ប្រទេសចិន ៖ កងទ័ពចិន បានធ្វើសមយុទ្ធយោធា ដោយប្រើគ្រាប់ពិត នៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីបានបញ្ជូនយន្តហោះល្បាត ដើម្បីតាមដានស្ថានភាពព្រំដែន ក្នុងរដ្ឋយូណាន ភាគខាងត្បូងប្រទេសចិន ជាប់រដ្ឋសាន ភាគខាងជើងភូមា។
តាមប្រភព globaltimes បានឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ថា បញ្ជាការភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធា និងទ័ពអាកាសរួមគ្នា ដោយប្រើគ្រាប់ពិត នៅតាមបណ្តោយតំបន់យូណាន ភាគនិរតីរបស់ប្រទេសចិន ជាប់ព្រំដែនរដ្ឋសាន ភូមា ភាគខាងជើង ចន្លោះថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីសាកល្បងសមត្ថភាពរបស់យោធាចិន ក្នុងការការពារព្រំដែន។
សមយុទ្ធយោធារួមគ្នា រវាងកងទ័ពអាកាស និងកងទ័ពជើងគោកចិន បានកើតឡើងបន្ទាប់ពី អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីបញ្ជាការភាគខាងត្បូងរបស់យោធាចិន បានរៀបចំការល្បាតជើងគោក និងជើងអាកាសរួមគ្នានៅជិតព្រំដែនយូណាន ជាប់ប្រទេសភូមា ដើម្បីរក្សាសន្តិ សុខ និងស្ថិរភាពរបស់ប្រទេសចិន។
អ្នកជំនាញ បានវិភាគថា មូលហេតុដែលកងទ័ពចិន ធ្វើសមយុទ្ធដោយប្រើគ្រាប់ពិត ដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិលនៅភាគខាងជើងភូមា រាលដាលពាសពេញព្រំដែនចិន ខណៈពេលដែលក្រុមជនជាតិភាគតិច និងក្រុមចម្រុះប្រឆាំងរដ្ឋាភិបាលភូមា បានវាយប្រហាររដ្ឋសាន តាំងពីចុងឆ្នាំមុន និងអាចកាន់កាប់តំបន់ធំមួយ ក្នុងរដ្ឋសាន នៃប្រទេសភៅមា៕