អ៊ីស្រាអែល ៖ ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ថា កងទ័ពអ៊ីស្រាអែល បានអះអាថា ពួកគេបានបញ្ជូនកងទ័ព ទៅឡោមព័ទ្ធជំរំជនភៀសខ្លួន នៅចាបាលីយ៉ា (Jabalia) ភាគខាងជើងហ្គាហ្សាស្ទីព (Gaza Strip) ហើយមានប្រតិបត្តិការដ៏ធំមួយទៀត បន្ទាប់ពីឃើញសញ្ញាក្រុមហាម៉ាស់ (Hamas) កំពុងវិលត្រឡប់មកវិញ។
ទោះបីជាឥឡូវនេះ អ៊ីស្រាអែល កំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់ប្រទេសលីបង់ ហើយចាប់ផ្តើមវាយប្រហារក្រុមហេសបូលឡាហ៍ ក៏អ៊ីស្រាអែល បានបើកការវាយប្រហារឆ្លងព្រំដែន ជាបន្តបន្ទាប់ ប្រឆាំងនឹងពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា ហើយបានចាប់ផ្តើមកំណត់គោលដៅលើតំបន់ដែលពួកគេបានអះអាងពីមុនថាជាក្រុមហាម៉ាស់ ត្រូវតែកម្ចាត់ចោលទាំងស្រុង។
អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាស នៅភាគខាងជើងតំបន់ហ្គាហ្សា ពេញមួយយប់ពីថ្ងៃសៅរ៍ ទី០៥ ដល់ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០២៤ ដោយទាហានអ៊ីស្រាអែល បានអះអាងថា ពួកគេបានកំណត់គោលដៅឃ្លាំងអាវុធ ហេដ្ឋារចនាសម្ព័ន្ធក្រោមដី អង្គភាពភេរវករ និងហេដ្ឋារចនាសម្ព័ន្ធយោធា។
សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេបានរកឃើញវត្តមានរបស់សមាជិកក្រុមហាម៉ាស់ នៅក្នុងក្រុងចាបាលីយ៉ា រួមទាំងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកសាងឡើងវិញនូវសមត្ថភាពប្រតិ បត្តិការយោធានៅក្នុងតំបន់។ ដូច្នេះពួកគេបន្តប្រតិបត្តិការ កម្ទេចកងវរសេនាតូច អាល់-កាសសាម (Al-Qassam) របស់ក្រុមហាម៉ាស់ ដែលកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លា ប្រឆាំងនឹងទាហានអ៊ីស្រាអែល នៅភាគខាង ជើង។
មុនការវាយប្រហារនៅចាបាលីយ៉ា (Jabalia) អ៊ីស្រាអែល បានចេញការព្រមានដល់គ្រួសារជនជាតិប៉ាឡេស្ទីន ដើម្បីជម្លៀសចេញ។ ប៉ុន្តែអ្នកខ្លះបានសម្រេចចិត្តមិនចេញទៅណាទេ ព្រោះពួកគេចាត់ទុកថា គ្មានកន្លែងសុវត្ថិ ភាពនៅសេសសល់នៅតំបន់ហ្គាហ្សា នោះទេ៕