Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិមនុស្សស្លា.../ប់ កើ.../នដល់១២៧នាក់ ដោយព្យុះ.../ទីហ្វុងយ៉ាហ្គិ នៅវៀតណាម

មនុស្សស្លា…/ប់ កើ…/នដល់១២៧នាក់ ដោយព្យុះ…/ទីហ្វុងយ៉ាហ្គិ នៅវៀតណាម

ហាណូយ (វៀតណាម) ៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង យ៉ាហ្គិ (Yagi) ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១២៧នាក់ ខណៈទឹកជំនន់ខ្លាំង បានកើតឡើងនៅក្នុងខេត្តមួយចំនួន រហូតមនុស្សត្រូវឡើងលើដំបូលផ្ទះ ដើម្បីរង់ចាំជំនួយ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដោយសារព្យុះទីហ្វុង យ៉ាហ្គិ ដែលបានផ្លាស់ទីចូលទៅក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ចាប់តាំងពីថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឲ្យមនុស្សយ៉ាងតិច ១២៧នាក់បានស្លាប់ និង ៥៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន គិតត្រឹមល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤ បន្ទាប់ពីព្យុះទីហ្វុងនេះ បន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ និងការបាក់ដី។

ព្យុះទីហ្វុង យ៉ាហ្គិ (Yagi) គឺជាព្យុះដ៏ខ្លាំងបំផុតដែលប្រទេសវៀតណាម បានជួបប្រទះ ក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ ដោយបានធ្វើឱ្យខូចខាតដល់ស្ពាន និងធ្វើឱ្យដំបូលផ្ទះសម្បែង និងរោងចក្រជាច្រើន ត្រូវបានខ្យល់បក់ប៉ើង។ ដើមឈើ និងបង្គោលភ្លើងជាច្រើន បានដួលរលំ រហូតដល់ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ដល់មនុស្សជាង ១,៥លាននាក់ និងបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីនៅកន្លែងជាច្រើន។

ព្យុះយ៉ាហ្គិ បានចុះខ្សោយទៅជាព្យុះត្រូពិក កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះ បានធ្វើឲ្យស្ពាន ផុង ចៅ (Phong Chau) ដែលជាស្ពានឆ្លងកាត់ទន្លេក្រហមក្នុងខេត្តភូថូ (Phu Tho) ដែលមានអាយុ ៣០ឆ្នាំ បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ កាលពីថ្ងៃចន្ទ ទី០៩ ខែកញ្ញា រួមជាមួយនឹងរថយន្តជាច្រើន បានធ្លាក់ទឹក ហើយមកទល់ពេលនេះ នៅមានមនុស្ស៨នាក់ បាត់ខ្លួន។

ខេត្តថៃង្វៀន (Thai Nguyen) និងខេត្តយេនបៃ (Yen Bai) ភាគខាងជើងប្រទេសវៀតណាម បានរងការវាយ ប្រហារដោយទឹកជំនន់យ៉ាងខ្លាំង នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ដោយផ្ទះមួយជាន់ បានលិចទឹកស្ទើរតែទាំងស្រុង។ មនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅលើដំបូលផ្ទះ ហើយជាប់គាំង។ មនុស្សមួយចំនួន បានបង្ហោះសារនៅលើបណ្តាញសង្គម សុំជំនួយ។

ថ្មីៗនេះ អាជ្ញាធរវៀតណាម ត្រូវចេញការព្រមានអំពីទឹកជំនន់ និងការបាក់ដី នៅក្នុងសហគមន៍ចំនួន ៤០១ នៅទូទាំងខេត្តចំនួន ១៨ ក្នុងតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម។

បន្ថែមពីលើអ្នកស្លាប់ និងបាត់ខ្លួនខាងលើ ក្រសួងកសិកម្មវៀតណាម បាននិយាយកាលពីថ្ងៃទី១០ ខែកញ្ញា ថាយ៉ាងហោចណាស់មនុស្ស ៧៥២នាក់ទៀត បានរងរបួស ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង យ៉ាហ្គិ នៅក្នុងប្រទេសវៀតណាម៕ ខៀវទុំ

RELATED ARTICLES