បាងកក (ថៃ) ៖ តាមប្រភពបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ មានសមាជិក៣៦រូប ក្នុងនោះ ៨រូប ជាស្ត្រី រួមទាំងនាយករដ្ឋមន្ត្រី។
អាយុជាមធ្យម នៃគណៈរដ្ឋមន្ត្រីថ្មីនេះ គឺ ៥៧ឆ្នាំ។ អាយុតិចជាងគេ អាយុ ៣៧ឆ្នាំ គឺលោកស្រី ជិរ៉ាផន ស៊ិនឌុប្រៃ (Jiraporn Sindhuprai) រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី)។ អាយុចាស់ជាងគេ៧៦ឆ្នាំ គឺលោក Chousak Sirinil រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី)។
ប្រាក់ខែ ៖
– នាយករដ្ឋមន្ត្រី ៖ ១២៥ ៥៩០បាត
– ឧបនាយករដ្ឋមន្ត្រី ៖ ១១៩ ៩២០បាត
– រដ្ឋមន្ត្រី ៖ ១១៥ ៧៤០បាត
– អនុរដ្ឋមន្ត្រី ៖ ១១៣ ៥៦០បាត។
គណៈរដ្ឋមន្ត្រីថ្មី ជាស្ត្រី ទាំង៨រូប រួមមាន ៖
១- លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (PAETONGTARN SHINAWATRA) នាយករដ្ឋមន្ត្រី (គណបក្សភឿថៃ)
២- លោកស្រី ជិរ៉ាផន ស៊ីនឌុប្រៃ (JIRAPORN SINDHUPRAI) រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្រ្តី (គណបក្សភឿថៃ)
៣- លោកស្រី ស៊ុដាវ៉ាន់ វ៉ាង-សុភកិច្ចកុសល (SUDAWAN WANG- SUPHAKIJKOSOL) រដ្ឋមន្ត្រីក្រសួងវប្បធម៌ (គណបក្សភឿថៃ)
៤- លោកស្រី ណារុម៉ុន ភិនីយ៉ូស៊ីនវ៉ាត់ (NARUMON PINYOSINWAT) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ (គណបក្សខ្លាធម្មា)
៥- លោកស្រី ស៊ុផាម៉ាស ឥស្សរភក្តី (SUPAMAS ISARABHAKDI) រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (គណបក្ស ភូមិចៃថៃ)
៦- លោកស្រី ម៉ាណាផន ច:រើនស៊្រី (MANAPORN CHAROENSRI) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន (គណបក្សភឿថៃ)
៧- លោកស្រី ធីរ៉ារ៉ាត់ សាំរេតវ៉ានិត (THEERARAT SAMREJVANICH) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (គណបក្សភឿថៃ)
៨- លោកស្រី សាប៊ីដា ថៃសេដ (SABEEDA THAISED) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (គណបក្ស ភូមិចៃថៃ)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមហាក្សត្រថៃ បានប្រោសប្រទានពរជ័យដល់រាជរដ្ឋាភិបាលថ្មី និងបានផ្តល់ការលើកទឹកចិត្ត និងការតាំងចិត្តធ្វើដើម្បីប្រយោជន៍រួម។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ទី៣១ បានដឹកនាំគណៈរដ្ឋមន្ត្រីថ្មី ទៅចូលរួមពិធីស្បថចូលកាន់តំណែង នៅព្រះបរមរាជវាំង ។
ចំណែកលោក វ៉ាន មហាម៉ាដ ណ ម៉:ថា (Wan Muhammad Noor Matha) ប្រធានសភាតំណាងរាស្រ្តថៃ បានបញ្ជាក់ថា មានការសម្របសម្រួលពីរដ្ឋាភិបាល ចង់បើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋា ភិបាលនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ ត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានរដ្ឋសភាថៃ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីអតីត នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រី ភ្លាមៗ៕ ខៀវទុំ