អ៊ីស្រាអែល ៖ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើលីបង់ ហើយតាមនេះការបញ្ជាក់របស់មេបញ្ជាការកងទ័ពអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសនេះ គឺជាការរៀបចំសម្រាប់ការបញ្ជូនទាហានចូលទៅក្នុងប្រទេសលីបង់ ដែលអាចកើតឡើងនាពេលអនាគត។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកឧត្តមសេនីយ៍ឯក ហឺរស៊ី ហាឡេវី (Hersi Halevi) មេបញ្ជាការកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ការវាយប្រហារតាមផ្លូវអាកាស នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ត្រូវបានធ្វើឡើងក្នុងការត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទ័ពជើងគោក ទៅក្នុងប្រទេសលីបង់ នាពេលអនាគត។
លោកឧត្តមសេនីយ៍ និយាយថា “អ្នកអាចឮយន្តហោះទាំងនោះ យើងមានការវាយប្រហារតាមផ្លូវអាកាស ពេញមួយថ្ងៃ។ នេះគឺដើម្បីត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទ័ពជើងគោក ទៅក្នុងប្រទេសលីបង់ នាពេលអនាគត ហើយដើម្បីបំផ្លាញហេសបូលឡាហ៍បន្ថែមទៀត»។
លោកឧត្តមសេនីយ៍ឯក ហឺរស៊ី ហាឡេវី បន្តថា “ថ្ងៃនេះ ក្រុមហេសបូលឡាហ៍ បានពង្រីកការវាយប្រហាររបស់ខ្លួន ហើយបន្ទាប់ពីនោះ ពួកគេនឹងទទួលបានការឆ្លើយតបដោយហិង្សា»។ លោកបានបន្តទៀតថា “ថ្ងៃនេះ យើងនឹងមិនបញ្ឈប់ឡើយ យើងនឹងវាយប្រហារតាមផ្លូវអាកាស ហើយបាញ់ពួកគេទាំងអស់។ គោលដៅគឺច្បាស់ គឺអនុញ្ញាតឲ្យប្រជាជននៅតំបន់ភាគខាងជើង ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។
លោកឧត្តមសេនីយ៍ឯក ហឺរស៊ី ហាឡេវី ក៏បានលាតត្រដាងដែរថា ដើម្បីសម្រេចបាននូវគោលដៅនោះ កងទ័ពកំពុងរៀបចំដំណើរការចល័តទ័ពចូលទឹកដីសត្រូវ ចូលភូមិដែលហេសបូលឡាហ៍ (Hezbollah) បានរៀបចំជាជំរំយោធាធំ។
ការលើកឡើងរបស់លោក ហាឡេវី ខាងលើនេះ បានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីក្រុម ហេសបូលឡាហ៍ អះអាង ពួកគេបានបាញ់មីសស៊ីល ទៅលើអ៊ីស្រាអែល ជាលើកដំបូង ដោយបានកំណត់គោលដៅទីស្នាក់ការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ម៉ូសសាដ ( Mossad) នៅជាយក្រុង តេលអាវីវ (Tel Aviv )។ ប៉ុន្តែអ៊ីស្រាអែល បានបាញ់តបត ហើយអាចរារាំងបាន និងបានបើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ជាច្រើន ក្នុងប្រទេសលីបង់។
ក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៥១នាក់ បានស្លាប់។
អង្គការសហប្រជាជាតិ បានបញ្ជាក់ថា មនុស្សជាង ៩០ ០០០នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានផ្លាស់ទីលំនៅ បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារដ៏ធំថ្មីមួយ នៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ បេកា វ៉ាលឡេយ៍ (Bekaa Valley)កាលពី ថ្ងៃចន្ទ កន្លងទៅ ហើយមានមនុស្សជាច្រើន ព្យាយាមធ្វើចំណាកស្រុកចេញពីទីក្រុងភាគខាងត្បូង ដើម្បីគេចសង្គ្រាម៕