ខេត្តពោធិ៍សាត់ៈ បន្ទាប់ពីរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ នៅពេលនេះ រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដ៏ធំមួយ ត្រូវបានបើកការដ្ឋានសាងសង់នៅលើផ្ទៃដី១០ហិកតារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចបង្កើតការងារជាង២០០០កន្លែងដល់ប្រជាពលរដ្ឋខ្មែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន ZO Motors ដែលជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មដើរដោយថាមពលស្អាតជំនាន់ក្រោយរបស់ប្រទេសជប៉ុន-ចិន ដែលផលិតនិងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន និងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល បានបើកការដ្ឋានសាងសង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការអញ្ជើញចូលរួមពីលោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ ZO MOTOR (CAMBODIA) CO., LTD ផងដែរ ។
ថ្លែងសុន្ទរកថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកអភិបាល ខូយ រីដា បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅពេលនេះ ប្រាកដជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយខេត្តពោធិ៍សាត់ និងលើកស្ទួយជីវភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋមួយចំណែកថែមទៀត ។
លោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា “ ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត គិតមកត្រឹមពេលបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាស ក្រុមហ៊ុនឯកជនចំនួន៣១៥កន្លែង ដែលបានផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋនៅក្នុង និងក្រៅខេត្ត បានមួយចំនួន ដែលនេះជាសមិទ្ធផលបង្ហាញឲ្យឃើញពីការរីកចម្រើនមួយរបស់ខេត្ត ។ ជាក់ស្ដែងថ្ងៃនេះ ការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅពេលនេះ ជាការគិតផ្ទាល់របស់ឯកឧត្ដមកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានការគាំទ្រពីសម្ដេចមហាបវរធិបហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគាំទ្រ ជំរុញវិស័យវិនិយោគមកខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ការងារជូនក្មួយៗយុវជន និងប្រជាជនឲ្យមានការងារធ្វើសមស្រប តាមជំនាញ សមត្ថភាពរៀងៗខ្លួន ដើម្បីរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ខ្ញុំសូមចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនដែលចូលរួមនេះ ប្រាកដជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយខេត្តពោធិ៍សាត់ និងលើកស្ទួយជីវភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋមួយចំណែកថែមទៀត ដើម្បីលើកកម្ពស់ជីវភាពខេត្ត ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់ គឺជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជា ឈានឡើងឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ “ ។
លោកហ៊ីដេតូយ៉ា តេរ៉ានិស៊ិ (Hidetoya Teranishi) អគ្គនាយករងនៃក្រុមហ៊ុន Zo Future Group និងជានាយកប្រតិបត្តិក្រុមហ៊ុនហ្សូ ម៉ូធ័រ (Deputy CEO of Zo Future Group and Executive Director of ZO Motors) តំណាងក្រុមហ៊ុន ZO MOTOR (CAMBODIA) CO., LTD បានឡើងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបើកការដ្ឋាននេះថា ការបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី ហ្សូ ម៉ូធ័រ ខេមបូឌា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍក្រុមហ៊ុន និងជាចំណុចចាប់ផ្តើមមួយនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសម្ព័ន្ធក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់។ ក្រុមហ៊ុនហ្សូ ម៉ូធ័រ មានដើមកំណើតនៅប្រទេសជប៉ុន បច្ចុប្បន្នកំពុងពង្រីកសាខារបស់ខ្លួនទៅជុំវិញពិភពលោក ដោយពឹងផ្អែកលើបច្ចេកវិទ្យាទំនើប សមត្ថភាពស្រាវជ្រាវខ្ពស់ និងខ្សែចង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោក ដែលពួកយើងកំពុងមាន ក្នុងទស្សនវិស័យដើម្បីឲ្យក្លាយទៅជាក្រុមហ៊ុនប្រើប្រាស់អគ្គិសនីសម្រាប់អាជីវកម្មឈានមុខគេបំផុតនៅក្នុងពិភពលោក ។ ក្រោមអនុសាសន៍ដ៏ត្រឹមត្រូវរបស់ក្រសួងរ៉ែ និងថាមពល រួមជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាល មូលដ្ឋានខេត្តពោធិ៍សាត់ រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS សាខាកម្ពុជា បានលេចរូបរាងមុនគេ ក្នុងចំណោមសាខាផ្សេងៗទៀតនៅទូទាំងពិភពលោក ហើយនេះគឺជាទំព័រប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់ ZO MOTORS ។ ក្រុមហ៊ុនប្តេជ្ញា និងតាំងចិត្តយ៉ាងមោះមុតបំផុត ដើម្បីចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់វិស័យថាមពល និងជំរុញដំណើរការនៃការអភិវឌ្ឍន៍ថាមពលស្អាតប្រកបដោយនិរន្តរភាព។ ជាមួយគ្នានោះដែរ នឹងជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ហើយយើងជាក់ថា ក្រោមការអភិវឌ្ឍន៍ឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យភស្តុភារកម្មរបស់កម្ពុជា ក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ កម្ពុជានឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មកប្រែក្លាយជាការដឹកជញ្ជូនបែបថាមពលបៃតងយ៉ាងពេញលេញ ។ ជាសំណាងបំផុត ដែលក្រុមហ៊ុន ZO MOTORS បានមកកាន់កម្ពុជា ក្នុងពេលវេលាដ៏ស័ក្ដិសមមួយនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា ។
លោក ចាវ វិនប៉ (ZHAO WEN BO) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ZO MOTOR (CAMBODIA) CO., LTD បានថ្លែងថា ក្រុមហ៊ុន ZO MOTOR សូមលើកឡើងជាមួយនឹងគម្រោងស្ថានីយបញ្ចូលសម្រាប់រថយន្តអគ្គិសនីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយយើងឈរក្នុងទស្សនវិស័យរយៈពេល២ឆ្នាំ យើងនឹងធ្វើការសាងសង់ស្ថានីយបញ្ចូលថាមពលអគ្គិសនី គ្របដណ្ដប់ទូទាំងផ្លូវសំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតយ៉ាងពិតប្រាកដ ។ ជាមួយនឹងការលេចឡើងជាមួយនឹងរូបរាងរបស់រោងចក្រដំឡើងអគ្គិសនីរបស់ហ៊ុន ZO MOTOR ក៏ដូចជាគម្រោងបញ្ចូលថាមពលរបស់ក្រុមហ៊ុន ZO MOTOR យើងបាននាំមកជូនជាមួយនឹងប្រជាជនកម្ពុជាចំពោះឱកាសការងារចំនួនលើសពី២០០០កន្លែង ដែលគ្របដណ្ដប់ទៅលើគ្រប់ផ្នែកទាំងអស់ បូករួមទាំងវិស័យគ្រប់គ្រង វិស័យភ័ស្តុភារកម្ម វិស័យដំឡើងរថយន្តអគិ្គសនី ក៏ដូចជាវិស័យស្រាវជ្រាវផងដែរ ។ យើងជឿជាក់យ៉ាងមុតមាំថា ការលេចរូបរាងរបស់ក្រុមហ៊ុនពួកយើង គឺនឹងជួយជំរុញជាមួយនឹងសេដ្ឋកិច្ចកម្ពុជាយ៉ាងពិតប្រាកដ ។
ក្នុងសុន្ទរកថា សំណេះសំណាលកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ZO MOTOR (CAMBODIA) CO., LTD លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្តដឹកទំនិញ ដើរដោយថាមពលអគ្គិសនីលើកទី១ មកដល់ខេត្តពោធិ៍សាត់ លោកសូមថ្វាយការដឹងគុណជូនព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ សូមគោរពអរគុណសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការការពារទឹកដី នាំមកនូវសន្តិភាព និងការឯកភាពជាតិខ្មែរ។ លោកសូមឲ្យខ្មែរសាមគ្គីគ្នាក្រោមម្លប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ ដើម្បីសេចក្តីសុខ និងវឌ្ឍនភាពជាតិខ្មែរ ជាបន្ត ។ លោករដ្ឋមន្រ្តីថ្លែងថា រោងចក្រដំឡើងរថយន្តអគ្គិសនីដែលកំពុងបុកគ្រឹះសាងសង់នៅលើទឹកដីខេត្តពោធិ៍សាត់នេះ មិនមែនជារោងចក្រទី១របស់កម្ពុជាទេ តែរោងចក្រនេះ គឺជារោងចក្រទី១ ដែលដំឡើងរថយន្តដើរដោយអគ្គិសនី មិនប្រើប្រាស់ប្រេងមួយតំណក់ ។
លោកកែវ រតនៈ បានមានប្រសាសន៍ប្រាប់ប្រតិភូអ្នកសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចំនួន៣៧ស្ថាប័នថា “ តំបន់សេដ្ឋកិច្ចពិសេសនៅពោធិ៍សាត់នេះ មិនជាខុសអីច្រើនពីតំបន់សេដ្ឋកិច្ចពិសេសនៅបណ្ដាកន្លែងផ្សេងៗទូទាំងប្រទេសកម្ពុជាទេ ប៉ុន្តែអ្វីដែលជាលក្ខណៈដោយឡែករបស់តំបន់នេះ គឺថា យើងកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដែលប្រើដោយចំណេះវិជ្ជា ។ ឧទាហរណ៍ដូចជា រថយន្តរបស់អាមេរិកម៉ាកហ្វដ ដែលជាក្រុមហ៊ុនយក្សមួយរបស់អាមេរិក របស់ពិភពលោក ហើយធ្វើការដំឡើងរថយន្ត Pick up Everest នៅនេះ ។ ដូច្នេះឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយ ដែលយើងទាក់ទាញមកបានប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញរោងចក្រផលិតខ្សែកាបអគ្គិសនី កំពុងតែផលិតរាល់ថ្ងៃនេះ ដែលយើងអូសខ្សែភ្លើងទៅកន្លែងមួយចំនួននោះ យើងកំពុងតែទិញខ្សែភ្លើង ខ្សែកាបហ្នឹងចេញពីរោងចក្រនេះ ហើយការឈានធ្វើប្រអប់កុងទ័រភ្លើងចែកចាយអីអ៊ីចឹងជាដើម ហើយក៏មានការដាក់ដំឡើងរោងចក្រនៅទីនេះ សម្រាប់ផលិតឧបករណ៍អគ្គិសនី ដូចជាទូចែកចាយអគ្គិសនី ដូចជាការប្រើប្រាស់បណ្ដាញជាតិមួយចំនួន ពាក់ព័ន្ធនឹងការចែកចាយអគ្គិសនី ។ ដូច្នេះថ្ងៃនេះ ឧទាហរណ៍មួយទៀត ដែលយើងចាប់ផ្ដើមទាក់ទាញបាននូវក្រុមហ៊ុនហ្សូ ម៉ូទ័រ នេះ ដែលជាក្រុមហ៊ុនចិន ជប៉ុន ហើយមានទីស្នាក់នៅតូក្យូ និងនៅអាមេរិក ដែលដំឡើងរថយន្តដឹកជញ្ជូនភស្ដុភារដើរដោយអគ្គិសនី សាកអាគុយ ដើរដោយអគ្គិសនី ដែលជាប្រភេទទំនើប និងប្រើអស់លុយតិចជាងការប្រើប្រាស់ម៉ាស៊ូត ហើយនិងសាំង ហើយនិងមិនមានការបញ្ចេញផ្សែង បំពុលបរិស្ថាន “ ។
លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍បន្តថា “ ដូច្នេះនេះជាមោទនភាពរបស់តំបន់នេះ ហើយខែក្រោយ គឺមានការបើកការដ្ឋានសាងសង់រោងចក្រអេឡិកត្រូនិករបស់ជប៉ុន មីនីបៀ (Minebea) ដែលបច្ចុប្បន្ននេះកំពុងតែមានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចហើយ ប៉ុន្តែដោយសារមានការរីកចម្រើនរបស់រោងចក្រ ក្រុមហ៊ុន ដោយសារឃើញសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់ និងគោលនយោបាយទាក់ទាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តពីសម្ដេចតេជោ ហ៊ុន សែន រោងចក្រនេះបានសម្រេចពង្រីកវគ្គទី២ ហើយជ្រើសរើសយកខេត្តពោធិ៍សាត់ ។ ថ្វីត្បិតតែឆ្ងាយបន្តិច ប៉ុន្តែទីតាំងនេះ គឺជាទីតាំងប្រកបដោយការទាក់ទាញមួយ ដោយសារប្រជាពលរដ្ឋនៅខេត្តនេះឱបសន្តិភាពជាគោល មិនចូលចិត្តហែកហួរគ្នា ជេរគ្នាទេ គឺយកសន្តិភាពជាគោល ។ ប្រជាពលរដ្ឋលើសលប់ បោះឆ្នោតគាំទ្រសម្ដេចហ៊ុន សែន បោះឆ្នោតគាំទ្រសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ភ្លូកទឹក ភ្លូកដី គ្រប់អាណត្តិ ។ អ៊ីចឹងក្រុមហ៊ុនគេឃើញសន្តិភាព គេឃើញអត្តចរិត ចង់ធ្វើការ ចង់បានការងារធ្វើ ចង់រៀនសូត្រ គេមក ហ្នឹងជាលក្ខណៈដោយឡែករបស់តំបន់នេះ ។ នៅទីនេះ មានទីតាំងដីជាង១០០ហិកតារ មិនធំទេ ប៉ុន្តែដូចខ្ញុំលើកអ៊ីចឹង យើងខិតខំ select យកក្រុមហ៊ុនដែលឲ្យតម្លៃបន្ថែមខ្ពស់ ហើយមីនីបៀ របស់ជប៉ុន សាងសង់លើដី៥០ហិកតារ ហ្សូ ម៉ូទ័រ នេះ រថយន្តនេះ គឺក្នុងដី១០ហិកតារ ។ សម្រាប់ដំណាក់កាលទី១ ផលិតបាន៣០០០គ្រឿង ដើម្បីប្រើប្រាស់ក្នុងស្រុក និងនាំទៅទីផ្សារអាស៊ាន ហើយបើសិនជាសេដ្ឋកិច្ចយើងនៅតែបន្តល្អ បើសិនប្រជាពលរដ្ឋយើងនៅតែបន្តរក្សាសន្តិភាព និងឯកភាពជាតិ គេអាចផលិតដល់១ម៉ឺនគ្រឿង ថ្ងៃក្រោយ ហើយអាចធ្វើតុកតុក ប្រើដោយអគ្គិសនីផងដែរ ។ នេះជាបញ្ហាសំខាន់របស់កន្លែងហ្នឹង… “ ៕