សុីរី៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស៦០នាក់ត្រូវបានសម្លាប់និង១០នាក់ផ្សេងទៀតរងរបួសកាលពី៦ថ្ងៃមុនដោយសារកងទ័ពតួកគីបានបាញ់កាំភ្លើងធំផ្លោងចូលទីក្រុងអាល់បាបប្រទេសស៊ីរី ក្រោមរូបភាពជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ី ស្លាមដែលគ្រប់គ្រងក្រុងដ៏សំខាន់នៃភាគខាងជើងប្រទេសនេះ ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន១៣នាក់ជាកុមារ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានថ្លែងថាការប្រយុទ្ធរឹតតែខ្លាំងឡើងនេះនៅតែកំពុងបោកបក់រវាងកងកម្លាំងតួកគីនិងក្រុមឧទ្ទាមស៊ីរីដែលបានចងសម្ព័ន្ធមិត្តនៅខាងភាគីក្រុមអាយស៊ីសក្នុងទីក្រុងនេះ ខណៈដែលកងកម្លាំងតួកគីដណ្តើមបានតំបន់ជាច្រើនក្នុងផ្នែកខាងលិចក្រុង។
ម្យ៉ាងទៀតក្រុមអាយស៊ីសនៅតែគ្រប់គ្រងតំបន់ធំៗក្នុងក្រុងអាល់បាបដដែលត្បិតតែការពិតនោះគឺថាកងទ័ពតួកគីនិងក្រុមឧទ្ទាមបានរុលទៅដល់ជាយក្រុងបីខែមកហើយយ៉ាងណាក្តី ។
ស្របពេលដែលកងកម្លាំងតួកគីវាយលុកលើក្រុមអាយស៊ីសពីផ្នែកខាងជើង ខាងលិច និងខាងកើតក្រុង ទាហានស៊ីរីថ្មីៗនេះទទួលបានជោគជ័យក្នុងការឡោមព័ទ្ធក្រុងអាល់បាបពីជ្រុងខាងត្បូងនៃក្រុងនេះ ។
ទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សខាងលើបានថ្លែងថាការវាយប្រហារលើក្រុងអាល់បាបត្រូវបានសម្របសម្រួលរវាងរុស្ស៊ីនិងតួកគីរហូតដល់ថ្មីៗនេះកងទ័ពស៊ីរីបានប៉ះទង្គិចជាមួយនិងក្រុមឧទ្ទាមEuphrates Shield ក្បែរក្រុង។
គួរបញ្ជាក់ថាកងទ័ពតួកគីដណ្តើមបានផ្នែកខាងជើងក្រុងនិងកាត់ផ្តាច់ផ្លូវដែលប្រឈមនឹងការកើនឡើងនៃឥទ្ធិពលរបស់ពួកឃឺតក្នុងតំបន់ភាគខាងជើងស៊ីរីទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា