ហ្វីលីពីន ៖ ព្យុះយ៉ាហ្គិ (Yagi) បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង បាក់ដី និងទឹកជំនន់ នៅភាគខាងជើងប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ៩នាក់ ។
តាមប្រភពទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ថា ព្យុះយ៉ាគិ បណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ នៅភាគខាងជើងប្រទេសហ្វីលីពីន ស្លាប់មនុស្ស យ៉ាងតិច ៩នាក់ និងបង្ខំឱ្យអាជ្ញាធរបិទសាលារៀន និងភ្នាក់ងាររដ្ឋាភិបាល នៅក្នុងតំបន់ Metro Manila ។
យោងតាមការិយាល័យឧតុនិយមហ្វីលីពីន ព្យុះយ៉ាហ្គិ កំពុងរំកិលទៅភាគឦសាន មានចម្ងាយ ១១៥គីឡូម៉ែត្រ ពីទីក្រុងអ៊ីនហ្វានតា (Infanta) ក្នុងខេត្តកេហ្សូន (Quezon) ឬភាគអាគ្នេយ៍ នៃទីក្រុងម៉ានីល នៅថ្ងៃត្រង់ ថ្ងៃទី០២ ខែកញ្ញា ម៉ោងក្នុងស្រុក ជាមួយនឹងល្បឿនខ្យល់អតិបរមា ៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់ ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ការិយាល័យឧតុនិយម បានព្រមានថា ទឹកជំនន់ភ្លាមៗ និងការបាក់ដី អាចនឹងកើតឡើងនៅតំបន់ភ្នំ។
បើតាមមន្ត្រីសង្គ្រោះគ្រោះមហន្តរាយ ការបាក់ដី បានវាយប្រហារខ្ទមពីរ នៅលើភ្នំមួយ ក្នុងទីក្រុងអង់ទីប៉ូឡូ (Antipolo) ខេត្តរីហ្សាល (Rizal) បណ្តាលឲ្យមនុស្សយ៉ាងតិច ៣នាក់ បានស្លាប់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ និងអ្នកភូមិ ៤នាក់ផ្សេងទៀត បានលង់ទឹកស្លាប់ ក្នុងទឹកហូរហៀរច្រាំងទន្លេ។
អ្នកនាំពាក្យប៉ូលិសជាតិហ្វីលីពីន បាននិយាយថា មនុស្ស ២នាក់ទៀត បានស្លាប់ និង ១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាក់ដី ដែលបណ្តាលមកពីព្យុះ និងទឹកជំនន់។
ការព្រមានអំពីព្យុះ ត្រូវបានចេញសម្រាប់ផ្នែកខ្លះនៃតំបន់លូហ្សូន (Luzon) ដែលជាតំបន់មានប្រជាជនច្រើន ជាងគេ របស់ប្រទេសហ្វីលីពីន រួមទាំងនៅក្នុងតំបន់មេត្រូ ម៉ានីឡា (Metro Manila) សាលារៀននៅគ្រប់ កម្រិត និងការិយាល័យរដ្ឋាភិបាលភាគច្រើន ត្រូវបានបិទដោយសារព្យុះភ្លៀង។ ចំណែកតំបន់តាមបណ្តោយទន្លេម៉ារីគីណា (Marikina) ជាយក្រុង មេត្រូ ម៉ានីឡា ស៊ីរ៉ែនព្រមាន ត្រូវបានបន្លឺឡើងនៅពេលព្រឹក ព្រមានប្រជាជនរាប់ពាន់នាក់ ឱ្យត្រៀមខ្លួនជម្លៀសចេញ ក្នុងករណីដែលកម្ពស់ទឹកទន្លេ បន្តហក់ឡើងហៀរច្រាំងទន្លេ ដោយសារភ្លៀងធ្លាក់ខ្លាំង។
បុគ្គលិកឆ្មាំសមុទ្រ នៅខេត្តកាវីត (Cavite) ភាគខាងត្បូងទីក្រុងម៉ានីល និងនៅតំបន់កណ្តាលនៃប្រទេស បានត្រៀមទូក និងខ្សែពួរ ដើម្បីជួយសង្គ្រោះ និងជម្លៀសអ្នកភូមិរាប់សិបនាក់ ដែលលិចលង់ក្នុងទឹកជំនន់ ពីចង្កេះដល់ទ្រូង។
ការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅក្នុងកំពង់ផែជាច្រើន ដែលរងផលប៉ះពាល់ដោយព្យុះ។ អ្នកដំណើរ និងកម្មករដឹកទំនិញ ជាង ៣៣០០ នាក់ ត្រូវបានជាប់គាំងនៅលើកោះ ហើយជើងហោះហើរក្នុងស្រុកជាច្រើន ត្រូវបានផ្អាក។
ប្រភពខាងលើ បន្តថា ភ្លៀងធ្លាក់ខ្លាំង បានបង្កើនកម្រិតទឹកនៅក្នុងទំនប់អាយប៉ូ (Ipo) ក្នុងខេត្ត ប៊ូឡាកាន (Bulacan) ភាគខាងជើងនៃទីក្រុងម៉ានីល បានកើនឡើងរហូតដល់ជិតដល់កម្រិតប្រកាសអាសន្ន បង្ខំឱ្យអាជ្ញាធរបញ្ចេញទឹកក្នុងបរិមាណតិចតួច នៅរសៀលថ្ងៃទី០២ ខែកញ្ញា។ មន្ត្រីដដែល បន្តថា វានឹងមិនបង្កគ្រោះថ្នាក់ដល់ភូមិនៅខាងក្រោមនោះទេ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង និងព្យុះស៊ីក្លូន ប្រមាណ ២០ បានវាយប្រហារប្រទេសហ្វីលីពីន ជារៀងរាល់ឆ្នាំ ជាពិ សេសព្យុះស៊ីក្លូន ហៃយៀន នៅឆ្នាំ២០១៣ ជាព្យុះមួយ ក្នុងចំណោមព្យុះត្រូពិកខ្លាំងបំផុត ដែលមិនធ្លាប់មានកត់ត្រាទុក ដែលបានបណ្តាលឲ្យមនុស្សជាង ៧៣០០នាក់ ត្រូវបានសម្លាប់ ឬបាត់ខ្លួន ដោយបានបំផ្លាញភូមិជា ច្រើន ហើយមនុស្សជាង ៥លាននាក់ ត្រូវគ្មានផ្ទះសម្បែង នៅកណ្តាលប្រទេសហ្វីលីពីន៕