Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិទាហានអ៊ុយក្រែន វា.../យលុ.../កចូលទឹកដីរុស្ស៉ី ៣០គីឡូម៉ែត្រ

ទាហានអ៊ុយក្រែន វា…/យលុ…/កចូលទឹកដីរុស្ស៉ី ៣០គីឡូម៉ែត្រ

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានទទួល ស្គាល់ជាលើកដំបូងថា ទាហានអ៊ុយក្រែន បានបើកការវាយប្រហារនៅក្នុងតំបន់ ខឺស្ក (Kursk) ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយទាហានអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៉ី  ចម្ងាយ ៣០គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ អាជ្ញា ធររុស្ស៊ី និងអ៊ុយក្រែន កំពុងប្រញាប់ប្រញាល់ជម្លៀសប្រជាជននៅតាមតំបន់ព្រំដែន ចេញពីតំបន់ដែលមានហានិភ័យខ្ពស់។

ប្រទេសរុស្ស៊ី បានដាក់វិធានការសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់ព្រំដែន ចំនួន៣ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ដែលជាសញ្ញានៃភាពធ្ងន់ធ្ងរនៃស្ថានភាព ខណៈពេលដែលបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានបញ្ជូនទាហានទៅកាន់ព្រំដែនជាមួយអ៊ុយក្រែន ដោយបានចោទប្រកាន់ថា អ៊ុយក្រែន បានរំលោភលើដែនអាកាសរបស់ខ្លួន។

ប្រធានាធិបតី ហ្សេឡេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីប្រតិបត្តិការនេះ ជាមួយមេបញ្ជាការកំពូលរបស់អ៊ុយក្រែន គឺឧត្តមសេនីយ៍ អូឡេកសាន់ដ្រ៍ សឺរស្គី (Oleksandr Sirsky) បន្ទាប់ពីរុស្ស៊ី បានបើកការឈ្លានពានពេញលេញប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។

ឧត្តមសេនីយ៍រុស្ស៊ី លោកវ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) បាននិយាយកាលពីពាក់កណ្តាលសប្តាហ៍មុនថា ពេលនេះការវាយប្រហារត្រូវបានបញ្ឈប់ ប៉ុន្តែរហូតមកដល់ពេលនេះ រុស្ស៊ី នៅមិនទាន់អាចរុញកង កម្លាំងអ៊ុយក្រែន ឆ្លងកាត់ព្រំដែនវិញទេ។ អ្នកសរសេរប្លុកយោធារុស្ស៊ី ម្នាក់ បាននិយាយថា ស្ថានការណ៍មានស្ថិរភាព បន្ទាប់ពីរុស្ស៊ី បានបញ្ជូនកម្លាំងបន្ថែម ទោះបីជាអ៊ុយក្រែន កំពុងពង្រឹងកងកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នា២០២៤ មន្ត្រីក្នុងតំបន់ខឺស្ក (Kursk) បានរាយការណ៍ថា មនុស្ស ១៣នាក់ បានរងរបួស បន្ទាប់ពីកម្ទេចគ្រាប់កាំជ្រួចរបស់អ៊ុយក្រែន បានធ្លាក់លើអគារលំនៅឋាន ៩ជាន់។

លោកមៀរណូវ (Mirnov) អភិបាលស្តីទីនៃតំបន់ខឺស្ក បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការជម្លៀសជនស៊ីវិលនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហា។

ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ថា មនុស្សជាង ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញ។

ទាំងអ៊ុយក្រែន និងរុស្ស៊ី បដិសេធការវាយប្រហារសំដៅលើជនស៊ីវិល នៅក្នុងការវាយប្រហារកន្លងមក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់លំនៅរបស់ប្រជាជនអ៊ុយក្រែន រាប់លាននាក់ ហើយវានៅតែគ្មានសញ្ញាថាឈប់ទេ។

អ្នកសរសេរប្លុកយោធារុស្ស៊ីបាននិយាយថាការប្រយុទ្ធគ្នាកំពុងកើតឡើងក្នុងជម្រៅ ២០គីឡូម៉ែត្រ នៅក្នុងតំបន់ខឺស្ក (Kursk) ដែលនាំឱ្យអ្នកខ្លះចោទជាសំណួរថា តើហេតុអ្វីបានជាអ៊ុយក្រែន អាចជ្រៀតចូលតំបន់ខឺស្ក បានយ៉ាងងាយ?

ទាហានអ៊ុយក្រែន បានអះអាងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា នេះគឺនៅថ្ងៃទី៦ នៃការវាយលុករបស់ពួកគេ នៅក្នុងទឹកដីរុស្ស៊ី ដោយបានឈានទៅមុខយ៉ាងហោចណាស់ ៣០ គីឡូម៉ែត្រ ពីព្រំដែន ហើយការប៉ះទង្គិចបានកើតឡើងនៅចំណុចជាច្រើន។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ថា ទាហានអ៊ុយក្រែន បានរុលចូលចម្ងាយជាង ៣០គីឡូម៉ែត្រ ទៅក្នុងទឹកដីរុស្ស៊ី ដែលជាសញ្ញានៃការលុកលុយឆ្លងព្រំដែនដ៏ជ្រៅបំផុត ហើយវាជារឿងសំខាន់បំផុត ចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ការវាយលុករបស់អ៊ុយក្រែន នៅតំបន់ខឺស្ក (Kursk) របស់រុស្ស៊ី បានបន្តថ្ងៃទី៦ ហើយ ដោយក្រសួងការពារជាតិរុស្ស៊ី បានលាតត្រដាងរឿងនោះ។ កងកម្លាំងរបស់ពួកគេ ស្ទាក់ចាប់អង្គភាពចល័តរបស់សត្រូវ ដែលបំពាក់ដោយរថពាសដែក ពីការប៉ុនប៉ងចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ថា អ៊ុយក្រែន បានបង្កើនការវាយលុករបស់ខ្លួន ចូលទៅក្នុងតំបន់ខឺស្ក ដោយនិយាយថា កងទ័ពរបស់ខ្លួន កំពុងប៉ះទង្គិចជាមួយទាហានអ៊ុយក្រែន នៅជិតភូមិតុលពីណូ (Tolpino) និងអូបស្គី (Obshki Kolodez) ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ និង ៣០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន-រុស្ស៊ី។

ទន្ទឹមនឹងនោះ វីដេអូឃ្លីបដែលកំពុងបង្ហោះលើបណ្តាញអ៊ីនធឺរណេត បង្ហាញថា ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនៅជិតភូមិឡេវស៊ីនកា (Levshinka) ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីព្រំដែន។

កងទ័ពអ៊ុយក្រែន បានអះអាងថា ពួកគេបានចាប់យកភូមិជាច្រើន នៅក្នុងតំបន់ខឺស្ក (Kursk)  រួមទាំងភូមិ ហ្គេវ៉ូ (Guevo) របស់រុស្ស៊ី ដែលមានចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ជាកន្លែងដែលទាហានអ៊ុយក្រែន បានបញ្ចេញរូបថតដែលពួកគេកំពុងទម្លាក់ទង់ជាតិរុស្ស៊ី ពីអគាររដ្ឋបាលមួយ។ ក្នុងនោះក៏មានឃ្លីបវីដេអូដែលបង្ហាញពីទាហានអ៊ុយក្រែន បានរឹបអូសយកអគាររដ្ឋបាល នៃភូមិស្វឺដលីកូវ៉ូ (Sverdlikovo) និង ប៉ូរ៉ូស (Poroz) ព្រមទាំងមានការប្រយុទ្ធគ្នាយ៉ាងសាហាវ នៅស៊ូតហ្សា (Sudzha) ដែលមានប្រជាជនជាង ៥០០០នាក់។

អ្នកយកព័ត៌មាន BBC បានរាយការណ៍ថា នៅទីក្រុងស៊ូមី (Sumy) របស់អ៊ុយក្រែន ជាប់ព្រំដែនជាមួយតំបន់ខឺស្ក (Kursk) មានរថពាសដែក និងរថក្រោះធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ រុស្ស៊ី បានបង្កើតខ្សែការពារថ្មី នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ខឺស្ក (Kursk) បន្ទាប់ពីអ៊ុយក្រែន បានអះអាងថា ពួកគេស្ថិតនៅក្នុងចម្ងាយ ៥០គីឡូម៉ែត្រ ពីរោងចក្រថាមពលនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានសារភាពជាលើកដំបូង កាលពីយប់ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ថា អ៊ុយក្រែន កំពុងរុញសង្រ្គាមចូលក្នុងទឹកដីរបស់ប្រទេសឈ្លានពានវិញ។ ពួកគេអាចស្ដារយុត្តិធម៌ឡើងវិញ និងដាក់សម្ពាធចាំបាច់លើអ្នកឈ្លានពាន»។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាទាហានរាប់ពាន់នាក់ បានចូលរួមក្នុងការវាយប្រហារនេះ ហើយថា ការវាយប្រហារលើតំបន់ខឺស្ក (Kursk) គឺជាការវាយប្រហារធំជាងគេលើទឹកដីរុស្ស៊ី ដោយកងកម្លាំងអ៊ុយក្រែន។

រុស្ស៊ី បានថ្កោលទោសអ៊ុយក្រែន ថាកំពុងគំរាមកំហែងដល់ពលរដ្ឋដែលមានសន្តិភាពនៃប្រទេសរុស្ស៊ី ដោយពេលនេះ មនុស្សប្រហែល ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន ក្នុងតំបន់ខឺស្ក ខណៈដែលអាជ្ញាធរបានប្រកាសភាពអាសន្ន ដើម្បីដោះស្រាយស្ថានការណ៍នេះ។

ទន្ទឹមនឹងនេះ សមាជិកសភាអ៊ុយក្រែន លោកអូឡេកសីយ៍ ហ្គនឆារេនកូ (Oleksey Goncharenko) បានសរសើរប្រតិបត្តិការរបស់យោធា ដោយនិយាយថា នាំអ៊ុយក្រែន កាន់តែខិតទៅរកសន្តិភាព។

ប្រតិបត្តិការវាយប្រហារតំបន់ខឺស្ក (Kursk) កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី មានការបោះជំហានទៅមុខក្នុងការវាយប្រហារភាគខាងកើតអ៊ុយក្រែន ដោយដណ្តើមបានភូមិជាច្រើនជាប់ៗគ្នា ដែលអ្នកវិភាគមួយចំនួនពិចារណាថា ការវាយប្រហារលើតំបន់ខឺស្ក ប្រហែលជាជាផ្នែកមួយនៃការប៉ុនប៉ងបង្ខំឱ្យរុស្ស៊ី ដកថយកម្លាំងយោធារបស់ខ្លួន ពីភាគខាងកើត និងបន្ធូរបន្ថយសម្ពាធលើយោធាអ៊ុយក្រែន៕

RELATED ARTICLES