ណៃពិដោ (មីយ៉ាន់ម៉ា) ៖ ទឹកជំនន់ដ៏ធំ នៅមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សស្លាប់ កើនដល់ ២២៦នាក់ និងដំណាំរាប់សែនហិកតារ រងការខូចខាត។
នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្ហើបឱ្យដឹងពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេស ដោយសាឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាហ្គិ (Yagi) បានកើនឡើងដល់ ២២៦នាក់ ហើយមនុស្សជិត ៨០នាក់ នៅតែបាត់ខ្លួន។
ព្យុះទីហ្វុង យ៉ាហ្គិ បានបោកបក់មកលើប្រទេសហ្វីលីពីន កោះហៃណាន របស់ចិន និងវៀតណាម កាលពីជិត ២សប្តាហ៍មុន បន្ទាប់មក បានចុះខ្សោយទៅជាព្យុះត្រូពិក បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមនុស្សស្លាប់ សរុបជាង ៥០០នាក់ មកទល់ពេលនេះ។អង្គការសហប្រជាជាតិ បញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះនេះ បានលាតសន្ធឹងលើរដ្ឋនិងតំបន់ចំនួនប្រាំបួន ក្នុងប្រ ទេសមីយ៉ាន់ម៉ា រួមទាំងទីក្រុងណៃពិដោ តំបន់ម៉ែនដាឡាយ នៅភាគខាងជើង តំបន់ម៉ាកវេ នៅភាគខាងលិច និងតំបន់បាហ្គោ នៅភាគខាងត្បូង ទឹកដីទាំងអស់ ស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវឌី (Irrawaddy) ទន្លេធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិ បាននិយាយថា នេះជាទឹកជំនន់ដ៏អាក្រក់បំផុត ដែលមីយ៉ាន់ម៉ា បានជួបប្រទះ ក្នុងរយៈ ពេលជាច្រើនឆ្នាំ។ មនុស្សប្រហែល ៦៣ ០០០នាក់ បានរងផលប៉ះពាល់ និងបណ្តាលឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា អំពាវនាវរកជំនួយអន្តរជាតិ។
នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះលោកសាស្រ្តាចារ្យ បណ្ឌិត Myo NYUNT ប្រធានកាកបាទក្រ ហមមីយ៉ាន់ម៉ា ដែលបានរងគ្រោះខ្យល់ព្យុះទីហ្វុង យ៉ាហ្គិ បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅជុំវិញរដ្ឋធានីណៃពិដោ ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានផលប៉ះពាល់ដល់ប្រជាជនប្រហែល ៦៣១ ០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧នាក់។
សារលិខិតរបស់ម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនលោកសាស្រ្តាចារ្យបណ្ឌិត Myo NYUNT ប្រធានកាកបាទក្រហមមីយ៉ាន់ម៉ា មានខ្លឹមសារថា «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំក្រៃលែង ដែលបានទទួលដំណឹងអំពីទឹកជំនន់ធ្ងន់ធ្ងរ នៅជុំវិញរដ្ឋធានីណៃពិដោ ដែលបណ្តាលមកពីខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គិ (Yagi) និងខ្យល់មូសុង ដែលធ្វើឱ្យប៉ះពាល់មនុស្សប្រហែល ៦៣១ ០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧ នាក់។ នៅក្នុងវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា ទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ខ្ញុំសូមបួងសួងឱ្យឆាប់ស្តារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមមីយ៉ាន់ម៉ា សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនមីយ៉ាន់ម៉ា ទាំងអស់ មានសុខភាពល្អ។
សូមលោកសាស្រ្តាចារ្យបណ្ឌិត មេត្តាទទួលយកនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ»៕