បាងកក (ថៃ) ៖ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីស្ត្រីទី២ នៃប្រទេសថៃ បានថ្លែងអំណរគុណដល់ប្រជាជន សមាជិកសភា និងលោកសេដ្ឋា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រី ដោយលោកស្រីបានសន្យាថា នឹងត្រៀមខ្លួនបម្រើប្រជាជន ឆ្ពោះទៅមុខ និងជំរុញគោលនយោបាយធ្វើឱ្យជីវភាពប្រជាជន កាន់តែប្រសើរ ដោយបង្ហាញពីការរៀបចំប្រកាសគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ក្នុងខែកញ្ញា ខាងមុខនេះ ។

នៅម៉ោង ១១ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីទី៣១ និងជាមេដឹកនាំគណបក្សភឿថៃ បានធ្វើសន្និសីទសារព័ត៌មានលើកដំបូង បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រី ។

លោកស្រីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «សូមថ្លែងអំណរគុណដល់សមាជិកសភាតំណាងរាស្រ្ត ដែលបានមកពីការបោះឆ្នោត រដ្ឋាភិបាលចម្រុះ និងប្រជាពលរដ្ឋទាំងអស់! សូមអរគុណសម្រាប់ការជ្រើសរើស ដោ យមានការជឿជាក់លើខ្ញុំ ក្នុងការធ្វើជានាយករដ្ឋមន្ត្រីទី៣១។ ថ្ងៃនេះខ្ញុំសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថ ភាពក្នុងកាតព្វកិច្ចនេះ។ សូមថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលបានលះបង់កម្លាំងកាយនិងចិត្តដើម្បីជាតិ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ»។

នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ បង្ហើបថា លោកស្រីនឹងពន្លឿនការបង្កើតគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ។
ក្រោយពេលលោកស្រី ផែថងថា ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ និងត្រូវជាកូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ ភ្លាម សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រ ធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរា ជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូនលោកស្រីនាយករដ្ឋមន្ត្រីថៃ ដោយសម្តេច ជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកស្រី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោកស្រី នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់ប្រទេសទាំង២ កម្ពុជា-ថៃ លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហ ប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

សារលិខិតសម្តេចហ៊ុន សែន េជូនលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មានខ្លមសារថា «លោកជំទាវ ជាទីគោរពរាប់អាន!
ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះលោកជំទាវ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ។ ភាពជោគជ័យ របស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំនិងការលះបង់ដ៏ពិសេសរបស់លោកជំទាវ ចំពោះបុព្វហេតុជាតិ និង ប្រជាជនរបស់លោកជំទាវ។

ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេស សហគមន៍អាស៊ានរបស់យើង។ ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់លោកជំទាវ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើង លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងសភា នៃព្រះរាជាណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភា នៃប្រទេសយើងទាំងពីរ។

សូមលោកជំទាវ ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ! សូមលោកជំទាវ មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ»។

ដោយឡែក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន ម៉ាណែត ក៏បានផ្ញើសារលិខិតអបអរ សាទរលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ទី៣១ ផងដែរ៕