មីយ៉ាន់ម៉ា ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាហ្គិ (Yagi) ក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) បណ្តាលឲ្យមនុស្សចំនួន ១១៣នាក់ និង៦៤នាក់ផ្សេងទៀត បាត់ខ្លួន។
នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកហ្សាវ មីងទុន (Zaw Min Tun) អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា អាជ្ញាធរបានបញ្ជាក់ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបាក់ដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានចំនួន ១១៣នាក់ និង ៦៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ខណៈទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សជាង ៣២ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។បើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងកំពុងប៉ះពាល់ដល់តំបន់ជា ច្រើននៅតំបន់ភាគកណ្តាលនៃប្រទេស រួមមានរដ្ឋកាយ៉ាហ៍ (Kayah) រដ្ឋ កាយីន (Kayin) តំបន់ម៉ែនដា ឡាយ (Mandalay), រដ្ឋម៉ុន (Mon) និងរដ្ឋសាន (Shan) ដោយផ្ទះសម្បែងជិត ៦៦ ០០០ខ្នង ត្រូវបានបំផ្លាញ ក៏ដូចជាសាលារៀន និងវត្តអារាម ចំនួន ៣៧៥ ខូចខាត និងផ្លូវប្រវែងជាច្រើនគីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង ទៀត ត្រូវបំផ្លាញដោយទឹកជំនន់។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីខ្ពស់ជាងតួ លេខដែលចេញផ្សាយដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយបញ្ជាក់ថា មានអ្នកស្លាប់ដល់ទៅ ១៦០នាក់ ហើយសម្រាប់គណនីអ្នកប្រើបណ្ដាញសង្គម អ្នកគាំទ្ររដ្ឋាភិបាលយោធា បានផ្សាយថា នៅក្នុងតំបន់ម៉ែនដាឡាយ (Mandalay) តែមួយ មានមនុស្ស ២៣០នាក់បានស្លាប់។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន NHK របស់ប្រទេសជប៉ុន បានរាយការណ៍ថា មនុស្សជាង ១២០នាក់ បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រទេសមីយ៉ាន់ម៉ា បានរងគ្រោះដោយព្យុះយ៉ាហ្គិ ដែលជាជាព្យុះទីហ្វុងខ្លាំងបំផុត បានវាយប្រហារអាស៊ី ក្នុងឆ្នាំនេះ ក្នុងនោះរួមមាន ប្រទេសហ្វីលីពីន កោះហៃណាន របស់ចិន វៀតណាម ឡាវ បណ្តាលឱ្យមនុស្សយ៉ាង តិច ២៨៧នាក់ បានស្លាប់ ទោះបីជាវាចុះខ្សោយ បន្ទាប់ពីចូលដល់ប្រទេសវៀតណាម ក៏ដោយ៕