អាមេរិក៖ បណ្តាញព័ត៌មានបរទេសផ្សាយថាយ៉ាងហោចណាស់មានមនុស្ស១៨៨.០០០នាក់ត្រូវបានជម្លៀសចេញពីបណ្តាទីក្រុងមួយចំនួនដែលស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាបន្ទាប់ពីប្រព័ន្ធទំនប់ទឹកដ៏ធំមហាសាល Oroville រងការខូចខាតនៅត្រង់ផ្លូវបង្ហៀរទឹកចេញ។
តាមដែលគេដឹងមកថាទំនប់ទឹកនេះជាទំនប់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតរបស់សហរដ្ឋអាមេរិកនៅសេសសល់នៅគ្មានការខូចខាតមកដល់ពេលនេះ។ ប៉ុន្តែផ្លូវបង្ហៀរទឹកដែលជួយធានាបានថាកម្រិតទឹកមិនឡើងដល់កម្រិតកំពូលនៃទំនប់នោះនៅពេលដែលកម្រិតវាខ្ពស់គឺបាននិងកំពុងហូរច្រោះកាលពីថ្ងៃអាទិត្យ ។
ការហូរច្រោះនេះបានជំរុញឲ្យកើតមានក្តីបារម្ភថាវាអាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់បណ្តាសហគមដែលរស់នៅក្រោមខ្សែទឹកនៃទំនប់នោះ ហើយវាថែមទាំងនាំឲ្យមានការជម្លៀសប្រជាជនដែលស្ថិតនៅតាមបណ្តាទីក្រុងនានាក្បែរបឹង Oroville និងតំបន់នានាដែលរងផលប៉ះពាល់ទៀតផង ។
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ាលោក Jerry Brown ក៏បានចេញបទបញ្ជាដាក់រដ្ឋស្ថិតក្នុងការប្រកាសអាសន្នផងដែរដើម្បីជួយដល់អាជ្ញាធរក្នុងស្រុកក្នុងស្ថានការណ៍អាសន្នក៏ដូចជាការជម្លៀសប្រជាជននៅទីនោះផងដែរ ។
ទោះជាយ៉ាងណា ក្នុងរង្វង់ម៉ោង៣រសៀលក្នុងស្រុក អាជ្ញាធរបានសិក្សាឃើញថាផ្លូវបង្ហៀរទឹករបស់ទំនប់ថ្មីៗនេះបានរងការខូចខាតនិងមានរន្ធមួយក្នុងនោះហើយបាននិងកំពុងហូរច្រោះទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា