ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ ប្រចាំនៅច្រកទ្វារក្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនកម្មករអូសរទេះ ប្រុសស្រី ២នាក់ យកទៅសាកសួរ បន្ទាប់ពីសង្ស័យបានអូសរទេះដឹកគ្រឿងញៀន ចំនួន ៣វ៉ាលិស បម្រុងឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារខាងលើ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សេចក្តីរាយការណ៍ បានឱ្យដឹងថា មុនកើតហេតុ មានជនជាតិថៃ ម្នាក់ បានបើករថយន្ត ១គ្រឿង មកចតនៅចំ ណតរថយន្តជិតផ្សាររោងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ រួចហើយបានមកហៅស្ត្រីម្នាក់ ជាកម្មករអូសរទេះ ដើម្បីដាក់វ៉ាលិស ចំនួន៣ ទើបស្ត្រីជាកម្មករខ្មែរ បានដើរ តម្រង់ទៅរថយន្តនិងអីវ៉ាន់ (វ៉ាលិស) ដើម្បីលើកដាក់លើរទេះ។ ដោយឡែកម្ចាស់ទំនិញ បានដើរទៅបាត់ ខណៈនោះ ស្ត្រីកម្មករជាម្ចាស់រទេះ បានលើកវ៉ាលិស ម្តងមួយៗ ដាក់លើរទេះ តែលើកមិនរូច ក៏ហៅកម្មករប្រុសម្នាក់ទៀត មកជួយលើក តែនៅតែលើកមិនរួចដដែល ក៏កើតមានការសង្ស័យ បានឆែកមើលឃើញកញ្ចប់ដុំៗជាច្រើនដុំ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះ មកឆែកឆេរមើល។ បន្ទាប់ពីរាយការណ៍ប្រាប់សមត្ថកិច្ចរួចរាល់ហើយ សមត្ថកិច្ចជំនាញថៃ បានមកឆែក ឆេរក្នុងវ៉ាលិស ក៏បានឃើញគ្រឿងញៀនជាច្រើន ក្នុងវ៉ាលិសនីមួយៗ ទើបធ្វើការឃាត់ខ្លួនកម្មករប្រុសស្រីទាំង២នាក់ ដើម្បីសាកសួរលម្អិតពីបញ្ហាគ្រឿងញៀន ខាងលើនេះ។
សេចក្តីរាយការណ៍ បានបន្ថែមថា ជនសង្ស័យដែលដឹកវ៉ាលិស មកហៅឱ្យកម្មករអូសរទេះដឹកនោះ គឺជាជន ជាតិថៃ មានប្រពន្ធជាជនជាតិខ្មែរ។ ចំណែកគ្រឿងញៀន ចំនួន៣វ៉ាលិសខាងលើ មានទម្ងន់សរុបប្រមាណ ២០០គីឡូក្រាម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បុរសជាកម្មករជួយលើកគ្រឿងញៀន ត្រូវបានសមត្ថកិច្ចដោះលែងមកវិញហើយ។ ចំណែកស្ត្រីជាម្ចាស់រទេះ សមត្ថកិច្ចមិនទាន់ដោះលែងនៅឡើយ។ ចំពោះបុរសជនជាតិថៃ ជាជន សង្ស័យនោះ សមត្ថកិច្ចថៃ កំពុងតែស្រាវជ្រាវបន្ត៕