រហារអ៊ីស្រាអែល គឺមូលដ្ឋានយោធា ហើយវាមិនត្រូវបានគេរំពឹងថា ការវាយប្រហាររបស់អ៊ីរ៉ង់ នឹងកើនឡើងដល់កម្រិតនៃសង្គ្រាមទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែគេប៉ាន់ប្រ មាណថា វាទំនងជាមានអំពើហិង្សាជាងការបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារអ៊ីស្រាអែល កាល ពីខែមេសា ឆ្នាំ២០២៤៕